ម៉ៅ មុនីវណ្ណ នាំ​​សកម្មជន​​​មួយ​ក្រុម​ចូល​​រួម​ជាមួយ​​គណបក្ស​សិទ្ធិ​មនុស្ស

អតីត​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ចាម និង​ជា​​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ ព្រមទាំង​សកម្មជន​ជា​ថ្នាក់​ដឹកនាំ​ស្រុក​មួយ​ចំនួន បាន​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស។
ដោយ ដែន អយុធ្យា
2011-03-23
Share
ម៉ៅ មុនីវណ្ណ ៣០៥ លោក ម៉ៅ មុនីវណ្ណ ធ្វើ​សន្និសីទ​កាសែត​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១១។
RFA/Den Ayuthyea

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​តាកែវ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ បាន​ដឹកនាំ​សកម្មជន​គណបក្ស សម រង្ស៊ី ១៧​នាក់​នៅ​ខេត្ត​កំពង់ចាម និង​ពោធិ៍សាត់ មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ថ្នាក់​ស្រុក ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សិទ្ធិ​មនុស្ស លោក ម៉ៅ មុនីវណ្ណ បាន​ឲ្យ​ដឹង​ថា ការ​ចាកចេញ​ពី​គណបក្ស សម រង្ស៊ី ដោយសារ​តែ​ផ្ទៃ​ក្នុង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​មាន​គំនាប​គ្រួសារ​បក្ស​ពួក​និយម​ធ្ងន់ធ្ងរ​មិន​អាច​ដោះស្រាយ​បាន។ គ្រួសារ​និយម​ដែល​លោក ម៉ៅ មុនីវណ្ណ អះអាង​ថា បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​បែក​បាក់​ផ្ទៃក្នុង គឺ​មាន​គ្រួសារ​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី និង​គ្រួសារ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង។

ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ចាត់​ទុក​ការ​ចាកចេញ​របស់​លោក ម៉ៅ មុនីវណ្ណ និង​សកម្មជន​មួយ​ដំបស្វា​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស​ថា ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ​លោក សុន ឆ័យ បាន​ប្រតិកម្ម​ថា សកម្មជន​ទាំង​នោះ​មិន​គួរ​លើក​យក​បញ្ហា​ដែល​កើត​មាន​ផ្ទៃ​ក្នុង​គណបក្ស សម រង្ស៊ី យក​ទៅ​បក​ស្រាយ​ជា​សាធារណៈ​នោះ​ទេ។

កឹម សុខា ម៉ៅ មុនីវណ្ណ ៣០៥
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (ឆ្វេង) និង​លោក ម៉ៅ មុនីវណ្ណ ក្នុង​សន្និសីទ​​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​២៣ មីនា ឆ្នាំ​២០១១។
RFA/Den Ayuthyea
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​យក​សមាជិក​ថ្មី គឺ​លោក ម៉ៅ មុនីវណ្ណ និង​ក្រុម​ការងារ​របស់​លោក​នា​ទីស្នាក់ការ​បក្ស ក្រៅ​ពី​បាន​ស្វាគមន៍​សមាជិក​ថ្មី លោក កឹម សុខា បាន​បញ្ជាក់​ថា លោក ម៉ៅ មុនីវណ្ណ និង​សកម្មជន​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដល់​តួនាទី​ដូច​មាន​ក្នុង​គណបក្ស សម រង្ស៊ី ដូច​គ្នា​ដែរ។

លោក កឹម សុខា មាន​ជំនឿ​ថា គណបក្ស​សិទ្ធិ​មនុស្ស បន្ទាប់​ពី​មាន​វត្តមាន​លោក ម៉ៅ មុនីវណ្ណ និង​សកម្មជន​មួយ​ចំនួន​ទៀត​មក​ចូល​រួម​ក្នុង​គណបក្ស​នេះ អាច​ជា​សញ្ញា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ។

បន្ថែម​លើ​នេះ លោក ម៉ៅ មុនីវណ្ណ បាន​ថ្លែង​ថា គណបក្ស សម រង្ស៊ី ប្រសិន​បើ​ទុក​បណ្ដោយ​ឲ្យ​មាន​គំនាប​គ្រួសារ​និយម​បន្ត​កើត​មាន​នៅ​ក្នុង​គណបក្ស​នេះ​បន្ត​ទៀត នឹង​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​មាន​ប្រជាប្រិយភាព​កាន់​តែ​ចុះ​ខ្សោយ​ជា​បន្តបន្ទាប់។

យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី នៅ​ក្នុង​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ថ្លែង​ដោយ​ចាត់​ទុក​បញ្ហា​បាន​កើត​មាន​នៅ​ក្នុង​គណបក្ស សម រង្ស៊ី ថា គឺ​ជា​បញ្ហា​បុគ្គល​មួយ​ចំនួន​តូច​ដែល​ចង់​បាន​អំណាច​បុណ្យ​ស័ក្ដិ ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស សម រង្ស៊ី នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្តី លោក ម៉ៅ មុនីវណ្ណ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោក កឹម សុខា ក៏​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា​នេះ មាន​សកម្មជន​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់ចាម បាន​ទម្លាក់​ស្លាក​គណបក្ស សម រង្ស៊ី ចោល ដាក់​ជំនួស​មក​វិញ​នូវ​ស្លាក​គណបក្ស​សិទ្ធិ​មនុស្ស បន្ទាប់​ពី​រូប​លោក​បាន​ចាកចេញ​ពី​គណបក្ស សម រង្ស៊ី រួច​មក។

គណៈកម្មាធិការ​គណបក្ស សម រង្ស៊ី កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​តាម Video Conference ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​សកម្មភាព​របស់​លោក ម៉ៅ មុនីវណ្ណ។

ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស សម រង្ស៊ី បាន​សម្រេច​ទៅ​លើ​ខ្លឹមសារ ៣​ចំណុច។ ទី​១ ស្នើ​ឲ្យ​លោក ម៉ៅ មុនីវណ្ណ លាលែង​ចេញ​ពី​គណបក្ស។ ទី​២ ព្យួរ​តំណែង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ភូមិ​ភាគ​ទី​៥ និង​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ខេត្ត​តាកែវ ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ និង​ទី​៣ ក្នុង​ករណី​លោក ម៉ៅ មុនីវណ្ណ បន្ត​ធ្វើ​សកម្មភាព​ផ្ទុយ​អំពី​ផលប្រយោជន៍​គណបក្ស​នោះ លោក ម៉ៅ មុនីវណ្ណ នឹង​បាត់បង់​សមាជិកភាព​គណបក្ស៕

ព័ត៌មាន (8)

មើល​មតិ​ទាំង​អស់.

Anonymous says:
Mar 22, 2011 09:24 PM

ចេញពីមួយចូលទៅមួយ ហើយដៀលអាចាស់សុទ្ធតែយ៉ាងនេះ​យ៉ាងនោះ ។ នេះជាចរិកអ្នកនយោបាយខ្មែរដែលមិនប្រកាន់​ចរិកជាអ្នកកីឡា ។ តទៅពេលគាត់ចេញពីទ្រនំទីពីរ ទ្រនំនេះនឹងត្រូវដៀល និងហែកកេរដូចទ្រនំកំណើត ។ មិនគួរគប់ទេ មនុស្សបែបនេះ ។

Anonymous says:
Mar 22, 2011 09:29 PM

IT IS GOOD FOR SOMRANSY PARTY TO SEE ALL THIS THING BEFORE THE ELECTION STARTING ,IT WILL GIVE TIME TO DO GOOD THING

Anonymous says:
Mar 23, 2011 03:36 AM

សូមបងប្អូនខ្មែរពិចារណាអោយបានត្រឹមត្រូវ ជាពិសេសលោក កឹម សុខា ត្រូវគិតអោយបានខ្ពស់ ព្រោះលោកម់ៅ មុនីវណ្ណ កំពង់ធ្វើចលនាបំរើ គណះបក្សប្រជាជន គឺធ្វើអោយគណះបក្សទាំងពីនេះ មិនអាចរួបរួមគ្នាបាន ព្រោះដោយសារលោក កឹម សុខា ទទួលលោក មុនីវណ្ណដោយពុំបានគិតផលប្រយោជន៍ ជាតិ ដោយយើងកំពង់ចចារបង្រួបបង្រួមគ្នា។
បើលោកស្រឡាញ់ជាតិមែនលោកមុនីវណ្ណ មិនត្រូវចាកចេញពីSRPទេ ហើយលោក កឹម សុខាក៏មិនត្រូវទទួលលោកមុនីវណ្ណដែ៕

Anonymous says:
Mar 22, 2011 08:27 PM

នៅពេលដែលបាត់បង់តំណែងនាំគ្នារត់ចូលគណៈបក្យផ្សេងទៀត។ នេះមិនមែនជាចរិកអ្នកនយោបាយដែលមានភាពសុចរិតនោះទេ។ ប្រសិនបើគណៈបក្យសម រង្សីមានសុទ្ឋតែបុគ្គលបែបនេះ គឺពិតជាសោកស្តាយណាស់។

Anonymous says:
Mar 24, 2011 12:59 AM

It good for people that fine good party.but this people must think and think they did right or wrong.

Anonymous says:
Mar 22, 2011 07:38 PM

គឹម សុខា នឹង ហ៊ុន សែន គឺតែមួយ

Anonymous says:
Mar 23, 2011 02:29 AM

គណៈបក្យសម រង្សី​បើនៅតែប្រកាន់នយោបាយគ្រួសារនិយមបែបនេះទៀតប្រាកដជារលាយហើយ។​

Anonymous says:
Mar 24, 2011 02:03 AM

It is interesting observation regarding SRP internal conflict and why this individual left the party. I think it is his rights to join any party he wanted and it is his rights to voice his oppinion. Politically it probably hurt him in the future to say bad thing about his former party.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល