មេឃុំបានប៉ុង គឺលោក គី ខាំ បានចោទថា លោក ខៃ ខាវ បានប្រព្រឹត្តផ្តេសផ្តាសច្រើនណាស់ តែមិនបានបញ្ជាក់ថាតើជាអ្វីខ្លះឡើយ។ ដូច្នេះឃុំ និងគណៈកម្មការសហគមន៍ការពារព្រៃឈើឃុំបានប៉ុង បានសម្រេចដកគាត់បញ្ឈរជើងពីតួនាទីកាលពីដើមសប្តាហ៍នេះ។
ប្រធានសហគមន៍ការពារព្រៃឈើឃុំបានប៉ុង លោក ហ៊ីង សឿន បញ្ជាក់ថា សហគមន៍នេះមានសមាជិកគណៈកម្មការចំនួន ១៨នាក់ ហើយសមាជិកគណៈកម្មការទាំងអស់ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យ។ ដូច្នេះការដកបញ្ឈរជើងត្រូវបានធ្វើឡើងបន្ទាប់ពីបានហៅជាច្រើនសាឲ្យមកប្រជុំកិច្ចការងារនាពេលកន្លងមក ដោយសារតែលោក ខៃ ខាវ បានធ្វើហួសព្រំដែនកំណត់ ដូចជាការចាប់ឈើជាដើមនោះ ហើយគាត់មិនបានមកចូលរួមប្រជុំសោះ។ ប៉ុន្តែទោះជាយ៉ាងណាគាត់មិនទាន់ត្រូវបានដកទាំងស្រុងទេ ដរាបណាសមាជិកគណៈកម្មការក្នុងចំណោម ១៨នាក់មិនទាន់បានបោះឆ្នោតដកដោយសំឡេងភាគច្រើននោះ។
លោក ហ៊ីង សឿន បានឲ្យដឹងថា ៖ «ខ្ញុំមិនទាន់ដកទេ ដកមិនដកខ្ញុំមិនទាន់ដឹងទេ! មុននឹងដក រៀបចំគណៈកម្មការប្រជុំទាំងអស់ សម្រេចថាដក ទើបដកបាន!»។
ឃុំបានប៉ុង ស្រុកវ៉ឺនសៃ ជាតំបន់ដែលកំពុងកើតមានសកម្មភាពកាប់ និងដឹកជញ្ជូនឈើប្រណីតខុសច្បាប់ខ្លាំងក្លា ហើយកាលពីខែកុម្ភៈកន្លងមក ឈើប្រណីតចំនួន ១៧៥ដុំវែង ត្រូវបានលោក ខៃ ខាវ រួមជាមួយសហគមន៍ និងអង្គការសិទ្ធិមនុស្ស អាដហុក រុករកឃើញគេលាក់នៅក្នុងព្រៃ ហើយបានហៅរដ្ឋបាលព្រៃឈើមកដឹកជញ្ជូន ក្រោយមកទៀតគាត់បានរាយការណ៍អំពីការដឹកជញ្ជូនឈើជាច្រើនឡានធំទៀតដល់អាជ្ញាធរស្រុក ក្នុងបំណងឲ្យជួយទប់ស្កាត់ការបំផ្លាញនៅទីនោះ។
លោក ខៃ ខាវ ត្រូវបានអ្នកភូមិ និងអង្គការនានាស្គាល់ថា ជាមនុស្សសកម្មក្នុងការទប់ស្កាត់បទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងតំបន់ឃុំបានប៉ុង ជាហេតុធ្វើឲ្យអ្នករកស៊ីខុសច្បាប់មួយចំនួនមិនសប្បាយចិត្ត ហើយមេឃុំវិញក៏បានប្រកាសថា អនុប្រធានសហគមន៍រូបនេះត្រូវបានដកបញ្ឈរជើង។
លោក ខៃ ខាវ បានបញ្ជាក់ថា ជនល្មើសម្ចាស់ឈើបានគំរាមរូបលោកជាច្រើនលើក ច្រើនសារួចមកហើយ។ ឯអាជ្ញាធរវិញក៏មិនបានគាំទ្រជួយការពាររូបលោកដែរ ក្នុងករណីដែលមានការគំរាមនោះ។
លោកបន្តថា អ្នកភូមិចង់ឲ្យលោកនៅបន្តការងារក្នុងតួនាទីនេះទៀត ប៉ុន្តែលោកអាចនឹងមិនបន្តការងារទៀតឡើយ ព្រោះកន្លងមកត្រូវគេគំរាមកំហែងផង មិនតែប៉ុណ្ណោះត្រូវខាងឃុំប្រកាសថា ដកបែបនេះទៀត។
សមាជិកសហគមន៍ការពារព្រៃឈើឃុំបានប៉ុងម្នាក់ គឺលោក ឡ ប៊ុនប៉េង មិនសប្បាយចិត្តក្នុងរឿងដកលោក ខៃ ខាវ នេះទេ ហើយលោកបានហៅថា ជាទង្វើខុសច្បាប់ ព្រោះលោក ខៃ ខាវ ត្រូវបានអ្នកភូមិបោះឆ្នោតជ្រើសឲ្យធ្វើជាអនុប្រធានសហគមន៍ មិនមែនខាងសាលាឃុំជាអ្នកតែងតាំងឡើយ។
លោក ឡ ប៊ុនប៉េង បានអះអាងថា ៖ «គំនិតខ្ញុំវិញ ...អត់មានឈប់ទេ ព្រោះឈប់អី មិនមែនមេឃុំឯណាតែងតាំងសហគមន៍ ព្រោះសហគមន៍វាមានខាងគេផ្សេងគេអ្នកតែងតាំង រៀបចំបោះឆ្នោតត្រឹមត្រូវ មិនអ៊ីចឹង!»។
មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការដកសកម្មជនការពារផលប្រយោជន៍ព្រៃឈើរូបនោះគឺជារឿងខុសច្បាប់៕