កែវ ពុទ្ធរស្មី៖ លទ្ធផល​នៃ​ការបោះឆ្នោត​គឺ​អាច​ទទួល​យក​បាន

កាលពី​ថ្ងៃ​ច័ន្ទ ២៨ កក្កដា គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស សិទ្ធិ​មនុស្ស គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​ស្រប​មតិគ្នា​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា មិន​សេរី មិន​យុត្តិធម៌ ពោរពេញ​ដោយ​ការប្រើ​ល្បិចកល​បំភាន់​ភ្នែក​សាធារណជន ។

បក្ស​ទាំង​៤ បាន​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ដ៏​សន្ធឹក​សន្ធាប់ ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិន​អាច​បោះឆ្នោត​បាន​ដោយសារ​មូលហេតុ​ផ្សេង​ៗ​មួយ​ចំនួន ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា គណបក្ស​នេះ នឹង​មិន​រួម​ដៃ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ដោយសារ​តែ​មិន​បាន​កៅអី​ច្រើន​នោះ ជាមួយ​គណបក្ស​៣​ដទៃ​ទេ ។

លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ​ថា ៖ «យើង​យល់​ឃើញ​ថា ការបោះឆ្នោត​ហ្នឹង​ខ្វះ​នូវ​ការប្រឹងប្រែង​ដូច​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អ៊ីចឹង ។ យើង​ទទួល​យក​បាន គឺ​លទ្ធផល...​ត្រឹមត្រូវ​ហើយ ។ យើង​អត់​មាន​ទៅ​ប្រឆាំង​អ្នក​ណា​ទេ ... ការរៀបចំ​រដ្ឋាភិបាល​គឺ​អាស្រ័យ​ទៅ​លើ​គណបក្ស​ដែល​ឈ្នះ គឺ​សម្រេច​ទៅ​លើ​គណបក្ស​ប្រជាជន ។ តាំង​ពី​ដើម​មក សម្ដេច ជា ស៊ីម ក៏​លោក​ធ្លាប់​មាន​ប្រសាសន៍​មុន​ហ្នឹង​មក ថា នឹង​សហការ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត​ទៅ​មុខ​ទៀត»