បក្ស​នរោត្តម​រណឫទ្ធិ​និង​ហ៊្វុនស៊ិនប៉ិច​ព្រមព្រៀង​រួបរួម​ជា​បក្ស​តែ​១

មេដឹកនាំ​គណបក្ស នរោត្តម រណឫទ្ធិ និង ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ទៅ​​ជា​បក្ស​តែ​១ ជា​ថ្មី​ទៀត បន្ទាប់​​ពី​គណបក្ស​រាជា​និយម​ទាំង​ពីរ​នេះ បាន​បែកបាក់​អស់​រយៈ​ពេល​ប្រមាណ ៥​ឆ្នាំ​មក​ហើយ​នោះ។
ដោយ ដែន អយុធ្យា
2012-05-24
Share
រណឫទ្ធិ ហ៊្វុនស៊ិនប៉ិច ៣០៥ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ (រូប​អង្គុយ ឆ្វេង) ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​ជាមួយ​លោក ញឹក ប៊ុនឆៃ (ស្ដាំ) នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ចលនា​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ ១ រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​លេច​ជា​រូបរាង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នា​វិមាន​សន្តិភាព។

ចលនា​នេះ​មាន​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​​​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​ដោយ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​​ជា​អ្នក​សម្របសម្រួល។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ មាន​បន្ទូល​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​ថា ក្រោយ​រួប​រួម​គ្នា​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ប្រើ​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដដែល ហើយ​ព្រះអង្គ​ជា​ព្រះ​ប្រធាន​គណបក្ស និង​លោក ញឹក ប៊ុនឆៃ ជា​អនុ​ប្រធាន​គណបក្ស។

ព្រះអង្គ​មាន​បន្ទូល​ថា ព័ត៌មាន​លំអិត​នឹង​ដឹង​​ច្បាស់​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​ធ្វើ​សមាជ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​ទាំង​អស់​គ្នា​ខំ​ប្រឹងប្រែង​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ទាំង​អស់​គ្នា​ជា​អ្នក​ស្នេហា​ជាតិ រួប​រួម​គ្នា​ជា​ធ្លុង​១​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​តេជោ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ នៅ​ពេល​នោះ​ខ្ញុំ​យល់​ថា ម្ចាស់​ឆ្នោត​លោក​នឹង​ធ្វើការ​វិនិច្ឆ័យ​ដោយ​គតិ​បណ្ឌិត និង​យុត្តិធម៌»

សម្ដេច​ក្រុម​ព្រះ​មាន​បន្ទូល​បន្ត​ថា ក្រោយ​រួប​រួម​គ្នា​គណបក្ស​រាជា​និយម​ទាំង​២ នឹង​មិន​បែក​បាក់​ទៀត​ទេ ហើយ​បក្ស​ទាំង​២ នឹង​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចាត់​ទុក​ការ​រួប​រួម​គ្នា​ជា​ថ្មី​រវាង​គណបក្ស​​​​រាជា​និយម​ទាំង​២ ថា​ជា​ប្រវត្តិសាស្ត្រ​មួយ និង​អះអាង​ថា គណបក្ស​នេះ​នឹង​មិន​ឈ្លោះ​គ្នា​ទៀត​ទេ​នៅ​ថ្ងៃ​អនាគត។

លោក​​មាន​ជំនឿ​ថា ក្រោយ​ការ​រួបរួម​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែ​១ នឹង​នាំ​ឲ្យ​គណបក្ស​នេះ​កើន​សំឡេង​ក្នុង​ការ​​បោះ​ឆ្នោត​សកល​​​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣៖ «ការ​រួប​រួម​ក្នុង​រង្វង់​គ្រួសារ ធ្វើ​ការ​គ្រួសារ​ល្អ ការ​រួប​រួម​ក្នុង​គណបក្ស​ក៏​ធ្វើ​ឲ្យ​គណបក្ស​ល្អ ហើយ​ការ​រួប​រួម​នៅ​ក្នុង​សង្គម​ជាតិ ក៏​ធ្វើ​ឲ្យ​ជាតិ​យើង​ខ្លាំង អាច​នឹង​ដោះស្រាយ​អ្វីៗ​បាន​ទាំង​អស់។ គ្មាន​ការ​បែកបាក់​ទៀត​ទេ ព្រោះ​ការ​បែក​បាក់​ធ្វើ​ឲ្យ​បក្ស​យើង​ចុះ​ខ្សោយ ធ្វើ​ឲ្យ​ឈាម​យើង​ស្រក​ចុះ»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​គាំទ្រ​ការ​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ​១ រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ។ លោក​បន្ត​ថា ចលនា​រួបរួម​​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែ​១ អាច​នាំ​ឲ្យ​គណបក្ស​រាជា​និយម​កើន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​សកល​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។

លោក គល់ បញ្ញា៖ «បើ​បាន​គាត់​ធ្វើ​មុន​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ក៏​ល្អ​ដែរ គាត់​អាច​ជួយ​ពិនិត្យ​មើល​លទ្ធភាព​ដាក់​ពង្រាយ​បេក្ខជន​នៅ​តាម​ឃុំ​សង្កាត់​សាកល្បង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ឥឡូវ​ដាក់​បេក្ខជន​រួច​ហើយ។ អ៊ីចឹង​សំរាប់​បោះ​ឆ្នោត​ឃុំ-​សង្កាត់ គាត់​អាច​ជួយ​គ្នា​បាន​បន្តិច​បន្តួច។ ដូច្នេះ​សំខាន់​ការ​បោះ​ឆ្នោត​សកល​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ។ ខំ​ប្រឹង​ជួយ​គ្នា​ទៅ​ទើប​ល្អ»

គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ប្រសូត្រ​ចេញ​ពី​ផ្ទៃ​តែ​១ បាន​ចែក​ផ្លូវ​គ្នា​ដើរ​កាល​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​មិន​អាច​ផ្សះផ្សា​បាន។

ទោះ​យ៉ាង​ណា សំរាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​គ្មាន​ជំនឿ​ថា បក្ស​ហ៊្វុនស៊ិនប៉ិច ទើប​ច្របាច់​បញ្ចូល​គ្នា​នេះ ​អាច​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ទៀត​ទេ ព្រោះ​ពលរដ្ឋ​អស់​ជំនឿ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី ដែល​ជា​បក្ស​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល