មន្ត្រី​បក្ស​សមរង្ស៊ី​ថា​សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​៥៣​នាក់​ចុះ​ចូល​បក្ស​ខ្លួន

មន្ត្រី​គណបក្ស​ប្រឆាំង​ថ្លែង​ថា ពួក​គេ​បាន​ទទួល​សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន​ជាង​៥០​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2012-09-08
Share

ទោះ​បី​ចំនួន​នេះ មាន​តិច​ជាង​ចំនួន​សមាជិក​សមាជិកា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏ដោយ ប៉ុន្តែ​ករណី​នេះ​បាន​បង្ហាញ​ពី​រលក​នយោបាយ​មួយ​ដែល​អ្នក​គាំទ្រ​បាន​រត់​ចេញ​ពី​បក្ស​មួយ​ទៅ​គាំទ្រ​បក្ស​មួយ​ផ្សេង​ទៀត។

ប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក មាន សារិទ្ធិ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា គណបក្ស សម រង្ស៊ី បាន​ប្រកាស​ទទួល​សមាជិក​ថ្មី​ចំនួន​៥៣​នាក់ ដែល​ជា​អ្នក​រត់​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ «សកម្មជន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​នាំ​គ្នា​មក​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត។ គាត់​បាន​ឡើង​និយាយ​ថា គាត់​ជា​មនុស្ស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ឥឡូវ​ដោយ​សារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រព្រឹត្តិ​អំពើ​ពុក​រលួយ គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ដឹង​ពី​សុខ​ទុក្ខ​របស់​គាត់​ដែល​ជា​សកម្មជន ហើយ​បាន​ធ្វើ​បាប​គាត់​សព្វ​បែប​យ៉ាង។ អ៊ីចឹង គាត់​ក៏​នាំ​គ្នា​វិល​មក​រួម​រស់​ជាមួយ​គណបក្ស សម រង្ស៊ី យើង​វិញ។ ឥឡូវ យើង​ទទួល​បាន​៥៣​នាក់»

អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក សែម ស៊ុង បាន​ថ្លែង​ថា សមាជិក​សមាជិកា​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ជាង​៥០​នាក់​នោះ បាន​នាំ​គ្នា​ចូល​ទៅ​រួម​រស់​ជាមួយ​គណបក្ស សម រង្ស៊ី នៅ​គ្រា​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ច្របាច់​បញ្ចូល​គ្នា បង្កើត​ជា​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​នាំ​គ្នា​ចុះ​ចូល​ជា​មួយ​គណបក្ស សម រង្ស៊ី ដោយ​សារ​អស់​ជំនឿ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ «ព្រោះ​អី​ខ្ញុំ​តស៊ូ​ជា​យូរយារ​ណាស់​មក​ហើយ ក៏ប៉ុន្តែ មេ​ដឹកនាំ ខ្ញុំ​និយាយ​ឲ្យ​ចំ​ទៅ​មិន​គិតគូរ​ដល់​ថ្នាក់​ក្រោម គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង បាត់​នូវ​សេចក្ដី​ទុក​ចិត្ត»

គណបក្ស សម រង្ស៊ី បាន​អះអាង​ថា សកម្មជន​ថ្មី​ដែល​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី នេះ គឺ​ជា​ចំនួន​មួយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​បំប៉ោង​ចំនួន​សកម្មជន​គណបក្ស សម រង្ស៊ី និង​សកម្មជន​គណបក្ស សិទ្ធិ​មនុស្ស ខុស​ពី​ការ​ពិត ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ។

ប៉ុន្តែ លោក ម៉ក់ ដារិទ្ធ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ក្រុង​ប៉ោយប៉ែត បាន​ច្រាន​ចោល​ព័ត៌មាន​នេះ។ លោក ​បញ្ជាក់​ថា ​មិន​មាន​សមាជិក​ គណបក្ស ហ្វុន ស៊ិន​ប៉ិច​ ទៅ​ចុះចូល​ជាមួយ​គណបក្ស​សមរង្ស៊ី​ទេ។ គណបក្ស សម រង្ស៊ី បាន​ប្រើ​មធ្យោបាយ​បែប​នេះ ដើម្បី​កេង​ចំណេញ​នយោបាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ប៉េង សុខសេង អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អត្ថាធិប្បាយ​ថា នេះ​ជា​រលក​នយោបាយ​នៅ​ពេល​ជិត​បោះ​ឆ្នោត៖ «ខ្ញុំ​គិត​ថា នេះ​ជា​ចលនា​នយោបាយ​របស់​ស្រុក​ខ្មែរ ព្រោះ​ធម្មតា តែង​តែ​មាន​ការ​ចាក​ចេញ ការ​ចុះ​ចូល​ជា​ធម្មតា អត់​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទេ ព្រោះ​វា​ចំនួន​៥០​នាក់ គិត​ទៅ​វា​រឿង​ធម្មតា»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១២ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​ពិធី​ប្រកាស​ទទួល​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​ស្នាក់​ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខេត្ត​បន្ទាយមានជ័យ។ សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចំនួន​៣.៦០៧​នាក់ បាន​ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង​ច្រាន​ចោល ដោយ​អះអាង​ថា ការ​ពិត​ពុំ​មាន​ច្រើន​ទេ។ នេះ​ជា​ការ​បោក​ប្រាស់​ខាង​ផ្នែក​នយោបាយ។

ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ មើល​ឃើញ​ថា គណបក្ស​នយោបាយ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​អូស​ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន។ ក្នុង​នោះ​មាន​ការ​សន្យា​ផ្ដល់​តួនាទី មុខ​តំណែង ជា​ដើម ព្រោះ​នៅ​ស្រុក​ខ្មែរ វា​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ នៅ​ពេល​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល