មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងទៅកាន់សមាជិកនិងអ្នកគាំទ្រដែលនៅតែស្មោះត្រង់ជាង៧០០នាក់ ក្នុងភូមិត្រុំឃុំអំពិល ស្រុកបន្ទាយអំពិល អតីតតំបន់ដែលខ្លួនធ្លាប់កាន់កាប់កាលពីអំឡុងឆ្នាំ១៩៩១ បន្ទាប់ពីកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសថា ការបាក់បែកគ្នាកន្លងមកនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច គឺធ្វើឲ្យមន្ត្រីហ៊្វុស៊ិនប៉ិចដែលបែកបាក់បានភ្លក់គ្រប់រសជាតិអស់ហើយជាង១០ឆ្នាំមកនេះ ដោយគេមិនដែលស្គាល់រសជាតិផ្អែមល្ហែមទេ មានតែភាពជូរចត់និងចាញ់ការបោះឆ្នោតប៉ុណ្ណោះ។
លោក លឺ ឡាយស្រេង អនុប្រធានទី១របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានអញ្ជើញជាអធិបតីនៃការធ្វើពិធីរំឭកខួប១៨ឆ្នាំក្នុងការផ្លាស់ប្តូរពីរណសិរ្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិចនោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ថា នៅកន្លែងប្រារព្ធពិធីនេះគឺជាកន្លែងដែលគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់បានទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទីមួយកាលពីឆ្នាំ១៩៩៣ ប៉ុន្តែក្រោយមកសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចបានបាក់បែក ដោយមានតែភាពជូរចត់និងការចាញ់ឆ្នោត។
លោក លឺ ឡាយស្រេង បានអំពាវនាវឲ្យអតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់វិលត្រឡប់មករួបរួមគ្នាឡើងវិញ ៖ «ជាង១០ឆ្នាំមកនេះមានតែភាពជូរចត់ ដូច្នេះទាំងអស់គ្នាហ្នឹង បើសិនជារួមមកផ្ទះចាស់យើងវិញបានមានផ្លូវអាចយកជ័យជម្នះបាន ហើយក៏ជាសំណូមពររបស់ប្រជាពលរដ្ឋយើងដែរ។ សូមអំពាវនាវជូនបងប្អូនទាំងអស់ដែលជាអតីតសមាជិកហ៊្វុនស៊ិនប៉ិច បែកចេញទៅវិលមកវិញ មកឈ្នះ ព្រោះគណបក្សហ៊្វុនស៊ិនប៉ិចហ្នឹងជាហត្ថលេខីនៅស្រុកបារាំង កាលពីថ្ងៃ២៣ តុលា ១៩៩១នេះ។ អ្នកស៊ីញ៉េទាំងអស់វាមាន៤គណបក្សហ្នឹង អស់២នាក់ទៅហើយ នៅតែគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចប៉ុណ្ណឹង ហើយបើយើងរលាយបាត់ទៅទៀតទៅអាហ្នឹងគឺថា ២៣ តុលា ត្រូវតែចប់»។
មន្ត្រីគណបក្សនរោត្តម រណឫទ្ធិ ដែលជាគណបក្សមួយទើបនឹងបង្កើតឡើងបន្ទាប់ពីមានការបែកបាក់គ្នានោះ បាននិយាយថា គេមានគម្រោងវិលទៅរកការរួបរួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិចវិញ បន្ទាប់ពីការបែកបាក់ដ៏ជូរចត់នោះ។
អគ្គលេខាធិការគណបក្សនរោត្តមរណឫទ្ធិ លោក សៅ រ៉ានី បានមានប្រសាសន៍ថា សមាជិកនៃគណបក្សនរោត្តមរណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច គឺចេញពីប្រភពតែមួយទេ ប៉ុន្តែមានការបែកបាក់បន្ទាប់ពីមានសមាជវិសាមញ្ញដកសម្តេចក្រុមព្រះចេញពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីអំឡុងខែតុលា ឆ្នាំ២០០៦មក។
លោក សៅ រ៉ានី បានមានប្រសាសន៍ថា គណបក្សនរោត្តមរណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច មានគម្រោងនឹងរួបរួមគ្នាវិញនៅពេលឆាប់ៗខាងមុខ ៖ «យើងចេញពីប្រភពតែមួយទេ។ ក្រោយពីទម្លាក់សម្តេចក្រុមព្រះទៅយើងបែកបាក់គ្នា អ៊ីចឹងពេលលោកលាឈប់ទៅយើងក៏ត្រូវការរួបរួមគ្នាឡើងវិញឲ្យបានសំឡេងច្រើន។យើងអាចឆាប់ៗនេះហើយ យើងអាចពេលបោះឆ្នោតក្រុមប្រឹក្សាឃុំអី យើងអាចធ្វើបញ្ជីតែមួយ គណបក្សវានៅតែ២ដដែល ក៏ប៉ុន្តែដល់ពេលយើងដាក់បេក្ខភាពក្នុងគណបក្សណាមួយតែប៉ុណ្ណោះ»។
គណបក្សហ៊្វុនស៊ិនប៉ិចដែលអះអាងថា ជាគណបក្សរាជានិយម ធ្លាប់បានទទួលជ័យជម្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី១ កាលពីឆ្នាំ១៩៩៣ ដោយបានអាសនៈ៥៨ក្នុងរដ្ឋសភា ប៉ុន្តែបន្ទាប់ពីមានការបែកបាក់សមាជិកជាបន្តបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៤ កាលពីខែកក្កដា ឆ្នាំ២០០៨ គឺមានការស្រុតចុះសំឡេងគាំទ្រយ៉ាងគំហុកដោយបានទទួលអាសនៈ២តែប៉ុណ្ណោះនៅក្នុងរដ្ឋសភា៕