ការនាំចេញ​សម្លៀក​បំពាក់​កាត់​ដេរ​ទៅ​អាមេរិក​ធ្លាក់​ចុះ

កាសែត​ភាសា​ចិន​ចេញ​ផ្សាយ​នៅស្រុក​ខ្មែរ ឈ្មោះ ស៊ិនជីវយិតប៉ៅ កាលពី​ថ្ងៃសៅរ៍ បាន​សរសេរ​ថា ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​គ្មាន​ហេតុផល​អ្វី​នឹង​គួរ​សប្បាយចិត្ត​ពី​អនាគត​របស់​ខ្លួន​ឡើយ ទាំងនេះ​ព្រោះ​តែ​មាន​ការ​ប្រណាំង​ប្រជែង​កាន់​តែ​ខ្លាំងក្លា​ពី​ប្រទេស​ដទៃ​ទៀត ។

ស៊ិនជីវយិតប៉ៅ បាន​ស្រង់​តួលេខ​ស្ថិតិ​របស់​សមាគម​ម្ចាស់រោងចក្រ​កាត់ដេរ​កម្ពុជាថា​ បរិមាណ​ការនាំ​ចេញ​សម្លៀក​បំពាក់​ទៅកាន់​ផ្សារ​សហរដ្ឋ​អាមេរិក​ដែលជា​ផ្សារ​ធំបំផុត​របស់​កម្ពុជា​បានធ្លាក់​ពី​ចំនួន​ខ្ពស់​បំផុត គឺ ៣៣%​ កាលពី​ត្រីមាស​ទី១ ឆ្នាំ២០០៦ ចុះមក​ទាប​បំផុត​គឺ ៨% នៅ​ត្រីមាស​ទី ៤ ឆ្នាំ​២០០៧ ។

អ្នកខ្លះ​គិតថា ការធ្លាក់​ចុះ​នេះ​កើត​មកពី​តម្រូវការ​ធ្លាក់ចុះ​របស់​អាមេរិក​ព្រោះតែ​​វិបត្តិ​សេដ្ឋកិច្ច​នាពេលបច្ចុប្បន្ន​របស់​អាមេរិក​ ក៏ប៉ុន្តែ​​តួលេខ​បានបង្ហាញថា​ស.រ.អ.​ក្នុងប៉ុន្មាន​ឆ្នាំ​ក្រោយមកនេះ បាន​បញ្ជា​ទិញ​សម្លៀកបំពាក់​កាន់តែ​ច្រើនឡើង​ពី​ប្រទេស​ដទៃទៀត ដូចជា ទិញ​ពី​ប្រទេស​យៀកណាម ២៦០% កាលពី​ឆ្នាំ​២០០៦ បើប្រៀប​ទៅនឹង​ឆ្នាំ ២០០២ ទិញ​ពី​ប្រទេស​ហ្សកដានី ២២៦% ច្រើន​ជាងមុន និង​ពី​ប្រទេសចិន ១៤២% ។

ទាំងនេះ​មកពី អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បើកទ្វារ​ទទួល​សមាជិក​ថ្មី​ទៀត​មាន​ចិន​នេះ​ជាដើម​និង​ការដែល​ប្រទេស​កាន់តែ​ច្រើន​បានចូល​ទៅ​ក្នុង​ផ្សារ​ពិភពលោក ហើយ​អ្នកប្រកួត​ប្រជែង​ថ្មីៗ​ទាំងនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​អស់ភាព​បាន​ប្រៀប​ក្នុងវិស័យ​តម្លៃពលកម្ម​និង​ការគោរព​ច្បាប់​ពលកម្ម ៕