មន្ត្រី​​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ថា​បិទ​សិទ្ធិ​សេរីភាព​អ្នក​កាសែត

អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ថា រដ្ឋាភិបាល​ខ្មែរ​មិន​ដែល​បិទ​សេរីភាព​អ្នក​សារ​ព័ត៌មាន​ឡើយ។
ដោយ គឹមពៅ
2009-09-30
Share
រូប​កាសែត បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។
AFP Photo

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្រោយ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ផ្បព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ នូវ​ទស្សនៈ​របស់​អ្នក​កាសែត​មួយ​ចំនួន​នៅ​ពេល​នេះ​កំពុង​មាន​ការ​រារែក ខ្លាច​រអា​ក្នុង​ការ​សរសេរ​អត្ថបទ​ទាំង​ឡាយ​រិះគន់ នៅ​គ្រា​ដែល​ឃើញ​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ត្រូវ​បាន​គេ​ផាក​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​លាន​រៀល។

លោក​ថ្លែង​បន្ត​ទៀត​ថា ៖ «កាសែត​ខេមបូឌា ដេលី មិន​បាន​ធ្វើការ​កែ​តម្រូវ​ខ្លឹមសារ​ហ្នឹង​ទេ ឯកឧត្ដម ហូ វ៉ាន់ គាត់​បាន​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ​ជា​ភាសា​ខ្មែរ​ទៀត ប៉ុន្តែ​អត់​ត្រូវ​បាន​កែ​តម្រូវ​ទេ។ ហើយ​យើង​មាន​ឯកសារ​ដែល​យើង​ទទួល​បាន គឺ​ពិនិត្យ​ឃើញ​ថា​ខ្លឹមសារ​កែ​តម្រូវ​ទាំង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​វិញ ហើយ​លោក ហូ វ៉ាន់ ខ្លួន​ឯង​បាន​និយាយ​ថា កាសែត​ខេមបូឌា ដេលី និយាយ​បំផ្លើស»

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ និពន្ធ​នាយក​កាសែត​ភាសា​អង់គ្លេស​ឈ្មោះ ឌឹ ខេមបូឌា ដេលី និង​អ្នក​កាសែត​ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ក្នុង​ម្នាក់ៗចំនួន​៤​លាន​រៀល ក្នុង​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត ក្រោយ​ពី​លោក ហូ វ៉ាន់ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា នាយ​ទាហាន​ដែល​រៀន​មក​ពី​ប្រទេស​វៀតណាម​គ្មាន​គុណភាព។

បន្ទាប់​ពី​ការ​ផ្តន្ទាទោស​នោះ វិទ្យុ​អាស៊ី​សេរី​បាន​សម្ភាស​ជាមួយ​អ្នក​កាសែត​ខ្លះ ដែល​បាន​បញ្ចេញ​ទស្សនៈ​សរសើរ​ថា រដ្ឋាភិបាល​ខ្មែរ​ចាប់​ផ្តើម​យក​ច្បាប់​មក​អនុវត្ត​លើ​អ្នក​សារ​ព័ត៌មាន ដែល​ពី​មុន​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​គេ​កាប់​សម្លាប់​នៅ​ក្រៅ​ច្បាប់។ ហើយ​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​អ្នក​កាសែត​ខ្លះ​ទៀត​បាន​សម្ដែង​ប្រតិកម្ម ផ្ទុយ​ទៅ​វិញ​ថា​ពួកគេ​កំពុង​រា​ថយ​ក្នុង​ការ​សេរសេរ ដោយសារ​តែ​គេ​យល់​ថា​សេរីភាព​នៃ​សារ​ព័ត៌មាន​កំពុង​ត្រូវ​បាន​រឹត​បន្តឹង ក្រោយ​ពី​ការ​ផ្តន្ទាទោស​ផ្ទួនៗ​នោះ។

អ្នក​សារព័ត៌មាន​មួយ​រូប​បាន​បញ្ចេញ​ទស្សនៈ​ដូច្នេះ ៖ «នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​សរសេរ​រិះគន់​ទៅ​ដល់​មន្រ្តី​ណា​មួយ ដែល​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សង្គម»

ជាមួយ​គ្នា​នេះ​ដែរ លោក ទិត សុធា មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ដដែល​បន្ថែម ៖ «អ្នក​សារ​ព័ត៌មាន​គួរ​តែ​និយាយ​កុំ​កុហក កុំ​បំផ្លើស កុំ​បង្កើត​ព័ត៌មាន​ប្រាសចាក​ការ​ពិត ត្រូវ​ផ្សាយ​នូវ​ដំណឹង​ណា​សុច្ចរិត ព្រម​ទាំង​ធ្វើ​អត្ថាធិប្បាយ ឬ​រិះគន់​ឲ្យ​ត្រឹមត្រូវ និ​សម​ស្រប​តាម​គតិ​យុត្ត»

គួរ​កត់​សម្គាល់​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ មាន​អ្នក​កាសែត​ខ្មែរ​ចំនួន​៨​រូប​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​គុក ២​រូប​ត្រូវ​បាន​គេ​ផ្តន្ទា​ទោស​ដោយ​ផាក​ពិន័យ​ជា​ប្រាក់ និង​១០​រូប​ផ្សេង​ទៀត​កំពុង​ជាប់​បណ្ដឹង ដែល​បណ្តឹង​នោះ​ភាគ​ច្រើន​ទៅ​លើ​បទ​បរិហារ​កេរ្តិ៍​និង​បទ​ញុះញង់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល