HRW៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​បេសកកម្ម​ឃ្លាំ​មើល​ការ​រីក​ចម្រើន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​នានា​បាន​វាយ​តម្លៃ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​មាន​ដំណើរ​ថយ​ក្រោយ។
ដោយ ជីវិតា
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
RFA/Sok Serey

ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី​កំពុង​កើត​មាន​ឡើង រួម​មាន​ការ​គាប​សង្កត់​ទៅ​លើ​សេរីភាព​ខាង​សម្តែង​មតិ​ដែល​អង្គការ Human Rights Watch គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​គ្រប់គ្រង​ទាំង​ស្រុង​នូវ​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ និង​ស្ថានីយ​វិទ្យុ​ភាគ​ច្រើន។

អ្នក​កាសែត​ដែល​រិះគន់​រដ្ឋាភិបាល​បាន​រង​ការ​គំរាម​កំហែង ប្តឹងផ្តល់ និង​ចាប់​ដាក់​គុក ដូច​ជា​ករណី​លោក ហង្ស ចក្រា នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ជាដើម។ របាយការណ៍​បាន​បន្ត​ថា រយៈកាល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​ដែល​ចាប់​បាន​ជន​ដៃ​ដល់​ណា​មួយ​ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត ហើយ​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ចុង​ក្រោយ​គេ​នោះ គឺ​លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨។

ការ​ស្រុត​ចុះ​នៃ​សិទ្ធិ​សេរីភាព​មួយ​ទៀត​គឺ​ការ​ធ្វើ​ច្បាប់​គាប​សង្កត់ កាត់​បន្ថយ​ការ​បញ្ចេញ​មតិ​យោបល់។ ក្រម​ព្រហ្មទណ្ឌ​ថ្មី​មិន​ត្រឹម​តែ​ប្រើ​សម្រាប់​ផ្តន្ទា​ទោស​អ្នក​រិះគន់​ទៅ​លើ​បុគ្គល ឬ​ឥស្សរជន​ណា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្តន្ទា​ទោស​រហូត​ដល់​ជាប់​គុក​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​រិះគន់​ស្ថាប័ន​រដ្ឋ​ផងដែរ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ការ​និយាយ​ទិតៀន​នោះ​ជា​បទ​បរិហារ​កេរ្តិ៍ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ រីឯ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​តម្រូវ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ជា​ច្រើន រួម​ទាំង​ការ​ដាក់​កំហិត​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​លើស​ពី ២០០​នាក់​ជាដើម។

របាយការណ៍​បាន​បន្ត​ថា ការ​ធ្វើ​ទារុណកម្ម​មនុស្ស​បង្ខំ​ឲ្យ​សារភាព​កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​ទីស្នាក់ការ​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ។ ការ​ឃុំ​មនុស្ស​ក្នុង​ពន្ធនាគារ​លើស​រយៈកាល​កំណត់​នៃ​ច្បាប់ និង​ការ​ដាក់​ឲ្យ​អ្នក​ទោស​រស់នៅ​កក​កុញ​លើស​ចំនួន​ស្តង់ដារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

ថ្មីៗ​នេះ​អង្គការ Freedom House បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព។ ប្រតិកម្ម​ចំពោះ​ការ​ឲ្យ​ពន្ទុ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ការ​វាយ​តម្លៃ​របស់​អង្គការ Freedom House មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល Freedom House វាយ​តម្លៃ គឺ​វាយតម្លៃ​អំពី​ការ​យល់​ដឹង​ពី​វ៉ាស៊ីនតុន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩៨​មក យើង​ធ្វើ​បាន​ច្រើន។ ទី​១ លទ្ធិ​ប្រជាធិបតេយ្យភាវូបនីយកម្ម វិមជ្ឈការ គឺ​យើង​បាន​ផ្ទេរ​អំណាច​ចុះ​ទៅ​ដល់​ថ្នាក់​ក្រោម។ ចំណុច​ទី​២ យើង​ធ្វើ​អភិវឌ្ឍ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ការពារ​តាមរយៈ​ច្បាប់ ដែល​យើង​ហៅ​ថា នីតិរដ្ឋ»

ឆ្លើយ​ទៅ​នឹង​សំណួរ​ថា តើ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ Human Rights Watch មាន​ការ​ពិត​ប៉ុណ្ណា​ដែរ​នោះ លោក ចាន់ សុវ៉េត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ការ​យល់​ស្រប​ជាមួយ​នឹង​របាយការណ៍។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​លឿន​ទៅ​មុខ​ទេ។ របាយការណ៍​របស់ Human Rights Watch យើង​ខ្ញុំ​ក៏​គាំទ្រ​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ជា​លើក​ទី​២ នា​ពេល​ថ្មីៗ​នេះ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​វាយតម្លៃ​ថា ការ​ជួប​ពិភាក្សា​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តីពី​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​លទ្ធផល​ផ្លែ​ផ្កា​ល្អ៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

មនុស្សម្នារនៅកម្ពុជាសព្វថ្ងៃមិនដែលគិតអំពីប្រយោជប្រទេសជាតិទេហើយច្រើនថែមទាំងបង្អាប់ប្រទេសខ្លួនឯងទៀតផង។អ្នកខ្លះទៅរំលោបដីស្រែចំការរបស់គេនឹងកូនប្រពន្ធគេរួចហើយអង្ការសិទ្ធិមនុស្សចោតលើរាជរដ្ធាភិបាលទៅវិញ។បើអ្នកជាប់គុកបានស្រូលប្រហែលម្នាក់ៗនាំគ្នាទៅដេកជាប់គុកអស់ហើយ។សូមសួរថាតើគុកនៅសហរដ្ធអាមេរិកល្អប៉ុណ្ណាដែរប់ម្នាក់ៗបានតែឈីសស្សែនវិចមួយបន្ទះហើយដេកអង្កុញជើងស្ទើរតែជាប់ជើងមួយកន្លែងនោះ?សូមកុំយករឿងប្រទេសមកនិយាយប្រៀបធៀបនឹងប្រទេសខ្មែរឲ្យសោះវាមិនត្រូវទេ។

Jan 21, 2010 01:43 PM

អ្នក​អាន​អនាមិក

អ្នកសង្គេតការសិទ្ធិមនុស្សនៅកម្ពុជាមិនមានតម្លាភាពគ្រប់គ្រាន់នោះទេបើបក្សប្រឆាំងនៅកម្ពុជានិយាយសិទ្ធិមនុស្សមិនដែលថាខុសទេបើគណបក្សប្រជាជននិយាយមិនថាត្រូវទេ។នេះហើយគេថាខ្លួននិយាយវាត្រូវដល់គេនិយាយមិនត្រូវ។

Jan 21, 2010 01:35 PM

អ្នក​អាន​អនាមិក

I support the report of human right in cambodia the human right it has only in the mouth of the government if we see through deeply in the society ,in the village some khmer authorities still menace khmer people ,just take one example in svay rieng.

Jan 21, 2010 09:35 AM

គេហទំព័រ​ទាំងមូល