ក្រសួងមហាផ្ទៃប្រតិកម្មចំពោះការផ្សាយព័ត៌មានទាហានតំបន់ព្រះវិហារខ្វះទឹក
2013.02.16
ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ កុម្ភៈ បានផ្សាយពីការត្អូញត្អែររបស់កងកម្លាំងនៅជួរមុខកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រការនេះពួកគាត់តម្រូវឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ជាបន្ទាន់។
ការខ្វះខាតទឹកប្រើប្រាស់របស់កងកម្លាំងប្រដាប់អាវុធមួយចំនួន នៅតាមព្រំដែនខេត្តព្រះវិហារ ក្លាយជាបញ្ហារសើបមួយ ហើយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានចំពោះការផ្សព្វផ្សាយពីព័ត៌មាននេះ។
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ នៅថ្ងៃទី១៦ កុម្ភៈ មានប្រសាសន៍ថា អ្នកយកព័ត៌មានត្រូវមានការប្រយ័ត្នប្រយែងចំពោះការផ្សាយព័ត៌មាននេះ ដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។
លោក ខៀវ សុភ័គ ទទួលស្គាល់ថា រដូវប្រាំងនេះកងកម្លាំងជួរមុខពិតជាខ្វះទឹកប្រើប្រាស់ខ្លះមែន ប៉ុន្តែកងកម្លាំងការពារព្រំដែនទាំងអស់មិនមានទឹកចិត្តរាថយឡើយ។ លោកបន្តថា ព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយពីកងទ័ពខ្វះទឹកប្រើប្រាស់នេះ មិនបានផលប្រយោជន៍អ្វីដល់ជាតិទេ ផ្ទុយទៅវិញអាចឲ្យបរទេសឈ្លានពានមើលងាយខ្មែរទៅវិញ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ហើយសង្ឃឹមថាក្រុមអ្នកសារព័ត៌មាននឹងអាចបែងចែកបានច្បាស់ ពីព័ត៌មានណាគួរផ្សាយ និងមិនគួរផ្សាយ៖ «យើងសំណូមពរការផ្សព្វផ្សាយព័ត៌មានអ្វីក៏ដោយ ចំពោះវិស័យការពារជាតិ ត្រូវគិតផលប្រយោជន៍ជាតិជាចម្បង។ និយាយរួម ក្នុងកុំហុចដងដាវឲ្យសត្រូវឈ្លានពាន។ ព័ត៌មានហ្នឹងត្រូវហើយ តែមិនគួរនិយាយហ្នឹង វាប៉ះពាល់ដល់ជាតិ។ យើងខិតខំការពារទៀតហ្នឹង យើងបដិសេធចំពោះព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយចំពោះការខ្វះទឹក»។
លោក ខៀវ សុភ័គ បន្តថា លោកជឿថាវិទ្យុអាស៊ីសេរី ផ្សាយព័ត៌មានពីការខ្វះទឹកនេះពិតជាក់ស្តែង តែអ្នកសារព័ត៌មានក៏ត្រូវគិតពីបញ្ហាជាតិជាចំបងសិន។
ទោះជាយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ពីការខ្វះខាតទឹកប្រើប្រាស់របស់កងកម្លាំងការពារព្រំដែននេះ ជាការដាស់តឿនឲ្យមន្ត្រីថ្នាក់ខ្ពស់បានដឹងពីចំណុចអសកម្មទាំងឡាយដែលកើតមាន ដើម្បីរកដំណោះស្រាយ។ លោកបន្តថា បើរាជរដ្ឋាភិបាលចង់ពន្យល់បន្ថែមទៀតពីរឿងទ័ពខ្វះខាតទឹកនាំឲ្យប៉ះពាល់សន្តិសុខជាតិនោះ អាចចេញសេចក្តីប្រកាសពន្យល់ណែនាំជាលាយលក្ខណ៍អក្សរបាន តែអ្វីដែលសំខាន់ គឺដោះស្រាយបញ្ហាទឹកជូនកងកម្លាំងជាមុនសិន។
លោក អ៊ូ វីរៈ បញ្ជាក់ថា ការហាមប្រាមមិនឲ្យផ្សព្វផ្សាយព័ត៌មានទៅវិញទេ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិទាំងមូល៖ «បានន័យថា បើសិនជាទ័ពយើងអត់មានទឹកមានអីមែន ឬមួយមានបញ្ហាមួយចំនួនគាត់ចង់លើកឡើង ត្រូវបានគេរារាំងទៅវិញ វាប៉ះពាល់ច្រើនណាស់ ប៉ះពាល់អ្នកសារព័ត៌មានផង ប៉ះពាល់ការការពារជាតិផង ប៉ះពាល់ប្រទេសយើងក្នុងការលើកតម្កើងរកបញ្ហាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផង»។
លោក អ៊ូ វីរៈ បញ្ជាក់ថា សារព័ត៌មានមានកាតព្វកិច្ចក្នុងការផ្សាយព័ត៌មានដែលទាក់ទងនឹងផលប្រយោជន៍ជាតិផលប្រយោជន៍សង្គម ហើយសារព័ត៌មានជាដៃគូល្អបំផុតរបស់អាជ្ញាធរថ្នាក់លើ ក្នុងការស្វែងរកចន្លោះប្រហោងទាំងឡាយដែលខ្លួនមិនទាន់បានដឹង ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ កងកម្លាំងប្រចាំការនៅព្រំដែនព្រះវិហារ ឲ្យដឹងថា បញ្ហាប្រឈមចំពោះមុខរបស់កងទ័ព និងនគរបាលនៅតំបន់ប្រាសាទព្រះវិហារ គឺបញ្ហាខ្វះទឹក មានពេលខ្លះកងកម្លាំងនៅតំបន់នោះក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ទើបងូតទឹកម្តង ឬត្រឹមក្រមាជ្រលក់ទឹកដើម្បីជូតខ្លួនប៉ុណ្ណោះ។ ហើយដើមហេតុនាំឲ្យខ្វះទឹក អាចបណ្ដាលមកពីទុយោបូមទឹកសម្រាប់បូមទឹកឡើងភ្នំត្រូវភ្លើងព្រៃឆេះបំផ្លាញ និងគួបផ្សំម៉ាស៊ីនបូមទឹកខូច ទើបខ្វះខាតទឹកប្រើប្រាស់។
ប៉ុន្តែទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុទ្ធតែបានសន្យាថារាជរដ្ឋាភិបាលនឹងដោះស្រាយរឿងខ្វះទឹកនេះជាបន្ទាន់។ អ្នកតាមដានបញ្ហាសង្គម យល់ថា រាជរដ្ឋាភិបាលគួរដោះស្រាយបញ្ហាដែលកើតមាន និងលើកទឹកចិត្តកងទ័ព វាប្រសើរជាងបិទបាំងព័ត៌មាន ឬហាមមិនឲ្យសារព័ត៌មានចុះផ្សាយនូវរឿងរ៉ាវដែលបានកើតឡើងរួចទៅហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។