កសិករ​៤០​នាក់​បង្ហាញ​ស្នាដៃ​នៅ​ខេត្ត​កំពត

កសិករ​ប្រមាណ ៤០​នាក់ ដែល​មាន​ស្នា​ដៃ​ឆ្នើម​លើ​វិស័យ​បង្ក​បង្កើន​ផល ក្នុង​ខេត្ត​កំពត​បាន​ជួប​ជុំ​គ្នា​បង្ហាញ​បទ​ពិសោធន៍​គ្នា ពី​ការ​រក​ឃើញ​គំនិត​ថ្មី ជួយ​ដល់​វិស័យ​កសិកម្ម និង​ការ​ចង​ក្រង​គ្នា ទិញ លក់​កសិផល ក៏​ដូច​ការ​សន្សំ​ប្រាក់​រួម​គ្នា​ក្នុង​មូលដ្ឋាន បន្ថយ​ការ​ចង​ការ​ប្រាក់​ពី​ឯកជន ដែល​ធ្វើ​ឲ្យ​បាត់​បង់​ដី​ស្រែ​ចម្ការ​ជា​ដើម។
ដោយ អ៊ុក សាវបូរី
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​អង្គការ​សេដាក់ (CEDAC)
គេហទំព័រ​អង្គការ​សេដាក់ (CEDAC)
Screenshot, RFA

តំណាង​កសិករ​មក​ពី ៧​ស្រុក ក្នុង​ខេត្ត​កំពត បាន​ជួប​ជុំ​គ្នា​នៅ​ស្រុក​ដងទង់ នា​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១០ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នូវ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បង្កើន​វិស័យ​កសិកម្ម និង​កិច្ច​សហការ​សន្សំ​ប្រាក់​រួម​គ្នា​ជា​ដើម។

នាយ​ប្រតិបត្តិ​អង្គការ​សេដាក់ លោក​បណ្ឌិត យ៉ង សាំង​កុមារ បាន​ថ្លែង​ថា កសិករ​ជួប​ជុំ​គ្នា​នេះ បង្ហាញ​ពី​គំនិត​ថ្មី បង្កើន​លទ្ធភាព​កសិកម្ម​ការ​លក់​រួម ទិញ​រួម ការ​សន្សំ​ប្រាក់​ជា​ដើម ដែល​កសិករ​ត្រូវ​តែ​ចែក​រំលែក​ឲ្យ​គ្នា នូវ​អ្វី​ដែល​រក​ឃើញ​ថ្មី ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។ លោក​ថា ការ​ជួប​ជុំ​គ្នា​នេះ​ទៀត​សោត ដើម្បី​ឲ្យ​កសិករ​បង្ហាញ​ពី​ការ​ងារ​ខ្លះ បាន​ជួយ​ដល់​កិច្ច​អភិវឌ្ឍ​របស់​រដ្ឋ ដូច​ជា​ជួយ​កសាង​ផ្លូវ ស្ពាន ជា​ដើម។

កសិករ​ឈ្មោះ ហែម សុផាត មក​ពី​ភូមិ​ស្រែ​កោង ឃុំ​ថ្មី ស្រុក​ទឹក​ឈូរ បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​នឡ មាន​ផ្លូវ​រទេះ​មួយ ដែល​មិន​អាច​ធ្វើ​ដំណើរ​បាន​ល្អ ពួក​គាត់​បាន​នាំ​គ្នា​ចាក់​ដី​កសាង​ផ្លូវ​នោះ ដោយ​វិធី​ធ្វើ​បុណ្យ​រួម​ប្រមូល​លុយ​រួម។ លោក​ថា កិច្ច​ការ​នេះ គឺ​កសិករ​ធ្វើ​ជំនួស​កិច្ច​អភិវឌ្ឍ​ឃុំ ព្រោះ​ថវិកា​ជាតិ បាន​ចំណាយ​ទៅ​លើ​ការងារ​ដទៃ​ទៀត។

កសិករ​ភូមិ​ពញ្ញា​អង្គរ ឃុំ​វត្ត​អង្គរ​ខាង​ជើង ស្រុក​បន្ទាយ​មាស ឈ្មោះ បិញ ឈិន បាន​ឲ្យ​ដឹង​ថា គាត់​បាន​បង្ហាញ​បទ​ពិសោធន៍ ពី​ការ​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ប្លាស្ទិក​តាម​គ្រួសារ និង​ការ​ដាំ​ស្រូវ​មិន​ភ្ជួរ​ដល់​កសិករ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍។

លោក​ថា ការ​ដាំ​ស្រូវ​មិន​ភ្ជួរ តាម​គាត់​ពិសោធន៍​ឆ្នាំ​២០០៩ ក្នុង​ដី ៣​ហិកតារ បាន​ផល​ទ្វេ​ដង នៃ​ការ​ដាំ​ស្រូវ​ធម្មតា។

កសិករ​មក​ពី​ស្រុក​ជុំ​គិរី បាន​ឲ្យ​ដឹង​ពី​ការ​សន្សំ​ប្រាក់​ក៏​មាន​ការ​ចូល​រួម​ពី​ក្រុម​យុវជន និង​ស្ត្រី ៖ «ទុន​សរុប​របស់​ក្រុម​សន្សំ​ទាំង​អស់​មាន ១​រយ ៧​លាន»

កសិករ​ដទៃ​ទៀត​មក​ពី​ស្រុក​បន្ទាយ​មាស បាន​ឲ្យ​ដឹង​ពី​ការ​រីក​ចំរើន នៃ​ការ​ប្រើ​ប្រាស់​ឡ​ជីវចម្រុះ។

អ្នក​សម្រប​សម្រួល​តាម​មូលដ្ឋាន​នៃ​អង្គការ​សេដាក់ កញ្ញា យ៉ា ចាន់នី បាន​ឲ្យ​ដឹង​ថា តំណាង​កសិករ ៧​ស្រុក ក្នុង​១​ស្រុក ៥​ទៅ​៦​នាក់ មក​ប្រជុំ​គ្នា​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ថ្ងៃ​នេះ បាន​មក​ពី​ស្រុក​ឈូក អង្គរជ័យ ជុំ​គិរី កំពង់ត្រាច ទឹក​ឈូរ បន្ទាយ​មាស និង​ស្រុក​ដងទង់ មាន​ចំនួន​ជាង ៣០​នាក់។ កញ្ញា​បន្ថែម​ថា ភាព​ជោគជ័យ​ជាង​គេ ក្រៅ​ពី​វិស័យ​កសិកម្ម មាន​ការ​ដាក់​ទុន​សន្សំ​ប្រាក់ ដែល​មិន​មែន​មាន​តែ​ក្រុម​កសិករ​វ័យ​ចំណាស់​នោះ​ទេ ដែល​បាន​សន្សំ​ប្រាក់​ទុក មាន​កុមារ និង​យុវជន​ផង​ដែរ។

កញ្ញា​បន្ត​ថា មាន​ការ​អប់រំ​យុវជន​ឲ្យ​ងាក​មក​របរ​សន្សំ​ប្រាក់ និង​ការ​ងារ​ធ្វើ​ស្រែ​ចម្ការ​ដាំ​ដំណាំ​ជា​ជាង​ធ្វើ​ចំណាក​ស្រុក ដែល​មិន​សូវ​បាន​ទទួល ជោគ​ជ័យ​ក្នុង​មុខ​របរ ដូច​ពាក្យ​ចាស់​ពោល​ថា ជួញ​ជិត​ជាង​ជួញ​ឆ្ងាយ ដែល​ធ្វើ​ឲ្យ​ដី​ស្រែ មាន​ស្រូវ ដី​ចម្ការ​មាន​ដំណាំ ប្រាក់​កាស​ក៏​សន្សំ​កើន ក្រោយ​ពី​ការ​ចងក្រង និង​ដក​បទ​ពិសោធន៍​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដែល​បាន​បង្ហាញ​រាល់​ខែ ក្រោម​ការ​ប្រជុំ​បាន​រៀបចំ​ដោយ​សេដាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល