រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន Cambo Six

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថា លោក​កំពុង​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្នុង​ការធ្វើ​អាជីវកម្ម​បនល្បែង​ភ្នាល់​បាល់​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ Cambo Six នៅ​ថ្ងៃ​នេះ​ហើយ។
ដោយ គឹម ពៅ
2009.02.25
ខាំបូស៊ិក សាខា​ក្រុមហ៊ុន Cambo Six មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP File Photo

មាន​ប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​នឹង​អង្គការ UNDP នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក គាត ឈន់ បាន​បញ្ជាក់​ថា លោក​នឹង​ចរចា​ឲ្យ​តម្លៃ​ទៅ​លើ​ការបញ្ចប់​ការធ្វើ​អាជីវកម្ម​មុន​កំណត់​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​នេះ ហើយ​លោក​កំពុង​តែ​ចាត់​វិធានការ​បន្ថែម​ទៀត​ក្នុង​ការបិទ​បន​ល្បែង​ស៊ីសង​គ្រប់​កន្លែង មិន​ថា​ល្បែង​កន្ទុយ​លេខ និង​ការភ្នាល់​ទាំងឡាយ​តាមរយៈ​ម៉ាស៊ីន​អេឡិចត្រូនិច។

លោក គាត ឈន់ បាន​បញ្ជាក់​ថា ៖ «កំពុង​តែ​និយាយ​ជាមួយ​គ្នា ប៉ុន្តែ​បញ្ចប់​ហើយ ខ្ញុំ​ទៅ​បញ្ចប់​ឥឡូវ​ហ្នឹង ខ្ញុំ​មិន​ទាន់​ស៊ីញ៉េ ខ្ញុំ​បញ្ចប់​ថ្ងៃ​ហ្នឹង ហើយ​មាន​មួយ​ទៀត​មិន​ទាន់​ចេញ​ឈ្មោះ​ផង កន្លែង​លេង​ល្បែង​មួយ​និយាយ​ប៉ុណ្ណឹង​ហើយ​វា​នៅ​ឲ្យ​ខ្មែរ​ចូល​លេង​ទៀត​ក៏​បិទ​ដែរ​តែ​រក​ឃើញ»

វិធានការ​បន្ទាន់​ក្នុង​ការបញ្ចប់​អាជ្ញាប័ណ្ណ​រកស៊ី​បន​ល្បែង​ភ្នាល់​បាល់​ឈ្មោះ Cambo Six និង​ការរកស៊ី​បន​ល្បែង​ខ្នាត​មធ្យម​ឯ​ទៀតៗ និង​វិធានការ​មួយ​ទៀត​ក្នុង​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការរកស៊ី​បន​ល្បែង​ស្លុត​ម៉ាស៊ីន​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការព្រមាន​ខ្លាំងៗ​ជា​ថ្មី​ម្តង​ទៀត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រោយ​ពី​ការសង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​លង់​ខ្លួន​នៅ​ក្នុង​អំពើ​ឧបាយមុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បក​អាក្រាត​ថា​មាន​អំពើ​ពុក​រលួយ ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​និង​មន្រ្តី​អ្នក​មាន​បណ្តាស័ក្តិ​ក្នុង​ការបើក​បន​ល្បែង ហើយ​លោក​នឹង​បក​ស័ក្តិ​ចំពោះ​មន្រ្តី​ទាំងឡាយ​ណា​ដែល​នៅតែ​បន្ត​ឲ្យ​បើក​បន​ល្បែង។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «Cambo Six ដូច​២០១១​អស់​ហើយ បិទ​គ្រវាត់​ចោល​បណ្ដោយ ប្រកាស​ពី​ឥឡូវ​ហ្នឹង​ឲ្យ​ហើយ​គ្មាន​បន្ត​អាជ្ញាប័ណ្ណ​អី​ទេ ឯ​អា​ពួក​នៅ​សេសសល់​នេះ​មិន​គោរព បិទ​ចោល។ អំពើ​ហិង្សា​ក្នុង​គ្រួសារ អា​លួច អា​ប្លន់ មក​ពី​អា​ហ្នឹង ឥឡូវ​ដាក់​វា​មួយ​ប៉្រាវ​ទៀត​មើល និយាយ​មិន​ស្ដាប់ រើបៗ ថា​ឲ្យ​ធ្វើ​ដូច​ភ្លៀង​រលឹម វា​មិន​ដូច​ភ្លៀង​រលឹម​ឥឡូវ​ហ្នឹង​វា​រាំង រាំង​ខែ​វស្សា​បណ្ដោយ​អា​នេះ ក្បាល​រឹង ហើយ​កុំ​ថា​មាន​បង្អែក បង្អែក​ប៉ុណ្ណា​ក៏​ដោយ​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ លោក​ឯង​មិន​ធ្វើ​ធ្លាក់​ខ្លួន​លោក​ឯង លោក​ឯង​សុខ​ចិត្ត​ទេ លោក​ឯង​យក​ខ្ញុំ​ធ្វើ​បង្អែក​រឿង​អ្នក​ឯង លោក​ឯង​ខ្លាច​បង្អែក​ផ្សេង​ទៀត ព្រោះ​បង្អែក​របស់​ខ្ញុំ​ស៊ីញ៉េ លោក​ឯង​អស់​ស័ក្តិ ខ្ញុំ​ប្រាប់»

លោក​ថ្លែង​បន្ថែម​ទៀត​ថា លោក​មិន​ខ្វាយខ្វល់​អំពី​ការបាត់បង់​ចំណូល​ពន្ធ​រដ្ឋ​ក្រោយ​ពី​ការបិទ​បន​ល្បែង​ស៊ីសង​នេះ​ឡើយ។

បន​ល្បែង​ភ្នាល់​បាល់​ធំ​ជាង​គេ​បង្អស់​ឈ្មោះ Cambo Six ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ការបញ្ឈប់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ត​ទៅ​ទៀត​មាន​សាខា​ចំនួន​ជាង​២០​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

ប្រភព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ​គេ​អាច​ប្រមូល​ពន្ធ​ពី​បន​ល្បែង​មួយ​នេះ​បាន​ប្រហែល​១​លាន​ដុល្លារ។

សូម​ជម្រាប​ជូន​ថា ការបញ្ជា​ឲ្យ​បិទ​បន​ល្បែង​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​មិន​មែន​ធ្វើ​ឡើង​ទើប​តែ​លើក​ដំបូង​នោះ​ឡើយ៕

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។