ខ្មែរ​អាច​ឆ្លង​ដែន​ដោយ​មិន​បង់​ថ្លៃ​ទិដ្ឋាការ​ទៅ​ប្រទេស​៥​ក្នុង​សហគមន៍​អាស៊ាន

នៅ​ឆ្នាំ​ថ្មី​២០១០ ប្រទេស​កម្ពុជា​មាន​ប្រទេស​ចំនួន​៥​ក្នុង​សហគមន៍​អាស៊ាន អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លង​ដែន​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ទិដ្ឋាការ​ឡើយ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​និង​ជា​អ្នក​នាំ​ពាក្យ លោក កុយ គួង មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​៥​នោះ មាន​ប្រទេស​វៀតណាម លាវ សិង្ហបុរី ហ្វីលីពីន​និង​ម៉ាឡេស៊ី។ លោក​បន្ត​ថា នៅ​ចុង​ឆ្នាំ​២០១០ កម្ពុជា​រំពឹង​ថា នឹង​មាន​ប្រទេស​ថៃ​មួយ​ទៀត​ដែល​ពលរដ្ឋ​ទាំង​ពីរ​ឆ្លង​ដែន​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ទិដ្ឋាការ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​ក្នុង​ឆ្នាំ​២០១០​នេះ តាម​គម្រោង​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​កន្លង​មក​នេះ​គឺ​ថា យើង​នឹង​ត្រៀម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ធម្មតា​ជាមួយ​រាជាណាចក្រ​ថៃ។ តាម​គម្រោង​យើង​នឹង​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១០​នេះ នៅ​ស្រប​ពេល​នឹង​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​រាជាណាចក្រ​ទាំង​ពីរ ហ្នឹង​តាម​គម្រោង»

លោក កុយ គួង ពន្យល់​ពី​ការ​ឆ្លង​ដែន​ដោយ​មិន​បង់​ថ្លៃ​ថា ៖ «ការ​លើក​លែង​ទិដ្ឋាការ​ចំពោះ​លិខិត​ឆ្លង​ដែន​ធម្មតា​ហ្នឹង គឺ​ពលរដ្ឋ​ប្រទេស​ទាំង​១០ ដោយ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ហ្នឹង ជា​ពិសេស​គឺ​ត្រូវ​តែ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ ដែល​មាន​សុពលភាព​ត្រឹមត្រូវ ដែល​ជា​ទូទៅ​គឺ​រយៈពេល​ឲ្យ​បាន​នៅ​សល់​យ៉ាង​តិច​៦​ខែ​មុន​លិខិត​ឆ្លង​ដែន​ហ្នឹង​ផុត​កំណត់ ហើយ​ឆ្លង​កាត់​ព្រំដែន​គឺ​គ្រាន់​តែ​ខាង​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ប្រទេស​សមី​ហ្នឹង គាត់​ប្រថាប់​ត្រា​ចេញ ប្រថាប់​ត្រា​ចូល​ប៉ុណ្ណោះ​ឯង។ ជា​គោលការណ៍​រួម កាលណា​អត់​យក​ទិដ្ឋាការ​ហ្នឹង​ហើយ គឺ​អត់​មាន​បង់​លុយ​អី​ទេ»

ដោយ​ឡែក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​វៀតណាម-​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១០ ប្រទេស​ទាំង​ពីរ​បាន​បង្កើន​ចំនួន​ថ្ងៃ​ក្នុង​ទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរ​ពី​១៤​ថ្ងៃ​រហូត​ដល់​៣០​ថ្ងៃ ហើយ​សម្រាប់​អ្នក​ធ្វើ​ការងារ​ឆ្លង​ដែន​ប្រទេស​ទាំង​ពីរ​មាន​រហូត​ទៅ​ដល់​១​ឆ្នាំ។ កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​មិន​យក​ថ្លៃ​ទិដ្ឋាការ​ឆ្លង​ដែន​ទៅ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​ចំនួន​៤​ទៀត ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅ​ឡើយ៕