ខ្មែរ​វាយ​ស្គរ​ដាស់​ព្រលឹង​បុព្វ​បុរស​និង​វត្ថុ​សក្ដិសិទ្ធិ​នៅ​ប្រាសាទ​ព្រះវិហារ

ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ចង់​ឱ្យ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ​ បញ្ចប់​ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​ទុក​ឱ្យ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​សុខ​សន្តិ​ភាព ​និង​​ការ​រីក​ចម្រើន។ ការ​ប្រាថ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​អបអរ​សាទរ​ចំពោះ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ខួប​គម្រប់ ៣ ឆ្នាំ​ ដែល​​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។
ដោយ ហង្ស សាវយុត
2011-07-07
Share
Druming_305 ០៧-កក្កដា-២០១១ ៖ ក្រុម​តន្ត្រីករ​ខ្មែរ​កំពុង​ប្រគំ​ភ្លេង​ស្គរ​ចម្រុះ​នៅ​តំបន់​ប្រសាទ​ព្រះ​វិហារ។
RFA/Uon Chhin

សំឡេង​ស្គរ​ដាស់​ព្រលឹង ត្រូវ​បាន​គេ​ប្រគំ ដើម្បី​ដាស់​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ដែល​ជា​អ្នក​បាន​កសាង និង​ថែ​រក្សា​ប្រាសាទ​ព្រះវិហារ នៅ​លើ​កំពូលភ្នំ​ដង​រែក​នៃ​ស្រុក​ជាំ​ក្សាន្ត នៅ​ក្នុង​ការ​ប្រារព្ធ​ធ្វើ​ពិធី​បួងសួង និង​អបអរសាទរ​នៃ​ការ​ចុះ​បញ្ជី​ដាក់​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៧ ខែ​កក្កដា។

មន្ត្រី​រដ្ឋាភិបាល កង​ទាហាន ប្រជា​ពលរដ្ឋ និង​សិស្សានុសិស្ស​ប្រមាណ​ជិត ២.០០០ នាក់​បាន​ចូលរួម​ពិធី​នេះ ដោយ​បង្ហាញ​សេចក្ដី​សង្ឃឹម​ថា ប្រាសាទ​បុរាណ​នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ឱ្យ​មាន​ចិរភាព​យូរ​អង្វែង​តទៅ​ទៀត​សម្រាប់​អនាគត។

មាន​របាំ​ប្រពៃណី​ជា​ច្រើន ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នាំ​យក​ទៅ​សម្ដែង​ជូន​ប្រជា​ពលរដ្ឋ​ទស្សនា ក្នុង​ពិធី​អបអរសាទរ​នេះ។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៧ ខែ​កក្កដា គឺ​នៅ​តាម​ទី​វត្ត​អារាម​ព្រះសង្ឃ​ពុទ្ធសាសនា​ទាំង​អស់​ទូទាំង​ខេត្ត​នេះ បាន​ទូង​ស្គរ​ដើម្បី​បន្ទរ និង​អបអរ​នូវ​ជោគជ័យ​ របស់​កម្ពុជា ដែល​សម្រេច​បាន​ការ​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​នៅ​ជាប់​នឹង​ព្រំដែន​ខ្មែរ-ថៃ​មួយ​នេះ​ ឱ្យ​ក្លាយ​ទៅ​ជា​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក។

ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កំពុង​រស់​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​សម្ដែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ អ្នកស្រី ប៉ុញ សុខុម មាន​ប្រសាសន៍​ថា អ្នកស្រី​រីករាយ ដែល​បាន​មក​ចូលរួម​ពិធី​នេះ​ជា​លើក​ដំបូង ៖ «ព្រឹក​អារម្មណ៍​សប្បាយ​សប្បាយ​ខ្លាំង​ណាស់។ អរគុណ​ច្រើន​ហើយ​សប្បាយ​ទៀត។ ចង់​ឱ្យ​ប្រាសាទ​ព្រះវិហារ​ហ្នឹង​សុខសាន្ត​រហូត​ទៅ​ឱ្យ​រីក​ចម្រើន​ឱ្យ​សុខ កុំ​ឱ្យ​វា​មាន​ឈ្លានពាន​អី​ទៀត។ រត់​ប្រសេចប្រសាច​កូន​ចៅ​ពិបាក​ណាស់»។

មន្ត្រី​រដ្ឋាភិបាល​និង​មេទ័ព​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​ច្រើន បាន​ធ្វើ​ពិធី​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ឱ្យ​សម្ដែង​ឫទ្ធិ​បារមី​ជួយ​ទ្រទ្រង់ និង​ការពារ​ប្រាសាទ​ព្រះ​វិហារ​ឱ្យ​បាន​គង់វង្ស ពីព្រោះ​ថា​ទម្រាំ​តែ​ប្រាសាទ​ព្រះវិហារ បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ទាំង​ផ្លូវ​ច្បាប់ និង​នយោបាយ​ការ​ទូត ដើម្បី​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​កេរ​ដំណែល​ដ៏​អស្ចារ្យ​មួយ​នេះ នៅ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​បាន​ព្យាយាម​ជំទាស់ និង​រារាំង​យ៉ាង​ខ្លាំងក្លា​ដែរ​នោះ។

លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ជា​សាធារណ​ក្នុង​ការ​ប្រារព្ធ​ទិវា​អបអរ​សាទរ​ឆ្នាំ​ទី ៣ នៃ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ថា ប្រាសាទ​ព្រះវិហារ គឺ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ដែល​មិន​អាច​កាត់​ថ្លៃ​បាន នៅ​ក្នុង​ចំណោម​ប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ុំ ម៉ារ៉ា ៖ «ប្រាសាទ​ព្រះវិហារ គឺ​ជា​និមិត្តរូប​នៃ​ភាព​កំពូល​នៃ​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ប្រជាជាតិ​ខ្មែរ ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកទេស​ដ៏​ទំនើប​នៅ​សម័យ​នោះ  ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។ ថ្ងៃ​នេះ គឺ​ជា​ទិវា​គម្រប់​ខួប​ឆ្នាំ​ទី ៣ ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៃ​អង្គការUNESCO»។

លោក ហង្ស សុទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មាន​ប្រសាសន៍​ថា ជា​មោទនភាព​មួយ ដែល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​បំផុត​ទើប​ឈាន​ទៅ​ដល់​គោលដៅ​ដែល​ចង់​បាន​នេះ។

លោក ហង្ស សុទ្ធ ៖ «យើង​ឆ្លង​កាត់​ការ​លំបាក​សព្វ​បែប​យ៉ាង​អស់​រយៈ​ពេល ៧ ឆ្នាំ​ទម្រាំ​បាន​ចូល​ ហើយ​ជិត​បាន​ចូល និង​បាន​ចូល​ហើយ​វា​ទទួល​នូវ​ភាព​អវិជ្ជមាន​ការ​បាន​ចូល​ទៀត។ ឧទាហរណ៍​ជាក់​ស្ដែង​បំណង​របស់​សៀម គឺ​គេ​មាន​ពិត​ប្រាកដ​របស់​គេ​ក្នុង​ការ​បំផ្លាញ ក្នុង​ការ​អូស​បន្លាយ ក្នុង​ការ​ប្រទាញ ក្នុង​ការ​គំរាម​ដល់​បេតិកភណ្ឌ​ប្រាសាទ​ព្រះវិហារ​របស់​យើង។ ដូចជា​នៅ​ខែ ២ ឆ្នាំ ២០០៧ គេ​បាន​បង្កើត​បញ្ហា​នៅ​មុខ​ជិត​ផ្សារ​ចន្លោះ​សំបុក​ឃ្មុំ​នេះ។ គេ​បាន​រើ​របង​លួស​បន្លា​យក​មក​រៀបចំ​លយ​ចូល​មក​យើង​លូន​ចូល​មក​យើង»។

គ្រាន់​តែ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ត្រូវ​បាន​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក​សម្រេច​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​នាទី​ក្រុង​កេបិច (Quebec) ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា​ឆ្នាំ ២០០៨។ ប្រាំបី​ថ្ងៃ​ក្រោយ​មក​ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​បង្កើត​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ដោយ​អះអាង​ថា ទឹក​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ការ៉េ ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ។ ថៃ​បាន​បញ្ជូន​កងទ័ព​ឈុត​ខ្មៅ​របស់​ខ្លួន​ចំនួន​ប្រមាណ ៤០០ នាក់ ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​ត្រង់​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០០៨។

ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ និង​ថៃ បាន​កើត​មាន​ជា​ច្រើន​លើក និង​បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង្ខាង​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ថៃ នៅ​តាម​បន្ទាត់​ព្រំដែន ចាប់​ពី​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ប្រាសាទ​តា​មាន់​ធំ ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​តំបន់​ដទៃ​ទៀត បាន​ចាប់​កើត​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​លែង​ទុក​ចិត្ត​គ្នា រហូត​មិន​អាច​ជួប​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​ទ្វេ​ភាគី​បាន​ទៀត​ផង។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ បាន​រំពឹង​ទុក​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ អាច​នឹង​ដោះស្រាយ​គ្នា​ជា​ថ្មី​បាន នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ឡើង​កាន់​អំណាច ហើយ​រដ្ឋាភិបាល​របស់​លោក អាប់ភិស៊ីត ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សត្រូវ​បាន​បាត់បង់​អំណាច​ទៅ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក​ឃើញ​លោកស្រី យីងឡាក់ ដែល​ជា​អនាគត​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​ថា លោកស្រី​នឹង​ដោះស្រាយ​ជា​បន្ទាន់​ជា​អាទិភាព ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ឡើង​វិញ។

លោក ផៃ ស៊ីផាន ៖ «សារ​ដែល​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ថៃ គឺ​គេ​អត់​ជឿ​ហើយ​គេ​ដាក់​ទណ្ឌកម្ម​ទៅ​តាម​គេ​មិន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​អាប់ភិស៊ីត រហូត​ដល់​អាប់ភិស៊ីត​ខ្លួន​ឯង​លា​ចេញ​ពី​ដំណែង​នោះ ដោយ​គេ​យល់​ឃើញ​ថា អាប់ភិស៊ីត ជា​នាយករដ្ឋមន្ត្រី​បិសាច ដែល​បង្កើត​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ទាំង​ក្នុង​ស្រុក​របស់​គេ​ផង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា»។

បើ​ទោះ​បី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO និង​រង់ចាំ​ការ​អភិវឌ្ឍន៍​ឱ្យ​មាន​ចិរភាព​គង់វង្ស​យូរ​អង្វែង​ត​ទៅ​ទៀត​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ​ក៏​ដោយ ក៏​ប្រាសាទ​នេះ​បាន​ទទួលរង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​គ្រាប់​កាំភ្លើង​ធំ​របស់​ទាហាន​ថៃ ដែល​បាញ់​ចូល​ខឿន​ប្រាសាទ​បណ្ដាល​ឱ្យ​ថ្ម​ជា​ច្រើន​បែកបាក់ នៅ​ពេល​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង​ទាហាន​ខ្មែរ-ថៃ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក្នុង​រឿង​ជម្លោះ​ព្រំដែន ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​ឆ្នាំ ២០១១។ ប្រសាទ​ក៏​ប្រឈម​នឹង​ការ​ពុក​ផុយ​ខូចខាត ប្រសិន​បើ​ពុំ​មាន​គម្រោង​ជួសជុល​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ៕

ព័ត៌មាន (9)

មើល​មតិ​ទាំង​អស់.

Anonymous says:
Jul 07, 2011 12:58 PM

ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់មិនដែលបង្កប់ឱ្យយើងជឿលើការបន់ស្រន់ទេ តែឱ្យជឿលើការប្រព្រឹទ្ធ។ ដរាបណា អ្នកដឹកនាំប្រទេស នៅតែចូលចិត្តបង្ករហេតុដើម្បីបន្លំភ្នែករាស្រ្ត ដរាបនោះវិនាសកម្ម និងភាពវឹកវរនៅតែមាន៕

Anonymous says:
Jul 07, 2011 11:17 AM

I am glad to see the government is very proactive on the Preah Vihea issues; the ceremony will definately help Cambodia and make it internationally known.

Anonymous says:
Jul 08, 2011 04:31 AM

Mr. soul, no body said Preah Vihea came out of the pray; people built it. អានកាសរសេរបស់គាត់អោយច្បាស់ទៅ

Anonymous says:
Jul 07, 2011 10:14 PM

ប្រាសាទព្រះវិហារមិនមែនកើតឡើងពីការបន់ស្រន់ទេ គឺកើតពីការសាងសង់របស់មនុស្សខ្មែរ តើមែនទេ?

Anonymous says:
Jul 07, 2011 02:54 PM

អាគមផ្សំអាយុណាលោក សូមកំមើលស្រាលការបន់​ស្រន់ ហេតុអីពេលយើងទៅធើ្វរបុណ្យខំបន់ស្រន់អោយដល់ម៉ែឧយើងធ្វើអី ពេលសមយ័រត់ចោលស្រុកខំបន់ស្រន់ណាស់ តែអីឡួវបានសុខមិនមានជំនឿបន់ស្រន់ សូម្បីអ្នកជឿព្រះយេស៊ូក៏គេចេះបន់ដែលោកម្ចាស់ Did you ever the word "pray" This is what they are doing. គិតខ្លួនឯងគ្រាន់បើជាងគេណាស់

Anonymous says:
Jul 08, 2011 02:47 PM

ប៉ុន្តែចំឡែកតែបក្សប្រឆាំងនៅស្រុកខ្មែរមិនរីករាយទាល់តែសោះនៅរឿប្រសាទព្រះវិហ៊ារ។ក្រែងលោបក្សប្រឆាំងនេះជាដៃគូររបស់សៀមអាវលឿងទេដឹងន៍!មើលមិនឃើញដែររឿងហ្នឹង?

Anonymous says:
Jul 08, 2011 05:55 PM

បើសិនការបន់ស្រន់សក្ដិសិទ្ធិមែននោះ សូមឱ្យការបន់ស្រន់របស់អ្នកភូមិបឹងកក់ និងប្រជាជនឯទៀតដែលត្រូវបាន ពួកបិសាចមានទ្រព្យសម្បត្តិ មានអំណាចរំលោភយកបានដូចបំណងផងចុះ។​ហើយក៏ សូមវិញ្ញាណខ័ន្ធបុព្វបុរសខ្មែរជួយថែរក្សាការពារប្រាសាទព្រះវិហារ ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង គេចផុតពីការបំផ្លាញនានា​ ទាំងក្នុងនិងពីក្រៅប្រទេស។ សូមញ៉ាំងទឹកចិត្តខ្មែរ ឱ្យចេះធ្វើការផ្លាស់ប្ដូរ​ដើម្បីជាតិបានស្គាល់ការរីកចម្រើនពិតប្រាកដ គ្មានការគម្រាមកំហែង បំបិទសិទ្ធិសេរីភាព និងរងទឹកភ្នែកព្រោះពាក្យអភិវឌ្ឍន៍ដូចសព្វថ្ងៃទៀត៕

Anonymous says:
Jul 08, 2011 03:11 PM

It doesnt matter if it is a prayer, the most important thing is to make sure Khmer continue to have victory. If praying bring lucks and prosperity to Khmer, go ahead and do more. There are things in this world beyond our explaination to why it works. For example, Chinese tradition to care for the dead a certain way and if you dont properly burried your love one and it could hurt your business etc. If you walk into China store or Cambodia store you will see Yantra or altar to worship. it works for them. their business growth.

Anonymous says:
Jul 07, 2011 04:41 PM

I STRONGLY SUGGEST THE GOVERNMENT AND UNESCO AND INTERNATIONAL COURT TO PUNISH THAILAND WHO HAS DESTROYED PREVIHEA TEMPLE.

I NEED TO SEE THE PUNISHMENT FROM INTERNATIONAL COURT AND UNESCO TO THAILAND.

THANK YOU
KHMER NATION

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល