ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន

ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២។

អម​ព្រះរាជ​ដំណើរ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ឥស្សរជន​សំខាន់ៗ​ជា​ច្រើន​រូប។ ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រ​ជាន់​ខ្ពស់​ជា​ច្រើន​រូប រួម​ទាំង​ព្រះរាជវង្សានុវង្ស​មួយ​ចំនួន​ទៀត។

ទាក់ទង​នឹង​ព្រះរាជ​ដំណើរ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ មាន​បន្ទូល​ថា ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​លើក​នេះ គឺ​ព្រះអង្គ​យាង​ទៅ​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ជា​រៀង​រាល់​បី​ខែ​ម្ដង។ មួយ​វិញ​ទៀត ព្រះករុណា​នឹង​ចូល​បង្គំ​គាល់​ព្រះ​រាជបិតា និង​ព្រះរាជ​មាតា​របស់​ព្រះអង្គ។

ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​បន្ត​ថា ព្រះមហាក្សត្រ​អាច​នឹង​យាង​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​រយៈ​ពេល​ប្រហែល​​កន្លះ​ខែ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។