តុលាការ​កាត់​ទោស​ខ្មែរ​ក្រោម​ប្រឆាំង​បក្ស​ប្រជា​ជន​និង​វៀតណាម

មាន​មនុស្ស​ចំនួន​ជិត​៣០០​នាក់ មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ប្រជា​ពល​រដ្ឋ និង​តំណាង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក បាន​ចូល​រួម​តាម​ដាន​តុលាការ​ខេត្ត​តាកែវ បើក​សវនាការ​លើ​សំណុំ​រឿង​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​នោះ​មាន​ជន​សង្ស័យ​ជា​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ផង​ដែរ។
ដោយ សុខ សេរី
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
RFA/Tin Zakariya

តុលាការ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​បើក​សវនាការ​កាត់​ទោស​ជន​សង្ស័យ​ចំនួន​៤​នាក់ ឲ្យ​ជាប់​គុក​រវាង​២​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​រវាង​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល ក្រោម​បទ​ចោទ​ថា បាន​បាច់​ខិត្តប័ណ្ណ ឬ​បាច​ត្រាក់​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ នៅ​ក្នុង​ខេត្ត​តាកែវ។

ចៅ​ក្រម​ជម្រះ​ក្ដី​នៃ​តុលាការ​ខេត្ត​តាកែវ គឺ​លោក ចេង ប៊ុនលី បាន​អាន​សាលក្រម​ផ្ដន្ទា​ទោស ឈ្មោះ ថាច់ ទ្បេ អ្នក​រត់​ម៉ូតូ​ឌុប​ឲ្យ​ជាប់​គុក ២​ឆ្នាំ ផាក​ពិន័យ ២​លាន​រៀល, ផ្តន្ទា​ទោស ឈ្មោះ ថាច់ វណ្ណៈ ឲ្យ​ជាប់​គុក ២​ឆ្នាំ ផាក​ពិន័យ ២​លាន​រៀល និង​ផ្តន្ទា​ទោស​កំបាំង​មុខ ឈ្មោះ ថាច់ កុងភួង ចំនួន​៣​ឆ្នាំ ផាក​ពិន័យ​ចំនួន​៦​លាន​រៀល។

២០-មេសា-២០០៧: ព្រះសង្ឃ​​ខ្មែរ​កម្ពុជា​ក្រោម ​​ព្រះ​នាម ថាច់ កុងភួង (ស្ដាំ) ចូល​រួម​ធ្វើ​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​វៀតណាម នៅ​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។
២០-មេសា-២០០៧: ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​ធ្វើ​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​វៀតណាម នៅ​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។ RFA/Keo Nimol

តុលាការ​ខេត្ត​តាកែវ​ដដែល បាន​ផ្ដន្ទា​ទោស​មាន​ឈ្មោះ លាង សុខ​ជឿន ជា​បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ឲ្យ​ជាប់​គុក​២​ឆ្នាំ ផាក​ពិន័យ ២​លាន​រៀល។ ទាំង​អស់​គ្នា​រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរ​កាល​សម័យ​អ៊ុនតាក់ (UNTAC) ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ដើម​បណ្តឹង​នៃ​សំណុំ​រឿង​នេះ គឺ​អាជ្ញាធរ​នគរបាល​ខេត្ត​តាកែវ និង​ព្រះ​រាជ​អាជ្ញា លោក មាស សុភ័ក្រ របស់​តុលាការ​ខេត្ត​តាកែវ ប៉ុន្តែ​មិន​មាន​មេធាវី​ខាង​ដើម​ចោទ​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ​ទេ។

ខិត្តប័ណ្ណ​មួយ​នៅ​ក្នុង​ចំណោម​ខិត្តប័ណ្ណ​ជា​ច្រើន ដែល​ព្រះ​រាជ​អាជ្ញា​បាន​យក​មក​អាន​នោះ គឺ​មាន​ខ្លឹម​សារ​ថា កាដូ​ថ្ងៃ​៧​មករា គឺ​ជា​ថ្ងៃ​យួន​ឈ្លាន​ពាន​កម្ពុជា។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​តាម​ដាន​សវនាការ​នេះ នៅ​ឯ​តុលាការ​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា អាជ្ញាធរ​នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ខុស​មនុស្ស ចំ​បុគ្គលិក​នៃ​អង្គការ​លីកាដូ ដែល​ជា​មនុស្ស​គ្មាន​កំហុស គ្មាន​សាក្សី​ការ​ដាក់​បន្ទុក ហើយ​ចាប់​ខ្លួន​ខុស​នីតិ​វិធី៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

kjhdds

Aug 30, 2010 08:44 AM

គេហទំព័រ​ទាំងមូល