វៀតណាមជំទាស់មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមក្លាយជាសមាជិកអ.ស.ប.
2012.07.25
សមាជិកនៃប្រឹក្សានេះ ភាគច្រើនបានបោះឆ្នោតគាំទ្រការជំទាស់របស់រដ្ឋាភិបាលវៀតណាម ក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី២៣ ខែកក្កដា។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក នៅថ្ងៃអង្គារ ទី២៤ កក្កដា បានឲ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មិនបានក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិនៅឡើយទេ ដោយសារតែរដ្ឋាភិបាលវៀតណាម បានជំទាស់។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី២៣ បានបោះឆ្នោតសម្រេចលើពាក្យសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកក្រុមប្រឹក្សានេះ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនបានទទួលការគាំទ្រភាគច្រើនពីប្រទេសនៃសមាជិកក្រុមប្រឹក្សានោះទេ។ ប្រទេស ១៤ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រទេស ២៧ រួមមានវៀតណាម និងចិន ជំទាស់បេក្ខភាពនេះ។
លោក ថាច់ ង៉ុកថាច់៖ «នៅក្នុងនេះយើងថា បរាជ័យក៏មិនអាចថាបានដែរ ពីព្រោះយើងខិតខំឲ្យប្រទេសមហាអំណាចទាំង៣ គាំទ្រយើង។ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស គាំទ្រយើង»។
តំណាងរដ្ឋាភិបាលវៀតណាម បានជំទាស់បេក្ខភាពសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយលើកហេតុផលថា ខ្មែរកម្ពុជាក្រោមចង់បានឯករាជ្យពីវៀតណាម និងរើសអើងពូជសាសន៍ ដោយហៅជនជាតិវៀតណាមថា យួន។
វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ ជួន ណាត សរសេរថា យួនជាជាតិមនុស្សអ្នកដែន តុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ។
លិខិតរដ្ឋាភិបាលវៀតណាម តវ៉ាប្រឆាំងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោមរបស់វៀតណាម សរសេរថា ការស្នើសុំឲ្យមានការផ្ដល់សិទ្ធិសេរីភាព និងយុត្តិធម៌ដល់ខ្មែរកម្ពុជាក្រោម ជាការរំលោភលើឯកភាពជាតិវៀតណាម ដែលមានជនជាតិភាគតិច ៥៤ជនជាតិកំពុងរស់នៅ។ លិខិតបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាស្ថាប័ននៅក្រៅប្រទេស មិនតំណាងឲ្យខ្មែរកម្ពុជាក្រោម ប៉ុន្តែចង់ប្រែក្លាយទឹកដីកម្ពុជាក្រោម ជាប្រទេសឯករាជ្យ។
លោក ថាច់ ង៉ុកថាច់ បានបដិសេធការចោទប្រកាន់នេះ។ លោកថា ពាក្យ "យួន" មិនមែនជាពាក្យរើសអើងឡើយ ហើយប្រវត្តិសាស្ត្របញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធនឹងបន្តយុទ្ធនាការក្លាយជាសមាជិកក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិនេះ ប៉ុន្តែសហព័ន្ធនឹងរង់ចាំរហូតដល់ ៣ឆ្នាំទៅមុខទៀត ទើបអាចដាក់ពាក្យជាថ្មីម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។