កម្មករ​ប្រមាណ​៦​ពាន់​នាក់​មក​សុំ​ពាក្យ​ប្រឡង​ទៅ​ធ្វើការ​នៅ​កូរ៉េ

មាន​ពលករ​ពលការិនី​កម្ពុជា​មក​ពី​ខេត្ត​ក្រុង​នានា​ប្រមាណ​៦​ពាន់​នាក់ បាន​មក​ជួប​ជុំ​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ទី​២៦ កុម្ភៈ​មក ដើម្បី​សុំ​ពាក្យ​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។
ដោយ ឡេង ម៉ាលី
2010-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ជួប​ជុំ​គ្នា​របស់​ពលករ​និង​ពលការិនី​កម្ពុជា​ទាំង​ប្រមាណ​៦​ពាន់​នាក់ ដែល​សម្រុក​មក​សុំ​ពាក្យ​ប្រឡង​នេះ បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិទ្យា​របស់​ក្រសួង​ការងារ​នៅ​ឯ​ក្រុង​ភ្នំពេញ ក្នុង​គោលបំណង​ស្វែង​រក​ឱកាស​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។

លោក​សាស្រ្តាចារ្យ ប៊ុន ភារិន្ទ នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ដែល​កំពុង​សម្រប​សម្រួល​ទី​កន្លែង​និង​ការ​ចែកចាយ​ពាក្យ​សុំ​ប្រឡង​ដល់​ពលករ​ខ្មែរ​ថ្លែង​ថា ពាក្យ​សុំ​ប្រឡង​ភាសា​កូរ៉េ ដែល​កំពុង​ផ្តល់​ជូន​គឺ​មាន​ធ្វើ​ឡើង​នៅ​តែ​ក្នុង​បរិវេណ​វិទ្យាស្ថាន​នេះ​ប៉ុណ្ណោះ និង​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ។

លោក​សាស្រ្ដាចារ្យ ប៊ុន ភារិន្ទ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ទី​នេះ​ដោយសារ​ថា ទី​តាំង​ល្អ​ហើយ​ធំ​ទូលាយ អ៊ីចឹង​ទេ​យើង​ជ្រើស​រើស​កន្លែង​សម្រាប់​ចែក​ជូន​នូវ​ពាក្យ​សុំ​ប្រឡង។ ក្រោយ​ពី​បាន​ពាក្យ​សុំ​ប្រឡង​យើង​យក​ទៅ​បញ្ចូល​ក្នុង​ប្រព័ន្ធ​គណនេយ្យ​របស់​យើង ឯកសារ​របស់​យើង ហើយ​យើង​នឹង​បញ្ចេញ​មក​វិញ​នូវ​ឈ្មោះ​បេក្ខជន​ដែល​សុំ​ប្រឡង ហើយ​និង​មណ្ឌល​ដែល​គាត់​ត្រូវ​សុំ​ប្រឡង។ អាច​មាន​នៅ​កន្លែង​នេះ អាច​មាន​នៅ​សាលា​មួយចំនួន​ទៀត​ក្នុង​ក្រុង​ភ្នំពេញ ប៉ុន្តែ​គាត់​ត្រូវ​តែ​មក​ទទួល​ពាក្យ​នៅ​កន្លែង​ហ្នឹង ហើយ​ពាក្យ​ដែល​គាត់​បាន​ទទួល​នៅ​ថ្ងៃ​នេះ គឺ​ជា​ពាក្យ​ដែល​គាត់​ត្រូវ​ទទួល​បាន​ដោយ​ឥត​គិត​ថ្លៃ ...»

ពលការិនី​មក​ពី​ខេត្ត​សៀមរាប​មួយ​រូប​ឈ្មោះ ពឹង ស៊ីណាត ដែល​នៅ​ក្នុង​ដៃ​មាន​កាន់​ពាក្យ​សុំ​ប្រឡង​ទើប​ទទួល​បាន​មួយ​សន្លឹក ហើយ​សម្តែង​ក្តី​សង្ឃឹម​ច្រើន​នៅ​ក្នុង​ការ​ប្រឡង​ខាង​មុខ ដោយសារ​តែ​ខ្លួន​អះអាង​ថា ចេះ​និយាយ​ភាសា​កូរ៉េ​ផង​និង​អង់គ្លេស​ផង​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា ៖ «មិន​មាន​ទារ​លុយ​ទេ​ពេល​ចែក(ពាក្យ)​ហ្នឹង ប៉ុន្តែ​ពេល​យើង​ដាក់​១៧​ដុល្លារ។ ពេល​យើង​ដាក់​ទៅ​វិញ​គឺ​ជា​សេវាកម្ម​សម្រាប់​បម្រើការ​ជា​សោហ៊ុយ​សម្រាប់​អ្នក​ធ្វើការ អ៊ីចឹង​យើង​អត់​មាន​បញ្ហា​ទេ»

លោក ប៊ុន ភារិន្ទ សាស្រ្តាចារ្យ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ​ពលការិនី​ប្រមាណ​៦​ពាន់​អ្នក​នេះ នឹង​ត្រូវ​ប្រឡង​ជ្រើស​រើស​យក​ចំនួន​តែ​៧​រយ​នាក់​ប៉ុណ្ណោះ ដើម្បី​ទៅ​បំពេញ​ការងារ​កសិកម្ម​នៅ​ប្រទេស​កូរ៉េ។

ទន្ទឹម​គ្នា​នេះ​ដែរ ពលករ​មក​ពី​ខេត្ត​កណ្តាល​មួយ​រូប​ឈ្មោះ ភុន ភឿន និយាយ​ថា គាត់​បាន​បោះបង់​គោលបំណង​សុំ​ពាក្យ​ប្រឡង​របស់​គាត់​វិញ​ដោយសារ​ចំនួន​អ្នក​សុំ​ពាក្យ​ច្រើន​ពេក និង​ម្យ៉ាង​ទៀត​គាត់​រង់ចាំ​ការងារ​ឧស្សាហកម្ម ៖ «ខ្ញុំ​ពិបាក​ក្នុង​ការ​យក​ពេក ម្ល៉ោះ​ហើយ​បាន​ជា​ខ្ញុំ​ណាយ ខ្ជិល​ចង់​ទៅ​ទៀត ព្រោះ​មនុស្ស​ច្រើន​ពេក​ពិបាក»

លោក​សាស្រ្តាចារ្យ ប៊ុន ភារិន្ទ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ដំណាក់កាល​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២៨ កុម្ភៈ គឺ​គ្រាន់តែ​ជា​ការ​ចែក​ទម្រង់​ពាក្យ​សុំ​ប្រឡង​ឲ្យ​យក​ទៅ​បំពេញ​ប៉ុណ្ណោះ រី​ឯ​ពេល​វេលា​ប្រឡង​ពិត​ប្រាកដ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល