ប្រតិភូ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​បុរី​ញីវយ៉ក​ទទួល​បាន​ការ​សន្យា តែ​មិន​បាន​ថវិកា

គណៈ​ប្រតិភូ​ពី​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ចប់​កិច្ច​ប្រជុំ​ជា​មួយ​តំណាង​ប្រទេស​ផ្ដល់​ជំនួយ​សម្រាប់​ស្ថាប័ន​រក​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​នោះ កាល​ពី​ថ្ងៃ​ទី ២៤​កុម្ភៈ កន្លង​ទៅ នៅ​បុរី​ញីវយ៉ក ស.រ.អា.។

លោក នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​ផ្ដល់​ជំនួយ​បាន​ពិនិត្យ​សំណើ ហើយ​យល់​ស្រប​ថា ដូច​ជា​សម​រម្យ ៖ "...យើង​បាន​ទទួល​ដំណឹង​ល្អ​ដោយ​សារ​ថា ប្រទេស​ម្ចាស់​ជំនួយ​បាន​យល់​ព្រម​ទៅ​លើ​គម្រោង​ថវិកា​ដែល​ស្នើ​ឡើង​សម្រាប់​ឆ្នាំ​២០១២ និង​២០១៣ ដែល​សុំ​ជា​ទឹក​ប្រាក់ ៨៩​លាន​ដុល្លារ សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ សម្រាប់​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួន។ ហើយ​នេះ​ជា​ការ​យល់​ព្រម​ជា​គោល​ការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ រវាង​ដែល​គេ​ហៅ​ថា គណៈកម្មការ​នៃ​ប្រទេស​គន្លឹះ​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម ដែល​មាន​ប្រទេស​បារាំង ប្រទេស​ជប៉ុន ប្រទេស​អង់គ្លេស ប្រទេស​អាល្លឺម៉ង់ ជា​ដើម។ គម្រោង​ថវិកា​នេះ គឺ​បាន​ដាក់​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​ម្ចាស់​ជំនួយ​ប្រមាណ​២០ ក្នុង​នោះ​មាន​ប្រទេស​មួយ​ចំនួន បាន​សន្យា​ថា​នឹង​ជួយ​ដល់​សាលាក្ដី​ត​ទៅ​ទៀត។"

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ថវិកា​ជា​ច្រើន​ខែ​មក​ហើយ ជា​ពិសេស​សម្រាប់​បៀវត្ស​របស់​មន្ត្រី និង​បុគ្គលិក​គ្រប់​ផ្នែក ដែល​បម្រើ​ការ​ក្នុង​សាលាក្ដី​នេះ។

លោក នេត្រ ភក្រ្តា បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​ច្រើន​ថា ម្ចាស់​ជំនួយ​នឹង​ជួយ​បញ្ចេញ​ថវិកា​ដល់​សាលាក្ដី​បាន​ឆាប់​រហ័ស ដើម្បី​រំលែក​បន្ទុក​របស់​មន្ត្រី​រាជការ​ខាង​ភាគី​ជាតិ ដែល​អ្នក​ខ្លះ​មិន​បាន​ទទួល​ប្រាក់​ខែ​កន្លង​មក ៖ "...ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​យើង​នេះ បច្ចុប្បន្ន​ជួប​នឹង​កង្វះ​សាច់​ប្រាក់​បើក​ប្រាក់​ខែ​ជូន​មន្ត្រី បុគ្គលិក និង​ចៅក្រម​ដែល​បម្រើ​ការ​នៅ​ក្នុង​សាលាក្ដី។ សម្រាប់​ចៅក្រម ព្រះ​រាជ​អាជ្ញា និង​ក្រុម​មន្ត្រី​ផ្នែក​ច្បាប់​ក្នុង​ការិយាល័យ​របស់​ពួក​គាត់​ហ្នឹង គឺ​មិន​បាន​ទទួល​បៀវត្ស​តាំង​ពី​ខែ​តុលា​មក​ម្ល៉េះ ហើយ​សម្រាប់​បុគ្គលិក​ទូទៅ ខាង​ផ្នែក​សាធារណៈ ខាង​ផ្នែក​រដ្ឋបាល ផ្នែក​គ្រប់គ្រង​តុលាការ អ្នក​បើក​បរ អ្នក​បោស​សំអាត​អ្វី​ផ្សេងៗ​នោះ គាត់​មិន​បាន​ទទួល​បៀវត្ស​តាំង​ពី​ខែ​មករា ហើយ​ខែ​កុម្ភៈ​នេះ ក៏​មិន​ទាន់​បាន​ដែរ ហើយ​មិន​ទាន់​រំពឹង​បើ​ការិយាធិបតេយ្យ​វា​ច្រើន​ពេក ហើយ​ការ​ផ្ទរ​ប្រាក់​មាន​ការ​យឺតយ៉ាវ។ ខែ​មីនា​នេះ​ក៏​មិន​ទាន់​ដឹង​ថា​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ដែរ៕"

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។