លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៣០ ខែកក្កដា ថា សាលាក្ដីខាងភាគីជាតិមានថវិកាសម្រាប់ចំណាយទៅលើប្រាក់ខែបុគ្គលិកត្រឹមខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងបេសកកម្មស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ឲ្យដឹងដូច្នេះ ៖ «សម្រាប់ពេលនេះខាងផ្នែកជាតិពុំមានជួបបញ្ហាខ្វះថវិកាជាបន្ទាប់តទៅទៀតទេ ដោយសារតែឥឡូវនេះយើងបាន និងកំពុងទទួលវិភាគទានស្ម័គ្រចិត្តពីសហគមន៍អឺរ៉ុប។ អ៊ីចឹងថវិកាដែលមាននៅក្នុងគណនេយ្យផ្នែកជាតិហ្នឹង អាចអនុញ្ញាតឲ្យផ្នែកជាតិហ្នឹងមិនជួបប្រទះកង្វះខាតថវិកាទេ ហើយអាចឈានទៅបើកប្រាក់ខែជាប្រក្រតីជូនបុគ្គលិកឡើងវិញពីពេលនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១០»។
សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃទី២៦ ខែកក្កដានេះ ទើបបានប្រកាសសាលក្រមលើសំណុំរឿង ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ឬមន្ទីរស-២១ ឲ្យជាប់ពន្ធនាគារ ៣៥ឆ្នាំ។ បច្ចុប្បន្នសាលាក្ដីកំពុងបន្តបេសកកម្មរបស់ខ្លួនទៅលើសំណុំរឿង ០០២ បន្តទៀត ដែលមានអតីតមេដឹកនាំខ្មែរក្រហម ៥រូបត្រូវបានចោទប្រកាន់។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា សំណុំរឿង ០០២ គឺជាសំណុំរឿងក្តីរបស់អតីតមេដឹកនាំខ្មែរក្រហមចំនួន ៥រូប រួមមានលោក ខៀវ សំផន, លោក អៀង សារី, អ្នកស្រី អៀង ធីរិទ្ធ, លោក នួន ជា និងអាចមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ផងដែរ។ សាលាក្ដីនឹងពិចារណាថា តើនឹងបញ្ចូល ឌុច ក្នុងសំណុំរឿង ០០២ នេះជាចុងក្រោយ ឬយ៉ាងណា នៅខែកញ្ញាខាងមុខនេះ៕