សកម្មជនគណបក្ស សម រង្ស៊ី ឈ្មោះ ឌី ឌីន អាយុ ៣៣ឆ្នាំ នៅក្នុងភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសម្បូរណ៍ ខេត្តកំពង់ធំ កំពុងតែរត់លាក់ខ្លួន នៅគ្រាដែលតុលាការខេត្តកំពង់ធំបានចេញដីកានាំខ្លួនកាលពីថ្ងៃទី២៨ ខែមិថុនានេះ ចេញដោយចៅក្រមស៊ើបសួរ គឺលោក ទិត សុទ្ធីបូរាឆាត ក្រោមបទចោទថា បានសម្លាប់លោក ហ៊ឹម ឃិន ជាឪពុកមារបស់ខ្លួនកាលពីឆ្នាំ២០០៦។
សាច់ញាតិរបស់ជនរងគ្រោះមិនបានប្ដឹងសកម្មជននេះទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋានជាអ្នកដើមបណ្ដឹងក្នុងសំណុំរឿងនេះ ហើយនេះជាការកោះហៅលើកទី៣ហើយ។
សកម្មជនគណបក្ស សម រង្ស៊ី ឈ្មោះ ឌី ឌីន ថ្លែងថា ខ្លួនកំពុងតែស្វែងរកការជួយអន្តរាគមន៍ជួយរកយុត្តិធម៌ចំពោះរឿងនេះ ៖ «គេសុំខ្ញុំឃាត់ខ្លួន តែខ្ញុំអត់មានឲ្យបងឃាត់ខ្លួនទេ ព្រោះខ្ញុំអត់មានរឿងផង! ពេលហើយគេចុចមក ប៉ូលិស អធិការស្រុក ឈ្មោះ ភោគ លី ហ្នឹង។ ភោគ លី ចុចទៅទូរស័ព្ទតុលាការហ្នឹងឲ្យជួបខ្ញុំ។ ជួបទៅគេថា ភោគ លី អធិការរងហ្នឹង គេថា ឈ្មោះ ឌី ឌីន ហ្នឹង បើមិនឲ្យលុយទៅគេ ៥០០ដុល្លារទេ ខ្លួនឯងមិនរួចខ្លួនទេ! ឥឡូវខ្ញុំថា អត់មានលុយទេ!»។
សកម្មជនរូបនេះបានប្រាប់ថា លោកគ្មានថវិកាដើម្បីជួលមេធាវីការពារក្តីនេះទេ ដោយសារជីវភាពក្រីក្រ។
អធិការរងនគរបាលស្រុកប្រាសាទសម្បូរណ៍ ខេត្តកំពង់ធំ លោក ភោគ លី ដែលរងការចោទថា លោកទាមទារប្រាក់ចំនួន ៥០០ដុល្លារ កាលពីខែឧសភា ជាថ្នូរនឹងការមិនចាប់ខ្លួន បានមានប្រសាសន៍ពន្យល់ថា លោកគ្រាន់តែសង្ស័យ ហើយគ្មានភស្តុតាងទេលើសកម្មជនរូបនោះ។
លោក ភោគ លី បានបញ្ជាក់ថា ៖ «មិនមានភស្តុតាងអីឲ្យច្បាស់លាស់ជាក់លាក់ ទៅឃើញជាក់ស្ដែងទេ»។
សុខ សេរី ៖ គាត់ចោទប្រកាន់ថា លោកបានទាក់ទងទៅគាត់តាមទូរស័ព្ទក្ដី ជួបក្ដី ថាសុំទារ ៥០០ដុល្លារ បើមិនអ៊ីចឹងទេត្រូវចាប់ខ្លួន តើរឿងហ្នឹងពិតទេ? ភោគ លី ៖ អត់ទេ! ខ្ញុំមិនដែលបានទាក់ទងជាមួយគាត់អ៊ីចឹងផង។
ភរិយារបស់ជនរងគ្រោះឈ្មោះ ហ៊ឹម ឃិន លោកស្រី ទី ហ៊ីម អាយុ ៣៥ឆ្នាំ បានថ្លែងថា ក្មួយរបស់លោកស្រីឈ្មោះ ឌី ឌីន និងឪពុកមាឈ្មោះ ហ៊ឹម ឃិន បានហូបបាយជុំគ្នានៅក្នុងផ្ទះ នៅពេលយប់ ស្រាប់តែមានគេហៅស្វាមីចេញទៅដេញគោ ហើយបានរងការបាញ់សម្លាប់នៅពេលនោះ ៖ «ចេញទៅគាត់អើតតាមបង្អួច គេបាញ់តែម្ដង!»។
អ្នកសម្របសម្រួលស្ដីទីអង្គការការពារសិទ្ធិមនុស្ស លីកាដូ នៅក្នុងខេត្តកំពង់ធំ លោក អាង ចន្ធី បានមានប្រសាសន៍ថា បើសិនណាលោកបានទទួលបណ្ដឹងពីសកម្មជននោះ លោកនឹងផ្ដល់កិច្ចការពារតាមនីតិវិធី។
លោក អាង ចន្ធី បានអះអាងថា ៖ «បើសិនណាគាត់ពឹងមកខាងខ្ញុំ ខ្ញុំនឹងទាក់ទងទៅខាងភ្នំពេញ ខ្ញុំថា តើត្រូវមានគោលការណ៍ មេធាវីខាងលីកាដូខ្ញុំនៅភ្នំពេញ កាន់ឲ្យគាត់កើត ឬមួយក៏អត់... បើមិនកើតទេ ខាងខ្ញុំនឹងរកមេធាវីអង្គការផ្សេងឲ្យកាន់ជូនគាត់»។
សកម្មជនរូបនេះបានឲ្យដឹងថា លោកមិនចូលខ្លួនទៅតុលាការតាមការកោះហៅនោះទេ ដោយសារមានការព្រួយបារម្ភខ្លាចត្រូវគេចាប់ខ្លួន៕