អ្នក​ភូមិ​បុរី​កីឡា​តវ៉ា​បិទ​ផ្លូវ​ទាម​ទារ​ដំណោះ​ស្រាយ

អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ១០០​នាក់ បិទ​ផ្លូវ​លេខ ២១១ ក្នុង​សង្កាត់​វាល​វង់​ខណ្ឌ ៧ មករា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១២ ដើម្បី​ទាមទារ​អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) សង់​អាគារ​អោយ​គ្រប់​ចំនួន​ទៅ​តាម​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ។
ដោយ សុ ជីវី
2012-02-27
Share
បុរី​កីឡា កុម្ភៈ ៣០៥ អ្នកភូមិ​បុរី​កីឡា​ប្រមាណ ១០០​នាក់ ឈរ​ទាមទារ​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ផ្ដល់​ដំណោះ​ស្រាយ​តាម​កិច្ចសន្យា​នៅ​ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់ ខណ្ឌ​៧មករា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។
RFA/Sochivy

ជាថ្មី​ម្តង​ទៀត​អ្នក​ភូមិ​បុរី​កីឡា ដែល​នៅ​សេស​សល់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​អាគារ​ទី​៨ ក្នុង​ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់​ខណ្ឌ ៧ មករា។ ពួកគេ​មាន​កាន់​បដា និងព្រះ​ឆាយាលក្ខណ៍ ​ព្រះ​មហា​ក្សត្រ ព្រះ​មហាវីរ​ក្សត្រ និង​អគ្គ​មហេសី និង រូបថត លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងភរិយា ​ដោយ​ទទូច​អោយ​​ក្រុម​ហ៊ុន​ត្រូវ​ផ្តល់​ផ្ទះ​អោយ​ពួក​គេ​ទៅ​តាម​កិច្ច​សន្យា​ នៃការ​អភិ​វឌ្ឍ​នៅនឹងកន្លែង។

ពួក​គេបាន​លើកគ្នា​ទៅ​តវ៉ា​នៅ​លើ​ផ្លូវ​លេខ ២១១ ជាប់​ខាង​លិច​ប្លុក​​បុរី​កីឡា អស់​រយៈ​ពេល​ជាង​១ម៉ោង​។ ​​​​ពួកគេ​បាន​លើក​បង្ហាញ​ឯក​សារសំគាល់​ការ​ស្នាក់​នៅ​របស់​ពួកគេ​ក្នុង​តំបន់​បុរី​កីឡា។ ពួក​គេ​បញ្ជាក់​ថា ពួកគេ​ជាង ​១០០​គ្រួ​សារ​មាន​ឯកសារ​ដែល​បាន​អង្កេត​រួច​កាល​ពី​ឆ្នាំ​២០០៣។

ការអះអាង​របស់​អ្នក​ភូមិ​បុរី​កីឡា​ជា​ប្រតិកម្ម​តប​នឹង​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិ​មា។ នៅ​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០១២ លោក កែប ជុតិមា បញ្ជាក់​ថា អ្នក​ភូមិ​បុរី​កីឡា​ភាគ​ច្រើន​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ នៅ​សល់ ៣៥​គ្រួសារ កំពុង​សម្រប​សម្រួល​អោយ​ទទួល​បាន​ផ្ទះ។

ចំណែក​អ្នក​ភូមិ​ផ្សេង​ទៀត​គឺ​ពុំ​មាន​ឯក​សារ​ត្រឹម​ត្រូវ អ្នក​ទាំង​នោះ​ជា អ្នក​ខិល​ខូច​យក​ផ្ទះ​ពី​រដ្ឋទៅ​លក់ រួច​ចាប់​ផ្ទះ​ថ្មី ឬ​បំបែក​គ្រួ​សារ និងលក់​ផ្ទះ​ហើយ​មិន​ព្រម​ចាក​ចេញ​ពី​តំបន់​បុរី​កីឡា។

ដោយ​សំអាង​ថា​មានឯក​សារ​ត្រឹម​ត្រូវ ​អ្នក​ភូមិ​បុរី​កីឡាដែល​អង្គុយកណ្តាល​ផ្លូវ​បាន​ទាម​ទារ​បអោយ​ប្រធាន​ក្រុម​ហ៊ុន ផាន​អ៊ី​ម៉ិច អ្នក​ស្រី​ ស៊ុយ សុផាន ផ្តល់​ដំណោះ​ស្រាយ​ដូច​មាន​ចែង​ក្នុង​កិច្ច​សន្យា។

ក្រៅ​ពី​អ្នក​ភូមិ​ដែល​មាន​វ័យ​ចំណាស់ នៅ​ក្នុង​ការ​តវ៉ា​នោះ​គេ​ក៏​ឃើញ​មាន​កុ​មារ​ប្រ​មាណ​ជិត​១០​នាក់​បាន​ទៅ​តាម​។ ពួក​គេ​បានកាន់បដា និង​រូប​ថត​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន។

កុមារី វ៉ាន់ ស្រី​លីស អាយុ ៨ ឆ្នាំ ​បាន​និយាយ​ថា គ្រួ​សារ​របស់​គេជួប​ការ​លំ​បាក​កាន់​តែ​ខ្លាំង​នៅ​ក្រោយ​ពេល​ផ្ទះ​សម្បែង​ត្រូវ​ឈូស​ឆាយ​បំផ្លាញ។ ដោយ​សារ​ជីវ​ភាព​គ្រួសារ​ដុន​ដាប​ស្រី​លីស ​មិន​បាន​ទៅ​រៀន​ជិត​មួយ​ឆ្នាំ​ហើយ។ នៅ​ពេល​នេះ​គេ​អំពាវ​នាវ​អោយ​អាជ្ញា​ធរ​ពាក់ព័ន្ធ ផ្តល់​ដំណោះ​ស្រាយអោយ​បាន​ឆាប់។

អ្នក​ភូមិ​ដែល​តវ៉ា ​ក៏​បាន​ទាម​ទារ​អោយ​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច ផ្អាក​ការ​សាង​សង់​អាគារ​ ទី​៩ និង​ទី​១០ ហើយ​ងាក​មក​ផ្តល់​ដំណោះ​ស្រាយ​ដល់ពល​រដ្ឋ។

ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច​អ្នកស្រី ស៊ុយ សុផាន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ប្រសិន​បើ​ពលរដ្ឋ​មាន​ឯកសារ​ត្រឹម​ត្រូវ​ក្រុម​ហ៊ុន នៅ​តែ​មាន​គោល​នយោបាយ​ផ្តល់​ផ្ទះ​សម្រាប់​ពួកគេ។

​អ្នក​ភូមិ​បុរី​កីឡា បាន​បញ្ចប់​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​លេខ ២១១ នៅ​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ ដោយ​ពុំ​បាន​ទួល​បាន​ដំណោះ​ស្រាយ។ ពួកគេ​បញ្ជាក់​ថា នឹង​បន្ត​ការ​តវ៉ា នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​ រហូត​ទទួល​បាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (6)

មើល​មតិ​ទាំង​អស់.

Anonymous says:
Mar 02, 2012 11:34 AM

សុំលោកកែប​ជុតិមា​ មេត្តាមើលប្រជាពលរដ្ឋផង ព្រោះពួកគាត់វេតនាណាស់ ចុះបើលោកជួបបញ្ហានេះដូចពួកគាត់តើលោកគិតយ៉ាងណា?​បងប្រុសខ្ញុំក៏ជួបបញ្ហាដូចពួកគាត់ដែល។

Anonymous says:
Feb 28, 2012 03:43 AM

It is strang for the khmer people always holding the picture of the state or government leader during the demonstration against the government wrongdoings,but in the democratic countries they always defame their leaders or destroyed the picture.

Anonymous says:
Feb 28, 2012 02:14 AM

no body care with those people ,why Hun sen and other hight rang government worker don,t care with this.

Anonymous says:
Feb 27, 2012 08:44 AM

នៅកំពង់ឆ្នាំងឃើញលោកនាយរដ្ឋមន្រ្តីជួយស្រ្តីមេម៉ាយម្នាក់ក្នុងរឿងវិវាទផ្ទះ ដោយសារលោកជំទាវយំ ចុះនៅភ្នំពេញវិញនៅជិតគ្នា និងវេទនាជាងរាប់រយដង ម៉េចមិនអាចជួយគ្នា?

Anonymous says:
Feb 27, 2012 07:20 AM

Borei Keila Friends! do what ever you can because it seem Hun Sen is an incapable priminister.

Anonymous says:
Feb 27, 2012 06:41 AM

ជំរាបសួរលោកកែប ជុតិមា៖ប្រសិនជាមានករណីយ៍ដូច
លោកនិយាយមែននោះខ្ញុំយល់ថាជាកំហុសរបស់លោក
ទាំងស្រុង។លោកគួរតែធ្វើបញ្ជីជំរឿនប្រជាជនឱ្យបាន
ច្បាស់;ពិតប្រាកដពីដើមដំបូងមុនពេលចាប់ផ្ដើមរុសរើ។
ពុំមែនគិតតែពីរឿងឡើងតុស៊ីផឹក ស្រីស្រានិងរាប់លុយ
សំណូកទេ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល