ដី​ជន​ជាតិ​ដើម​នៅ​រតនគិរី មាន​ប័ណ្ណ​កម្មសិទ្ធិ​របស់​អភិបាល​ក្រុង​ភ្នំពេញ

ជន​ជាតិ​ទំពួន​ប្រមាណ​២៥​នាក់ រស់​នៅ​ខេត្ត​រតនគិរី បាន​ចោទ​តុលាការ​ថា​គ្រោង​ដក​ហូត​ដី​ចម្ការ​ចំនួន​១០០​ហិកតារ​ពី​ពួក​គាត់ ជូន​ទៅ​លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ។
ដោយ គង់ យុទ្ធនា
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាតិ​ទំពួន​ប្រមាណ​២៥​នាក់ រស់​នៅ​ខេត្ត​រតនគិរី ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រឿង​ដីធ្លី កាល​ពី​ថ្ងៃ​ទី​៣០ សីហា ២០១០
ជន​ជាតិ​ទំពួន​ប្រមាណ​២៥​នាក់ រស់​នៅ​ខេត្ត​រតនគិរី ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រឿង​ដីធ្លី កាល​ពី​ថ្ងៃ​ទី​៣០ សីហា ២០១០
RFA/Kong Youthana

អ្នក​ភូមិ​ជន​ជាតិ​ទំពួន ប្រមាណ​២៥​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ភូមិ​ប៉ាណល ឃុំ​ទីង​ចាក់ ស្រុក​បរកែវ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ដើម្បី​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​ក្រុម​សមត្ថកិច្ច ដែល​ដឹក​នាំ​ដោយ​ចៅក្រម​តុលាការ​ខេត្ត​រតនគិរី ចុះ​អង្កេត​លើ​ដី​ចម្ការ​របស់​ពួក​គាត់ ចំនួន​១០០​ហិកតារ។

មេ​ភូមិ​ប៉ាណល លោក រម៉ាម ហឺញ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា​ថា ការ​ជួប​ជុំ​របស់​អ្នក​ភូមិ​ធ្វើ​ឡើង​ខណៈ​ដែល​តុលាការ និង​ក្រុម​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​វាស់​វែង​ដី​របស់​ខ្លួន ដើម្បី​ដក​ហូត​យក​ទៅ​ប្រគល់​ឲ្យ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា។ ប្រជា​ពល​រដ្ឋ​រួម​ទាំង​រូប​លោក​ផង​ដែរ មិន​សុខ​ចិត្ត​ចំពោះ​សកម្មភាព​នេះ​ទេ ដូច្នេះ​ទើប​នាំ​គ្នា​តវ៉ា​ឡើង ៖ «គេ​ដាក់​ថា​មួយ​រយ​ហាត់ ហ្នឹង​ហើយ​ដី ជូន កែប ជុតិម៉ា នោះ​ណា អភិបាល​ក្រុង​ភ្នំពេញ ដី​តាំង​ពី​ដូន​តា​ខ្ញុំ។ ផូង​ខ្ញុំ​តាំង​ពី​កើត​មក ដូន​តា​ងាប់​នៅ​នេះ​ហើយ។ យក​តា​ទេ​ហ្មង អត់​មាន​ទិញ​ម៉ា​រៀល ធ្វើ​ប្លង់​ក៏​ប្រជា​ជន​អត់​មាន​ដឹង​អី​ផង»

មេ​ភូមិ​ប៉ាណល​រូប​នេះ បាន​បន្ត​ទៀត​ថា ដី​របស់​ប្រជា​សហគមន៍​បាន​ដាំ​ដំណាំ និង​រស់​នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ ស្រាប់​តែ​មក​ឮ​ថា​មាន​ប្លង់​កម្មសិទ្ធិ​របស់​លោក កែប ជុតិម៉ា ទៅ​វិញ។

ស្រ្តី​ឈ្មោះ សឺន យ៉េត បាន​បញ្ជាក់​ថា កន្លង​មក​តុលាការ​បាន​កោះ​ហៅ​រូប​គាត់ និង​អ្នក​ភូមិ​ជា​ច្រើន ទៀត​ទៅ​ប្រាប់​ថា ដីធ្លី ផ្ទះ និង​ចម្ការ​ដែល​គាត់​រស់​នៅ​ជា​ដី​ដែល​មាន​ម្ចាស់ និង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ បាន​តម្រូវ​ឲ្យ​ពួក​គាត់​ផ្ដិត​មេ​ដៃ តែ​បើ​ហ៊ាន​ជំទាស់​តុលាការ​នឹង​ចាប់​ដាក់​គុក ៖ «បើ​ថា​យក​ដី​ហ្នឹង សម្លាប់​ប្រជា​ជន​ហ្នឹង​សិន​ទៅ។ ដី​ខ្ញុំ​ហើយ ហៅ​ខ្ញុំ​មក​តុលាការ​២​ដង​ហើយ។ ខ្ញុំ​ថា​អ៊ីចឹង ចង់​បម្រុង​ធ្វើ​ម៉េច​ហ្នឹង គេ​ថា​អា​ហ្នឹង​ដី​ពាក់ព័ន្ធ​ជា​មួយ ប៉ែន សុខុន ខ្ញុំ​ថា ប៉ែន សុខុន ឬ កែប ជុតិម៉ា ខ្ញុំ​អត់​ស្គាល់ ខ្ញុំ​ដឹង​ថា ភូមិ​កំណើត​ខ្ញុំ​តា​ណឹង​តាំង​ពី​ចិត​ប្រាំ​បួន​មក»

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​អ្នក​ភូមិ​ក្នុង​រឿង​នេះ មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា។ ចំណែក​ឯ​ចៅ​ក្រម​តុលាការ​ខេត្ត​រតនគិរី អ្នក​ស្រី ជ័យ មាលា បាន​បញ្ជាក់​ថា អ្នក​ស្រី​បាន​ចុះ​ធ្វើ​ការ​អង្កេត​សាក​សួរ​នៅ​លើ​ដី​ទំនាស់​នោះ ហើយ​ចំពោះ​ដើម​បណ្ដឹង​វិញ អ្នក​ស្រី​អះអាង​មិន​ឃើញ​មាន​ឈ្មោះ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ទេ ៖ «ពាក្យ​បណ្ដឹង​អត់​មាន​បាន​ឃើញ​ឈ្មោះ​គាត់​អី​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​ពាក្យ​បណ្ដឹង​នេះ វា​ទាក់​ទង​នឹង​ថា​ក្រុម​ការ​ងារ​មួយ​ចំនួន ដែល​ធ្លាប់​ធ្វើ​ការ​នៅ​សាលា​ខេត្ត​រតនគិរី​ពី​មុន​នោះ​ណា។ ព្រឹក​មិញ​នោះ​គឺ​យើង​ជា​ការ​ចុះ​អង្កេត​ទៅ​លើ​ដី​ទំនាស់​ជាក់​ស្ដែង ដោយ​ជាក់​ស្ដែង​នោះ​ណា»

ជំទប់​ទី​១ ឃុំ​ទីង​ចាក់ លោក ផ្លោង ប៉ាយ៉ង បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន លោក​បាន​ឃើញ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​ចុះ​មក​ទី​នេះ​ម្ដង ហើយ​មេ​ឃុំ​ធ្លាប់​ប្រាប់​លោក​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អភិបាល​ក្រុង ដែល​មាន​ប្លង់​កម្មសិទ្ធិ ៖ «មេ​ឃុំ​គាត់​ថា មាន​ប្លង់​ហើយ​ដី កែប ជុតិម៉ា ហ្នឹង។ ប៉ះ​ពាល់​ទាំង​អស់ អត់​មាន​សល់​មួយ​ចង្អាម​ទេ»

អ្នក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​នៅ​ជំហាន​ដំបូង​ឃើញ​ថា ដី​តំបន់​នោះ​សហគមន៍​បាន​កាន់​កាប់​រស់​នៅ​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។ ចំណែក​ឯ​ការ​ចុះ​វាស់​វែង​នៅ​ថ្ងៃ​នេះ ក៏​មិន​មែន​ជា​ការ​អនុវត្ត​សាលក្រម​សម្រេច​របស់​តុលាការ​ក្នុង​ការ​ដក​ហូត​យក​ដី​ពី​ពល​រដ្ឋ​នៅ​ឡើយ​ទេ ៖ «ផ្ដិត​មេ​ដៃ​នោះ មិន​មែន​ក្នុង​គោល​បំណង​ប្រគល់​ដី​ទេ គឺ​គាត់​ផ្ដិត​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ការ​គំរាម​ចាប់​ខ្លួន»

លោក​បាន​បន្ត​ថា សហគមន៍​បាន​ចោទ​ថា​កន្លង​មក​មន្ត្រី​តុលាការ​បាន​គំរាម​កំហែង​ពល​រដ្ឋ​ក្នុង​រឿង​ដី​ទំនាស់​នេះ ដូច្នេះ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក នឹង​ធ្វើ​អន្តរាគមន៍​បន្ទាប់​ពី​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​រស់​នៅ​ស្រប​ច្បាប់ របស់​សហគមន៍៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល