កិច្ច​ប្រជុំ​ពិនិត្យ​មើល​គម្រោង​ជំនួយ​ដល់​ប្រជា​នេសាទ​នៅ​បឹង​ទន្លេ​សាប

តំណាង​សហគមន៍​នេសាទ មន្ត្រី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​ភ្នំពេញ នៅ​ថ្ងៃ​២៨ មិថុនា​នេះ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​គម្រោង​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ជួយ​ដល់​ប្រជា​នេសាទ​ដែល​រស់នៅ​បឹង​ទន្លេ​សាប​កន្លង​មក។
ដោយ វោហារ ជាតិ
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​តំណាង​សហគមន៍​នេសាទ មន្ត្រី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​២៨ មិថុនា ២០១០។
កិច្ច​ប្រជុំ​របស់​តំណាង​សហគមន៍​នេសាទ មន្ត្រី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​២៨ មិថុនា ២០១០។
RFA/Vohar Cheat

លោក ម៉ក់ សិទ្ធិរិទ្ធ ប្រធានអង្គការអង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ (FACT) ដែល​រៀប​កិច្ច​ប្រជុំ​នេះ​ឡើង មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ទទួល​ជំនួយ ដូច​ជា​សហគមន៍​អ្នក​នេសាទ អាជ្ញាធរ​ពាក់ព័ន្ធ និង​ម្ចាស់​ជំនួយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជួប​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​ឲ្យ​គម្រោង​ជំនួយ​នីមួយ​ៗ​បាន​លូតលាស់ និង​ម្ចាស់​ជំនួយ​បាន​ទួល​ផល​ដោយ​ផ្ទាល់ ថា បញ្ហា​ចម្បង​ចំពោះ​ប្រជា​នេសាទ​បច្ចុប្បន្ន​នេះ គឺ​មិន​អាច​រស់​បាន ព្រោះ​ផល​នេ​សាទ​ចុះ ហើយ​ចាំបាច់​ត្រូវ​មាន​ជំនួយ​លើ​មុខរបរ​បន្ថែម​ផ្សេង​ៗ ដើម្បី​ចិញ្ចឹម​ជីវិត។

លោក ម៉ក់ សិទ្ធិរិទ្ធ ថ្លែង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចំណាយ​ប្រាក់​ប្រហែល ៧០​លាន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​ប្រហែល ៣០​គម្រោង ដល់​ប្រជាន​រស់​នៅ​លើ​បឹង​ទន្លេ​សាប ចំនួន ១​លាន​២​សែន​នាក់ ដែល​រស់​នៅ​ភូមិ​លិច​ទឹក​ជាង ១​ពាន់​ភូមិ តាំង​ពីឆ្នាំ​២០០៣​មក។ គម្រោង​ទាំង​នោះ​មាន​ដូចជា គម្រោង​ផ្តល់​អាជីព​ធ្វើ​កសិកម្ម ពាណិជ្ជកម្ម ជំនាញ​បច្ចេកទេស​មូលដ្ឋាន ដូច​ជា​ប៉ះ​កង់ ជួស​ជុល​ម៉ូតូ ជាដើម។

ក៏​ប៉ុន្តែ​តំណាង​សហគមន៍​ភាគ​ច្រើន​ដែល​ចូល​រួមកិច្ច​ប្រជុំ​នោះ ត្អូញ​ត្អែរ​ប្រាប់​ថា គម្រោង​ខ្លះ​មិន​បាន​ប្រយោជន៍​ដល់​សហគមន៍​ទេ ហើយ​មាន​អំពើ​ពុក​រលួយ​ក្នុង​ជួរ​អាជ្ញាធរ​មូលដ្ឋាន ដូច​ជា​បាន​សូក​លុយ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​នីមួយ​ៗ ឬ​ក៏​គម្រោង​ខ្លះ​មិន​មាន​ប្រសិទ្ធភាព។

លោក គុយ អាង តំណាង​សហគមន៍​ម្នាក់​ចូលរួម​កិច្ច​ប្រជុំ​នោះ មាន​ប្រសាសន៍​ថា ៖ «បាន​មួយ​ចំនួន​ដែរ បើ​យើង​គិត​ទៅ​ដូច​ជា​ការ​ប្រើប្រាស់​មធ្យោបាយ ការ​បាន​បណ្ដុះ​បណ្ដាល បាន​ឲ្យ​គាត់​ទៅ​សិក្ខាសាលា ទស្សនកិច្ច​អី​អ៊ីចឹង...»

មន្ត្រី​រៀបចំ​គម្រោង​កម្មវិធី​នៃ​អង្គការ FACT លោក ឱម សាវ៉ាត ថ្លែង​ថា បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​មក គេ​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​កែ​លម្អ តែ​គេ​ត្រូវការ​ជួប​ប្រជុំ​គ្នា​ច្រើន​ដង​ទៀត​ទើប​បាន​សម្រេច​ផល​ល្អ។

យ៉ាង​ណា​ក្ដី​តំណាង​សហគមន៍​ខ្លះ​ថ្លែង​ថា មាន​គម្រោង​របស់​អង្គការ​ក្នុងស្រុក​មួយ​ចំនួន មិន​អាច​ប្រើ​បាន​នៅ​បឹង​ទន្លេសាប​ទេ ដូច​ជា​ប៉ះ​កង់ ជួសជុល​ម៉ូតូ ដាំ​ដំណាំ​កសិកម្ម ព្រោះ​ថា នៅក្នុង​ភូមិ​ជាង ១​ពាន់​បណ្តែត​ក្នុង​ទន្លេ​នោះ មិន​មាន​កង់​ម៉ូតូ​ឯ​ណា​ធ្វើ​ចរាចរណ៍​ខូច​ឲ្យ​ជួស​ជុល​ទេ ហើយ​ការងារ​ដំណាំ​កសិកម្ម​វិញ​ក៏​ដូច្នេះ​ដែរ ព្រោះ​ថា គេ​មិន​អាច​ដាំ​ដំណាំ​លើ​ទឹក​បឹង​ទន្លេ​សាប​បាន​ទេ ព្រោះ​គ្មាន​ដី តែ​បើ​ដាំ​ជីរ​ស្លឹក​គ្រៃ​ខ្លះ​នៅ​លើ​សំយាប​ផ្ទះ​បណ្តែត​ទឹក​សម្រាប់​ប្រើប្រាស់​បន្តិច​បន្តួច​អាច​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល