ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ឡើង​ខ្ពស់​វិញ​ហើយ

កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខ្សែ​ទឹក​ខាង​លើ គឺ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ត្រូវ​បាន​កត់​សម្គាល់​ឃើញ​មាន​កម្រិត​កើន​ឡើង​ខ្ពស់​ដល់ ៧,៧៨​ម៉ែត្រ នៅ​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​សីហា។
ដោយ គង់ យុទ្ធនា
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
RFA/Hang Savyouth

ប្រធាន​សហគមន៍​អ្នក​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​ថាឡា​បរិវត្ត ខេត្ត​ស្ទឹង​ត្រែង លោក គង់ ចន្ធី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ថា ទឹក​ទន្លេ​មេគង្គ​បាន​ឡើង​ខ្ពស់​ជិត​ពេញ​ទន្លេ​ហើយ។ ជា​មួយ​គ្នា​នេះ ទឹក​ក៏​បាន​ហូរ​ចូល​ទៅ​កាន់​អូរ ព្រែក និង​ព្រៃ​លិច​ទឹក​នានា​ផង​ដែរ ក្នុង​រយៈ​ពេល​៥​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី ស្ថានភាព​ទឹក​មិន​បាន​ជួយ​ឲ្យ​ត្រី​ពង​កូន​បាន​ទេ ព្រោះ​វា​ហួស​រដូវ​ទៅ​ហើយ សម្រាប់​ត្រី​សំខាន់ៗ ដែល​មាន​ចំនួន​ប្រហែល ៧០​ភាគ​រយ ដែល​ត្រូវ​ពង​កូន​ចាប់​ពី​ចុង​ខែ​មិថុនា ដល់​ត្រឹម​តែ​ចុង​ខែ​កក្កដា​ប៉ុណ្ណោះ ៖ «ត្រូវ​ផុត​កំណត់​នៃ​ការ​ពង​កូន​របស់​វា មាន​ត្រី​ប្រា ត្រី​កែ ប្រួល ក្អែក អា​អស់​ហ្នឹង​វា​ចាប់​ផ្តើម​ផុត​ហើយ រដូវ​ពង​កូន​របស់​វា វា​អត់​ពង​នៅ​បឹង​ទន្លេ​សាប​ទេ ពង​ពី​មេគង្គ​បង្ហៀរ​ទៅ ហើយ​វា​ទៅ​ធ្វើ​ការ​ញាស់​នៅ​ចាប់​ពី​ខេត្ត​ក្រចេះ​ចុះ​ទៅ​រហូត​ដល់​ទន្លេ​សាប​ហ្នឹង។ អ៊ីចឹង​ត្រី​មួយ​ចំនួន​ធំ បើ​សិន​ជា​មេគង្គ ភាគ​ខាង​លើ​ហ្នឹង​ធ្វើ​ឲ្យ​អាក់​ខាន​នៃ​ការ​ពង​កូន វា​មិន​មែន​អត់​តែ​អ្នក​មេគង្គ​លើ​ទេ ជា​ពិសេស​អត់​រហូត​ដល់​អ្នក​ទន្លេ​សាប​ណោះ»

លោក គង់ ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជា​ពល​រដ្ឋ​ឆ្នាំ​នេះ​នឹង​ជួប​ផល​វិបាក​ក្នុង​ការ​ធ្វើ​នេសាទ ហើយ​នៅ​ឆ្នាំ​ខាង​មុខ ក៏​នៅ​តែ​មាន​បញ្ហា​ដែរ ដោយ​សារ​តែ​ខ្វះ​ទឹក​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​នេះ មិន​បាន​បង្ក​លទ្ធភាព​ឲ្យ​ត្រី​ពង​កូន​បាច​សាច​សម្រាប់​បន្ត​ពូជ​ទៅ​ឆ្នាំ​ខាង​មុខ​បាន​នោះ។ ម្យ៉ាង​ទៀត ត្រី​ពី​ទន្លេ​មេគង្គ​ជា​ធម្មតា​គឺ​ជា​ប្រភព​ពូជ​យ៉ាង​សំខាន់ ក្នុង​ការ​ចែក​ចាយ​ទៅ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម ចំនួន​៤​ខេត្ត​ផ្សេង​ទៀត​ផង និង​ចែក​ចាយ​ចូល​ទៅ​កាន់​ទន្លេ​សាប​ផង។ ដូច្នេះ​ជា​រួម​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខេត្ត នៅ​តាម​ដង​ទន្លេ​មេគង្គ និង​តាម​ដង​ទន្លេ​នានា ដែល​ទទួល​ឥទិ្ធពល​ពី​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​នឹង​ជួប​បញ្ហា​កង្វះ​ខាត​ត្រី​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខ​ដូចៗ​គ្នា។

អនុ​ប្រធាន​គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក ស៊ិន នីនី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​ពិត​ជា​មាន​ការ​កើន​ឡើង​ខ្ពស់​មែន ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​មាន​កម្ពស់​ស្មើ​អាច​ប្រៀប​នឹង​ឆ្នាំ​មុន​បាន​នៅ​ឡើយ​ទេ ជាក់​ស្ដែង​សូម្បី​នៅ​ស្ថានីយ​ជលសាស្ត្រ​ចតុមុខ​កម្ពស់​ទឹក​នៅ​ទាប​ជាង​ឆ្នាំ​មុន​ប្រមាណ​២​ម៉ែត្រ​ទៀត។ ដូច្នេះ​ស្ថានភាព​នេះ​នៅ​តែ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ធនធាន​ជលផល​គួរ​ឲ្យ​បារម្ភ ៖ «ដឹង​ថា​ដល់​ពេល​វា​ធ្លាក់​ភ្លៀង​ដំបូង​នោះ វា​ចាប់​ផ្ដើម​ពង​កូន​ហើយៗ ដល់​ពង​កូន​ហើយ វា​ទម្លាក់​នៅ​ឯណា? អា​កូន​ត្រី​ហ្នឹង វា​រស់​នៅ​តាម​បឹង។ ធម្មតា​តា​កាល​ណា​ខែ​៧ ខែ​៨​ហ្នឹង ទឹក​វា​ចូល​មក​ខ្លាំង ហើយ​នៅ​នឹង​ទន្លេ​សាប ហើយ​វា​លិច​ព្រែក​អីៗ អ៊ីចឹង​ទៅ ស្លឹក​ឈើ​អី កម្ទេច​កំទី​ដែល​វា​នាំ​ឲ្យ​ទឹក​ស្អុយ​ហ្នឹង​គឺ​ថា​វាៗ​ទឹក​ច្រើន​ទៅ វា​បាត់​ស្អុយ​ហើយ។ អ៊ីចឹង​ត្រី​ទេ កូន​ត្រី​ហ្នឹង​វា​រស់​នៅ​បាន​ដោយ​ស្រួល វា​ធំ​ធាត់​បាន»

លោក ស៊ិន នីនី បញ្ជាក់​បន្ថែម​ថា ទឹក​ទន្លេ​មេគង្គ​ទើប​នឹង​ឡើង​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ វា​ពិត​ជា​មិន​មាន​អំណោយ​ផល​ដល់​ការ​បន្ត​ពូជ​ត្រី​ទេ។ ត្រី​ពង​កូន​វា​មាន​ខែ​ថ្ងៃ​របស់​វា ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​ស្ថានភាព​ទឹក​តិច មាន​ស្លឹក​ឈើ​ជ្រុះ​ស្អុយ​រលួយ​វា​ធ្វើ​ឲ្យ​កូន​ត្រី​តូចៗ ត្រូវ​ពុល​ងាប់​ដែរ។

ប្រធាន​រដ្ឋបាល​ជល​ផល​កម្ពុជា លោក ណៅ ធួក ធ្លាប់​ប្រកាស​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទាក់​ទង​ទៅ​នឹង​ធនធាន​ជល​ផល​នៅ​ឆ្នាំ​នេះ ពិសេស​បណ្ដាល​មក​ពី​កង្វះ​ខាត​ទឹក​ទន្លេ​មេគង្គ​នឹង​ធ្វើ​ឲ្យ​ធន​ធាន​ត្រី​ទឹក​សាប​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ។

គេ​នៅ​មិន​ទាន់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចប់​នៅ​ឡើយ​ទេ​ថា​តើ​កម្ពុជា​អាច​នឹង​បាត់​បង់​ត្រី​ចំនួន​ប៉ុន្មាន​ភាគ​រយ ដោយ​សារ​តែ​របប​ទឹក​ទន្លេ​មេគង្គ​មិន​ផ្ដល់​ស្ថិរភាព​នោះ ប៉ុន្តែ​បើ​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ​កម្ពុជា ការ​ធ្លាក់​ចុះ​ធន​ធាន​ជល​ផល​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ប្រមាណ​ជាង​២​លាន​នាក់។ ដូច្នេះ​ហើយ​មធ្យោបាយ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​នេះ គឺ​មាន​តែ​ការ​ពង្រីក​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​គ្រប់​មូលដ្ឋាន ដើម្បី​ទប់​ទល់​ទៅ​នឹង​បញ្ហា​កង្វះ​ខាត​ត្រី​នៅ​ពេល​ខាង​មុខ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល