ប៉េអិម​៣​រូប​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ស្នងការ​ក្រុង​ពី​បទ​ប្រើ​ហិង្សា

ការិយាល័យ​សន្តិសុខ​ព័ត៌មាន​នៃ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​សំណុំ​រឿង​ប្ដឹង​ទៅ​តុលាការ រឿង​លោក​ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​កងរាជអាវុធហត្ថ ៣​រូប ដើម្បី​ឲ្យ​តុលាការ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។
ដោយ ទីន ហ្សាការីយ៉ា
2013.02.05
ជួន សុវណ្ណ ៣០៥ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ។
Photo: RFA

កង​រាជ​អាវុធ​ចំនួន ៣​រូប បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ពី​បទ ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់ នៅ​ពេល​បំពេញ​បេសកកម្ម​នៃ​ព្រះរាជ​ពិធី​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ នោះ។

លោក​អនុសេនីយ៍ឯក វង្ស ប៊ុណ្ណា និង​ជា​ជំនួយ​ការ​សេនាធិការ​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​លោក​ស្នងការ​រាជធានី​ភ្នំពេញ ទៅ​តុលាការ​នេះ ដោយសារ​តែ​ពួកគាត់​គ្មាន​កំហុស​អ្វី​ទេ។

លោក​បញ្ជាក់​ថា ខណៈ​លោក​បំពេញ​បេសកកម្ម​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង កំពុង​ទប់ស្កាត់​ប្រជាពលរដ្ឋ​ច្រើន​កុះករ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ទីលាន​វាល​ព្រះ​បរម​មេរុ ស្រាប់​តែ​លោក ជួន សុវណ្ណ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន ដែល​ជា​ជា​រឿង​មិន​សមរម្យ​ក្នុង​នាម​ជា​កម្លាំង​សមត្ថកិច្ច​ការពារ​ពិធី​បុណ្យ​ដូច​គ្នា។

លោក​អនុសេនីយ៍ឯក វង្ស ប៊ុណ្ណា៖ «កូនចៅ​ខ្ញុំ​ពីរ​នាក់​កំពុង​ធ្វើ​ការ​ទប់​របាំង​មិន​ឲ្យ​ប្រជាជន​ចូល​ទៅ​វាល​មេរុ លោក ជួន សុវណ្ណ ទៅ​វាយ​ពួក​គាត់​ចំ​ស្មា និង​កញ្ចឹង​ក។ ដំបូង​ខ្ញុំ​ក៏​ខឹង​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​ឃើញ​ដូច្នេះ ខ្ញុំ​ទៅ​ប្រាប់​កូន​ចៅ​ខ្ញុំ កុំ​ត​ទល់​អី ព្រោះ​គាត់​ជា​ស្នងការ យើង​ជា​កូន​ចៅ​កុំ​ត​ដៃ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​រុល​ចូល ខ្ញុំ​ទៅ​ទប់​បង្កាន់​ដៃ ខ្ញុំ​ទៅ​ជួយ​ទប់ ស្រាប់​តែ​គាត់​មក​ពី​ក្រោយ​ខ្ញុំ មក​វាយ​នឹង​អាយឌី​របស់​គាត់ មក​លើ​ខ្ញុំ​ទៀត»

លោក វង្ស ប៊ុណ្ណា អះអាង​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ពីរ​រូប​ទៀត ដែល​លោក ជួន សុវណ្ណ បាន​ប្រើ​អំពើ​ហិង្សា​ដែរ​នោះ រួម​មាន​ឈ្មោះ ស៊ឹម ឡុងហេង និង​ឈ្មោះ អ៊ុន ប៊ុនថុន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ទេ នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ពីព្រោះ​ជំនួយ​ការ​របស់​លោក​ប្រាប់​ថា លោក ជួន សុវណ្ណ ជាប់​ប្រជុំ។ ប៉ុន្តែ​លោក ជួន សុវណ្ណ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា លោក​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​បី​រូប​នោះ​ទេ។ លោក ជួន សុវណ្ណ បញ្ជាក់​ថា លោក​គ្រាន់តែ​ដឹក​នាំ​បញ្ជា​កម្លាំង​សមត្ថកិច្ច​នៅ​ទី​នោះ ដើម្បី​រក្សា​សន្តិសុខ​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព និង​មាន​របៀប​រៀបរយ​ពេល​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ក្នុង​ព្រះ​បរម​មេរុ។

លោក ជួន សុវណ្ណ៖ «ដូច​ខ្ញុំ​បញ្ជាក់​ថា ក្នុង​នាម​ជា​មេបញ្ជាការ​រឿង​អី​ត្រូវ​ប្រើ​ប្រាស់​ហិង្សា​ទៅ​លើ​កង​កម្លាំង​ខ្លួន​ឯង តើ​ការ​បញ្ជា​កម្លាំង​ឲ្យ​បំពេញ​ការងារ​ឲ្យ​កម្លាំង​នោះ​រៀបចំ ព្រោះ​សិទ្ធិ​របស់​បញ្ជាការ វា​អត់​រឿង​អី​ក្រៅ​ពី​ហ្នឹង​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក វង្ស ប៊ុណ្ណា បាន​ចោទ​ប្រកាន់​ថា បន្ទាប់​ពី​លោក ជួង សុវណ្ណ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់​រួច លោក​ស្នងការ​បាន​បញ្ជា​កូន​ចៅ​របស់​ខ្លួន​យក​ខ្នោះ​ដៃ​ចង​មក​ដាក់​ពួក​លោក ប៉ុន្តែ​ត្រូវ​បាន​ថ្នាក់​លើ​របស់​លោក​មក​អន្តរាគមន៍​ទាន់។

មន្ត្រី​នាំ​ពាក្យ​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​វរសេនីយ៍ឯក ខេង ទីតូ មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​នៃ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហាក្សត្រ នៅ​ក្នុង​រយៈពេល ៥​ថ្ងៃ​កន្លង​មក​នេះ ក្រុម​សមត្ថកិច្ច​ទាំង​អស់​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​បាន​ល្អ។ លោក​បញ្ជាក់​ថា នៅ​ក្រោយ​ពេល​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ​ចប់​សព្វ​គ្រប់ អង្គភាព​របស់​លោក​នឹង​បើក​អង្គ​ប្រជុំ​ដើម្បី​រក​ចំណុច​ខ្វះខាត និង​ដក​ពិសោធន៍​នូវ​អ្វី​ដែល​ខ្វះខាត ដើម្បី​កែប្រែ​ឲ្យ​ល្អ​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ​ទៀត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) នៅ​ក្រៅ​ប្រទេស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។