ចាងហ្វាងកាសែត ខ្មែរអមតៈ លោក ប៊ុន ថា ដែលកំពុងតែរងការប្ដឹងក្រោមបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះ បានឲ្យដឹងថា លោកយល់ព្រមធ្វើការកែតម្រូវ និងសុំទោសចំពោះអ្វីដែលបានចុះផ្សាយកន្លងមក ប៉ុន្តែលោកសុំឲ្យមន្ត្រីរដ្ឋាភិបាលជាដើមប្ដឹងនេះដកពាក្យបណ្ដឹងវិញឲ្យបានឆាប់ៗ នៅគ្រាដែលតុលាការក្រុងភ្នំពេញមានផែនការកាត់ទោសលោកនៅថ្ងៃទី៣ សីហាខាងមុខនេះ។
នៅស្របពេលនេះដែរ ចាងហ្វាងកាសែត ខ្មែរអមតៈ កំពុងតែស្វែងរកកិច្ចអន្តរាគមន៍នានាពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បីស្នើសុំឲ្យដើមបណ្ដឹងដកពាក្យបណ្ដឹងពីតុលាការវិញ។
ដើមបណ្ដឹងនៃសំណុំរឿងនេះ គេស្គាល់ថា គឺលោក កៅ គឹមហួន ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជានាយកនៃសាកលវិទ្យាល័យកម្ពុជានៅក្នុងទីក្រុងភ្នំពេញ គឺបានប្ដឹង លោក ប៊ុន ថា តាមមាត្រាទី១០ នៃច្បាប់របបសារព័ត៌មាន និងមាត្រាទី៦៣ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់៕