សង្គម​ស៊ីវិល​ប្ដឹង​ករណី​ពុក​រលួយ​កាប់​ឈើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុកលួយ​ឲ្យ​ចាត់ការ​ជា​បន្ទាន់ លើ​ករណី​ពុក​រលួយ​ក្នុង​បទល្មើស​កាប់​ឈើ​ប្រណីត នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។
ដោយ សេក បណ្ឌិត
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ
ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ
RFA/Sok Serey

ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា ថា អង្គការ​លោក​បាន​ដាក់​សំណុំ​លិខិត រួម​ជាមួយ​នឹង​ភស្តុតាង​ជា​ច្រើន និង​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ស៊ើប​អង្កេត​លើ​ក្រុម​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ប្រមាណ​ជាង ២០០​នាក់ ក្នុង​នោះ​រួម​មាន​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ផង​ដែរ ដាក់​ចូល​ក្នុង​ប្រអប់​ខ្មៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​៣០ សីហា។

លោក ជា ហ៊ាន បាន​បញ្ជាក់​ថា ៖ «គាត់ និង​មន្ត្រី​របស់​គាត់ ៨​នាក់​ទៀត​ឲ្យ​មនុស្ស ២៤១​នាក់ ចូល​កាប់​ឈើ​ក្នុង​តំបន់​ហាម​ឃាត់ ព្រោះ​អី​ប្រជា​ពលរដ្ឋ​ទៅ​កាប់ ទៅ​ដឹក គាត់​ត​ទទួល​លាភ​សក្ការៈ មួយ​រទេះ ៤​-​៥​ម៉ឺន ១​ឡាន ១០០​(ដុល្លារ) ដាក់​ខែ ម៉ាស៊ីន​រ៉ៃ​មួយ​ខែ ៣០០​ដុល្លារ ម៉ាស៊ីន​ត្រង់​ស៊ីណ័រ ១​ខែ ១០០​ដុល្លារ»

លោក ជា ហ៊ាន បន្ត​ថា ការ​ដាក់​លិខិត​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ បន្ទាប់​ពី​ការ​ប្ដឹងផ្ដល់​របស់​លោក​ស្ដីពី​ករណី​កាប់​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​នោះ ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​លើក​មក​ហើយ តែ​ពុំ​មាន​ការ​សហការ​ពេញលេញ​នោះ​ទេ ហើយ​ការ​ចាត់​វិធានការ​លើ​ពាក្យ​បណ្ដឹង​លើ​ករណី​នេះ បាន​តិចតួច​បំផុត។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​នៅតែ​កើត​មាន​ឥត​ដាច់ ទោះ​បី​មាន​ការ​ប្រកាស​ឲ្យ​ទប់​ស្កាត់ និង​បង្ក្រាប​ពី​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​ណា​ក្តី។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ហេង គួន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​លោក ជា ហ៊ាន ហើយ​ថា មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ម៉ត់ចត់ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

លោក ហេង គួន បាន​អះអាង​ថា ៖ «ខ្ញុំ​មិន​បដិសេធ​ទាំង​ស្រុង​ទេ ប៉ុន្តែ​ការងារ​នេះ​គឺ​ផែនការ​ទប់​ស្កាត់​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន បើ​បុគ្គល​ណា​ធ្វើ​ខុស សូម្បី​តែ​រណារ​យន្ត​មួយ​ក៏​ត្រូវ​ជាប់​គុក​ដែរ ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដែរ! នេះ​ជា​គោលការណ៍!»

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួយ​នៃ​រដ្ឋាភិបាល​កម្ពុជា លោក ឱម យ៉ិនទៀង ដែល​ទើប​ឡើង​កាន់​តំណែង មិន​បាន​ឲ្យ​ដឹង​ឡើយ​ថា រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ថា​មាន​ប៉ុន្មាន​ករណី ហើយ​ត្រូវ​ចាត់​ការ​ស៊ើប​អង្កេត​នៅ​ពេល​ណា​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ ឲ្យ​មាន​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទូទាំង​ប្រទេស ប៉ុន្តែ​គេ​កត់​សម្គាល់​ឃើញ​ថា ចាប់​ពី​ខែ​កក្កដា​មក ជំនួញ​ឈើ​ខុស​ច្បាប់​បាន​ចាប់ផ្ដើម​កើត​ឡើង​វិញ​ជា​បណ្ដើរ​ៗ ស្ទើរ​គ្រប់​ខេត្ត​​ដែលនៅ​មានសល់​ព្រៃ​ឈើ​ល្អៗ។

រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម ក៏​ពុំ​ទាន់​បាន​បង្ហាញ​របាយ​ការណ៍​សរុប​ច្បាស់លាស់​ណា​មួយ​ជា​សាធារណៈ ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស ថា​មាន​ប៉ុន្មាន​ករណី ហើយ​បាន​ធ្វើ​ការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​បាន​ប៉ុន្មាន​នាក់​ហើយ​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល