លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងថា ការធ្វើបាតុកម្មនោះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ស្ថានទូត ឬមន្ត្រីស្ថានទូតខ្មែរ នៅឯទីក្រុងបាងកក នោះទេ។
លោក កុយ គួង មានប្រសាសន៍បន្ថែមថា ៖ «ក្រុមនេះជាក្រុមគេហៅថា ក្រុមពួកអាវលឿង ជាក្រុមជ្រុលនិយម គេបានមកប្រមូលផ្ដុំនៅមុខស្ថានទូតតាំងពីម៉ោង ១០កន្លះ (ព្រឹក) រហូតដល់ម៉ោង ១១ និង ១៥នាទី គេបានចាកចេញទៅវិញទៅ។ គេសម្ដែងឆន្ទៈរបស់គេ។ ធម្មតាគេប្រមូលផ្ដុំជារបៀបបាតុកម្មហើយ គេសម្ដែងឆន្ទៈរបស់គេ គេទាមទារឲ្យយើងដោះលែងអ្នកទាំង ៧នាក់ដែលយើងបានឃាត់ខ្លួនហ្នឹង»។
ជនជាតិថៃ ៧នាក់ ដែលក្នុងនោះមានអ្នកតំណាងរាស្ត្រថៃម្នាក់ដែរនោះ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន ហើយបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី៣០ ខែធ្នូ។ តុលាការកម្ពុជា បានចោទជនទាំង ៧នាក់នោះពីបទចូលមកប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតតាមមាត្រា២៩ ច្បាប់អន្តោប្រវេសន៍កម្ពុជា និងចោទប្រកាន់មួយចំណុចទៀតពីបទចូលដោយទុច្ចរិត ក្នុងទីលានយោធា តាមមាត្រា៤៧៣ នៃក្រមព្រហ្មទណ្ឌ។
ភ្លាមនោះដែរ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមកជួបលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាបន្ទាន់មួយ នៅថ្ងៃទី៣០ ខែធ្នូ ដើម្បីអន្តរាគមន៍លើករណីជនជាតិថៃ ទាំង ៧នាក់នោះ។ ប៉ុន្តែលោក ហោ ណាំហុង បានបដិសេធ ដោយលើកឡើងថា រដ្ឋាភិបាលខ្មែរហួសសមត្ថភាពក្នុងការដោះលែងហើយ គឺទុកឲ្យតុលាការខ្មែរសម្រេចទៅតាមនីតិវិធីរបស់តុលាការនៅក្នុងរឿងនេះ។
មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងថា ជនជាតិថៃទាំង ៧រូប បានឆ្លងដែនខុសច្បាប់ចូលដីខ្មែរកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ នៅចំណុចភូមិជោគជ័យ ក្នុងស្រុកអូជ្រៅ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ជនជាតិថៃទាំងនោះបានដើរតាមបង្គោលព្រំដែនលេខ១៤៦ ដែលគិតជាចម្ងាយមានប្រមាណ ១.២០០ម៉ែត្រ មកក្នុងដីខ្មែរ ហើយការចូលមកដីខ្មែរនេះ មិនមែនវង្វេងផ្លូវទេ គឺមានចេតនា៕
