មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសពិធីបុណ្យបញ្ចុះសីមាវត្តសន្សំកុសលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានលើកយកឈុតឆាកខ្លះក្នុងរឿងល្ខោនអូប៉េរ៉ា ទីដំរីយំ មកជាឧទាហរណ៍ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជាការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ អារម្មណ៍គោរពបូជានៃពុទ្ធសាសនិកជនខ្មែរ និងធ្វើឲ្យស្រអាប់ពណ៌ដល់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «បណ្ដាក្រុមហ៊ុនទូរទស្សន៍ទាំងអស់សូមមេត្តាផង បើឃើញថារឿងហ្នឹងពាក់ព័ន្ធទៅដល់វិស័យព្រះពុទ្ធសាសនា រឿងហ្នឹងយកទៅឆ្លងក្រសួងធម្មការ ហើយក្រសួងធម្មការយកទៅស្នើសុំឲ្យមានការត្រួតពិនិត្យពីសង្ឃនាយកសិន គ្រប់ក្រុមហ៊ុនទូរទស្សន៍ទាំងអស់ ទាំងរដ្ឋទាំងផ្នែកឯកជន»។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ផងដែរថា អ្នកនិពន្ធរឿងគ្រប់ប្រភេទដែលបទនិពន្ធមានទាក់ទងដល់វិស័យពុទ្ធសាសនាក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យឬការអនុញ្ញាតពីក្រសួងធម្មការនិងពីព្រះសង្ឃនាយកផងដែរទើបអាចបោះពុម្ពផលិតជាខ្សែភាពយន្តឬសម្ដែងបាន។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ហើយសូមយកឱកាសនេះអំពាវនាវចំពោះអ្នកនិពន្ធ មិនថាទម្រង់និពន្ធនោះបែបណា ជាល្ខោន ជារបៀបអូប៉េរ៉ា ឬល្ខោនបាសាក់ ឬក៏ភាពយន្ត ដែលទាក់ទងទៅនឹងវិស័យព្រះពុទ្ធសាសនាដែលមានតួអង្គជាព្រះសង្ឃ ត្រូវទទួលការអនុញ្ញាតពីសង្ឃនាយកនិងក្រសួងធម្មការជាមុនសិន»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការត្រួតពិនិត្យមុនការចេញផ្សាយគឺជាការរំលោភលើមាត្រានៃច្បាប់ហើយនិងឆ្លុះបញ្ចាំងពីការខ្វះសេរីភាពក្នុងការបញ្ចេញមតិ។
លោក អ៊ូ វីរៈ បានឲ្យដឹងថា ៖ «ខ្ញុំថាយើងគួរតែមានការអនុញ្ញាតដោយសេរីនេះ យើងមិនគួររឹតត្បិតទេ ហើយការអនុវត្តនេះ គឺបណ្ដាលឲ្យមានការភ័យ សូម្បីតែនៅក្នុងវិស័យសាសនា ដែលជាវិស័យមួយដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់យើង»។
គួរបញ្ជាក់ថា ល្ខោនអូប៉េរ៉ារឿងទីដំរីយំត្រូវបានយកមកសម្ដែងកាលពីចុងខែវិច្ឆិការហូតដល់សប្តាហ៍ទី១ នៃដើមខែធ្នូ ឆ្នាំ២០០៨កន្លងទៅហើយ បន្ទាប់មកត្រូវបានយកទៅបញ្ចាំងជាសាធារណៈនៅទូរទស្សន៍ CTN។
ក្រោយពីការបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ សម្តេចសង្ឃនាយកបានប្រតិកម្មចំពោះឈុតឆាកខ្លះនៃរឿងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះសង្ឃក្នុងព្រះពុទ្ធសាសនា៕
