មន្ត្រី​ប៉ូលិស​ស្រុក​ស៊ីធរ​កណ្ដាល​រង​ការ​ចោទ​ថា​ជំរិត​ប្រាក់​ពី​ពលរដ្ឋ

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ស៊ីធរ​កណ្ដាល​ក្នុង​ខែត្រ​ព្រៃវែង ជាង ៦០​នាក់ នៅ​ថ្ងៃ​ទី​២៩ សីហា បាន​ចោទ​ប្រកាន់​លោក​អធិការ​ស្រុក ថា​បាន​ជំរិត​ទារ​លុយ​ពី​ពួក​គាត់​ក្នុង​ម្នាក់​ៗ ៣​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះលែង បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​ប៉ូលិស​​ស្ទាក់​ឡាន ហើយ​ឃាត់​ខ្លួន​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ ៦០​នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៧ សីហា ពួក​គាត់​ជាង ៦០​នាក់​នោះ ជិះ​រថយន្ត ២​គ្រឿង​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះ​ទៅ​កាន់​ក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​បង្ហួស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ក៏​ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ដដែល​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួក​គាត់​នៅ​តាម​ផ្លូវ។

ទាក់ទង​នឹង​ករណី​ប៉ូលិស​ឃាត់​ខ្លួន​អ្នក​ភូមិ​មក​ពី​ខេត្ត​ព្រៃវែង ៦០​នាក់ ហើយ​បញ្ជូន​ទៅ​ខេត្ត​ព្រៃវែង​ទាំង​យប់ រួច​ទារ​លុយ​លួស​ក្នុង​ម្នាក់ ៣​ម៉ឺន​រៀល​នេះ លោក សោម ហេង ជា​ឪពុក​ជន​រងគ្រោះ​ម្នាក់​អះអាង​ថា រូប​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​យក​លុយ​ចំនួន ៣​ម៉ឺន​ទៅ​ឲ្យ​គេ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​កូន​គាត់​ឲ្យ​រួច​ខ្លួន​មក​ផ្ទះ​វិញ។

អធិការ​ស្រុក​ស៊ីធរ​កណ្ដាល លោក យន់ ស៊ីណេត បាន​បំភ្លឺ​ថា លោក​មិន​បាន​ជំរិត​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា លុយ ៣​ម៉ឺន​រៀល​នោះ លោក​យក​ជា​ថ្លៃ​ចេញ​សោហ៊ុយ​ ឲ្យ​ពួក​គេ​ដែល​ជិះ​ឡាន​ត្រឡប់​មក​វិញ​ទេ។

ប៉ូលិស​បាន​ស្ទាក់​ឡាន​ដែល​ប្រជា​ពលរដ្ឋ​ទាំង ៦០​នាក់​ជិះ​នោះ នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ ព្រោះ​សង្ស័យ​ថា មាន​ការ​ជួញ​ដូរ​មនុស្ស ព្រោះ​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ទាំង ៦០​នាក់​មាន​ក្មេង​ៗ ១៣​នាក់ ទើប​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ធ្វើ​ការ​ឃាត់​ខ្លួន ក្នុង​នោះ​ប៉ូលិស​បាន​ចាប់​មេ​ខ្យល់​ម្នាក់​ឈ្មោះ ហ៊ា វុទ្ធ បញ្ជូន​ទៅ​តុលាការ​ពី​បទ​ជួញដូរ​មនុស្ស។

ទោះ​ជា​យ៉ាង​ណា ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៦០​នាក់ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្ម័គ្រ​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​គ្មាន​លិខិត​ឆ្លងដែន​ដោយ​ខ្លួន​ឯង ពុំ​មាន​ការ​បង្ខំ​ពី​មេ​ខ្យល់​នោះ​ទេ ពីព្រោះ​ពួក​គេ​ក្រីក្រ គ្មាន​ការងារ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត ទើប​សម្រេច​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដូច​នេះ។

មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខែត្រ​ព្រៃវែង អ្នកស្រី ឡាយ អ៊ីម បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ខែត្រ​ព្រៃវែង ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ​ច្រើន ដោយសារ​ជីវភាព​ពួក​គេ​ខ្វះ​ខាត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល