ប៉ូលិស​ហៅ​សមាជិក​បក្ស​ប្រឆាំង​សួរ​រឿង​បែក​ធ្លាយ​ព័ត៌មាន​ស្ដីពី​ការ​ជីក​កំណប់

សមាជិក​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ត្រូវ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពង់ឆ្នាំង កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​គណៈកម្មការ​វត្ត​ខ្នារឆ្មារ ជុំវិញ​រឿង​បែក​ធ្លាយ​ព័ត៌មាន​ស្ដីពី​កំណប់​ដែល​គេ​បាន​ជីក​រក​ឃើញ​នៅ​ក្នុង​ឫសសីមា​ព្រះវិហារ​ចាស់ នៃ​វត្ត​ខ្នារឆ្មារ។

0:00 / 0:00

ការ​កោះ​ហៅ​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ទាំង ២​នេះ បារម្ភ​ថា ជា​សកម្មភាព​គំរាម​កំហែង​បំបាក់​ស្មារតី​មន្ត្រី​គណបក្ស​ប្រឆាំង។

សមាជិក​គណបក្ស​ប្រឆាំង​នៅ​ស្រុក​សាមគ្គីមានជ័យ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កោះ​ហៅ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​របស់​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង។

លោក សៅ ហ៊ន ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ មក​ពី​គណបក្ស សម រង្ស៊ី។ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​ពាក្យ​បណ្ដឹង​របស់​គណៈកម្មការ​វត្ត។

លោក​ថា លោក​មិន​បាន​ដឹង​ថា តើ​លោក​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ដោយ​ក្នុង​លិខិត​កោះ​ហៅ​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​បណ្ដឹង​តែ​គេ​បែរ​ជា​ឲ្យ​លោក​ត្រៀម​ឯកសារ​ពាក់ព័ន្ធ ដើម្បី​យក​ទៅ​បំភ្លឺ​ទៅ​វិញ៖ «ម៉ោង ៧​ព្រឹកមិញ​ប៉ូលិស​បាន​យក​ដីកា​មក​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ស្រាយ​បំភ្លឺ​អំពី​បណ្ដឹង​គណៈកម្មការ​វត្ត​បឹង​ខ្នា។ គេ​ឲ្យ​ខ្ញុំ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​យក​ទៅ​បកស្រាយ តែ​ខ្ញុំ​មិន​ដឹង​ថា គណៈកម្មការ​វត្ត​ប្ដឹង​ខ្ញុំ​រឿង​អី​ផង...»

ដូច​គ្នា​នេះ​ដែរ ជំទប់​ទី​២ ឃុំ​ខ្នារឆ្មារ មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស គឺ​លោក ញ៉ែម សំណាង បាន​សំដែង​ការ​ងឿង​ឆ្ងល់​លាយ​ឡំ​ដោយ​ក្ដី​បារម្ភ​ថា ការ​កោះ​ហៅ​នេះ​ហាក់​មាន​ភាព​មិន​ប្រក្រតី ព្រោះ​លោក​មិន​ដែល​មាន​រឿង​អ្វី​ជាមួយ​គណៈកម្មការ​វត្ត​នោះ​ទេ៖ «ការ​គិត​របស់​ខ្ញុំ​នោះ ខ្ញុំ​គិត​ថា វា​មាន​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ...»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​កោះ​ហៅ​នេះ​ពី​លោក ប្រាក់ វុឌ្ឍី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ទេ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២។

យ៉ាង​នេះ​ក្ដី ប្រភព​ពី​មន្ត្រី​ប៉ូលិស​ស្រុក​សាមគ្គីមានជ័យ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​នេះ គឺ​ដោយ​គណៈកម្មការ​វត្ត​ខ្នារឆ្មារ ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នេះ បាន​អុកឡុក​ក្នុង​វត្ត​អារាម បំផុស​បំផុល​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក ដួង ចិន្ត្រា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង បាន​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាមកំហែង​បំបាក់​ស្មារតី​សមាជិក​គណបក្ស​ប្រឆាំង៖ «ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ គណបក្ស​ប្រឆាំង​ទទួល​បាន ៣​សំឡេង ឯ​គណបក្ស​កាន់​អំណាច​បាន​តែ ២​សំឡេង​ទេ។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់ ហើយ​ធ្វើ​ការ​សងសឹក​ដោយ​ការ​ប្រើ​អំណាច​ប៉ូលិស​ក្ដី តុលាការ​ក្ដី យក​មក​គាប​សង្កត់​បំបាក់​ស្មារតី​កុំ​ឲ្យ​ប៉ុន្មាន​នាក់​ហ្នឹង​ហ៊ាន​បន្ត​កិច្ចការ​នយោបាយ​បន្ត​ទៀត និង​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ធ្វើ​ការ​តវ៉ា...»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ មាន​ការ​ជីក​បាន​កំណប់​ពី​ក្នុង​ឫសសីមា​វិហារ​វត្ត​បូរាណ​មួយ ឈ្មោះ​វត្ត​បឹងខ្នា ស្ថិត​ក្នុង​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ គណៈកម្មការ​អាចារ្យ​វត្ត​មួយ​ចំនួន រួម​នឹង​លោក​មេ​ឃុំ លោកគ្រូ​ចៅ​អធិការ​វត្ត បាន​យក​របស់​បូរាណ​នេះ​ទៅ​លក់។ ក្រោយ​មក​រឿង​លក់​វត្ថុ​បូរាណ​នេះ​បាន​បែក​ធ្លាយ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ។ សកម្មភាព​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ការ​អុកឡុក បំផុស​បំផុល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា មន្ទីរ​វប្បធម៌ និង​មន្ទីរ​ធម្មការ គួរ​តែ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​ពី​ការ​លក់​វត្ថុ​បូរាណ​ទាំង​នោះ ដើម្បី​ប្រមូល​យក​មក​ទុក​ជា​សម្បត្តិ​ជាតិ​វិញ​នោះ​ទើប​ប្រសើរ។ លោក​សំណូមពរ​ឲ្យ​មន្ត្រី​យុត្តិធម៌​ត្រូវ​ប្រកាន់​ភាព​យុត្តិធម៌​ចំពោះ​ករណី​នេះ បើ​ពុំ​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​នឹង​បាត់​ជំនឿ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។