លោក ទា យី ជាពលរដ្ឋម្នាក់នៅឯខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះថា ៖ «មានជាប់ការសន្យាជាមួយប្រជារាស្រ្ដថា គោរពសិទ្ធិមនុស្ស បំបាត់អំពើពុករលួយអីនោះ ខ្ញុំយល់ថា ប្រហែលជាគាត់ប្រឹងឲ្យល្អជាងអាណត្តិមុនៗ»។
ចំណែកពលរដ្ឋម្នាក់ទៀតនៅឯក្រុងប៉ៃលិន គឺលោក ម៉ៅ ហ៊ាង បានថ្លែងយ៉ាងដូច្នេះថា ៖ «អាណត្តិទី៤នេះ គេមិនទាន់អីទេ ប៉ុន្តែអាណត្តិទី១ ទី២ ទី៣ មក គឺថា ប្រជាពលរដ្ឋដូចជាអស់ជំនឿ។ អស់ជំនឿត្រង់ថា កន្លែងណាខ្វះខាតអី តំណាងរាស្រ្ដដូចជាមិនចុះមកអើពើជាមួយប្រជាពលរដ្ឋអ៊ីចឹង។ ប្រជាពលរដ្ឋចាំមើលដែរ ក្រែងលោកែប្រែ ប៉ុន្តែកន្លងមកដូចមិនសូវយកចិត្តទុកដាក់ បើថាចុះ ចុះកន្លែងណាដែលសំបូរហូរហៀរ ចេះតែទៅ មើលតាមទូរទស្សន៍អី ចេះតែផ្សព្វផ្សាយ ពេលតាមដានពិនិត្យជាក់ស្ដែងទៅ គឺថា ក្រចេះតែក្រទៅ អ្នកមានចេះតែមានទៅ។ ទាំងពីរំលោភដីធ្លីអី ដូចមិនសូវគិតគូរ»។
សូមជម្រាបថា ក្នុងចំណោមតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី៤ សរុប១២៣រូប មកពីគណបក្សនយោបាយ ៥ផ្សេងៗគ្នា គឺមានតំណាងរាស្ត្រចំនួន ៣រូប បានសម្រេចចិត្តធ្វើពិហិការទាំងកិច្ចប្រជុំសភាដំបូងនិងពិធីស្បថសច្ចាប្រណិធានដែលកំណត់ដោយព្រះមហាក្សត្រ។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រុមតំណាងរាស្ត្រទាំង៣រូប នឹងអាចធ្វើពិធីស្បថនៅព្រះបរមរាជវាំងនាក្រោយបុណ្យភ្ជុំបិណ្ឌ។
យោងតាមខ្លឹមសារនៃការស្បថសច្ចាប្រណិធាន បានសរសេរយ៉ាងពិស្តារ តម្រូវឲ្យសមាជិករដ្ឋសភានិងសមាជិករដ្ឋាភិបាលគ្រប់រូប ដែលបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតច្ឆត្រ ឲ្យប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ បម្រើប្រជាពលរដ្ឋ គោរពរដ្ឋធម្មនុញ្ញ ហើយសច្ចាថា មិនកិបកេងប្រវ័ញ្ចប្រយោជន៍ជាតិ ដើម្បីបំពេញប្រយោជន៍បុគ្គលផ្ទាល់ខ្លួន គ្រួសារ ឬបក្សពួករៀងខ្លួននោះឡើយ។
ក៏ប៉ុន្តែ លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា អ្នកនយោបាយខ្មែរនៅមិនទាន់ប្រកាន់ខ្ជាប់សម្បថរបស់ខ្លួននៅឡើយទេ ៖ «ខ្ញុំសង្កេតឃើញអ៊ីចេះ ទាំងប្រជាពលរដ្ឋ ទាំងមន្រ្តីរាជការ គឺថាមិនទាន់បានយល់ច្បាស់ពីអ្វីដែលហៅសិទ្ធិ។ ពាក្យដែលហៅថាសិទ្ធិ គឺវាពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់រដ្ឋ ដូច្នេះមានន័យថា មន្រ្តីដែលឡើងទៅកាន់អំណាចហ្នឹង ក្នុងរដ្ឋាភិបាលហ្នឹង មិនមែនឡើងជាអ្នកធំ ហើយប្រើអំណាចត្រួតជិះជាន់គេនោះ មិនមែនដូច្នេះទេ គឺខ្លួនឯងត្រូវទទួលកាតព្វកិច្ចមួយរបស់រដ្ឋ ដើម្បីបំពេញភារកិច្ច ផ្ដល់ជាសេវាសាធារណៈក្ដី ដល់ប្រជាពលរដ្ឋ ជាពិសេសទៀត គឺដើម្បីលើកតម្កើងសិទ្ធិរបស់ពលរដ្ឋ។ ប្រជាពលរដ្ឋគាត់មានសិទ្ធិរស់រាន ឧទាហរណ៍អ៊ីចឹង។ ទីមួយប្រសិនបើគាត់អត់មានអីទទួលទាន តើនរណាត្រូវមានកាតព្វកិច្ចធ្វើឲ្យគាត់មានទទួលទានបាន? ដូចនៅប្រទេសគេផ្សេងៗ យើងឃើញថា រដ្ឋព្យាយាមធ្វើគោលនយោបាយ ឬក៏ផ្ដល់ថវិកាដល់អ្នកដែលអត់ការងារធ្វើ អ្នកក្រ។ ឧទាហរណ៍ បើកឲ្យមានសេវាសុខុមាលភាព សេវាសង្គមផ្សេងៗ ឬក៏ប្រាក់ឧបត្ថម្ភសង្គមអីផ្សេងៗ។ សព្វថ្ងៃ យើងឃើញថា មិនមែនរដ្ឋបំពេញកាតព្វកិច្ច វាទៅជាអ្នកធំបរិច្ចាគទានឲ្យអ្នកក្រខ្សត់ ទៅជាអ៊ីចេះវិញ»។
នៅត្រង់ការស្បថដែលថា គោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះវិញ លោក សុក សំអឿន បានអធិប្បាយថា មានចំណុចពីរសំខាន់ដែលអ្នកនយោបាយខ្មែរមិនទាន់ធ្វើឲ្យដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ ដែលក្នុងនោះគឺត្រង់ជំពូកនិងមាត្រាដែលស្តីអំពីការធ្វើសមាជជាតិនិងការបង្កើតឧត្តមក្រុមប្រឹក្សាការពារជាតិ។
លោក សុក សំអឿន មានប្រសាសន៍បន្ថែមដូច្នេះថា ៖ «ក្នុងច្បាប់ក៏ដោយ ក្នុងមួយឆ្នាំ ត្រូវធ្វើសមាជជាតិម្ដង ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋហ្នឹង ជួបតំណាងរដ្ឋាភិបាលក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ មកទល់ឥឡូវ អត់ទាន់មានសមាជជាតិទេ។ ទី២ យើងឃើញមាននៅក្នុងរដ្ឋធម្មនុញ្ញហ្នឹង គឺតម្រូវបង្កើតឲ្យមានឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រលោកជាអគ្គមេបញ្ជាការកំពូល ហើយលោកត្រូវជាប្រធានគណៈអធិបតីរាល់ការប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ។ ហើយក្នុងនោះ បន្ទាប់ពីបង្កើតក្រុមប្រឹក្សាការពារជាតិហើយ ព្រះមហាក្សត្រត្រូវតែងតាំងអគ្គមេបញ្ជាការរបស់កងទ័ពមួយទៀត។ ខ្ញុំឃើញមានចំណុចពីរហ្នឹង ដែលក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមាន តែយើងអត់ទាន់មាននៅឡើយ»។
ជុំវិញការធ្វើសមាជជាតិ លោក សុក សំអឿន គូសបញ្ជាក់ថា មានតែអង្គការសង្គមស៊ីវិលប៉ុណ្ណោះ ដែលបានធ្វើកិច្ចការនេះជាបន្តបន្ទាប់ ដែលក្នុងនោះ រួមមានការបើកឱកាសឲ្យមានការជួបគ្នារវាងតំណាងរាស្ត្រនិងម្ចាស់ឆ្នោតជាដើម។
ចំណែកនៅត្រង់ចំណុចសំខាន់នៃការបង្កើតឧត្តមក្រុមប្រឹក្សាការពារជាតិវិញ លោក សុក សំអឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «បើសិនជាយើងបង្កើតតាមរដ្ឋធម្មនុញ្ញ អាចនឹងធ្វើឲ្យកងទ័ពហ្នឹង មានលក្ខណៈជាអព្យាក្រឹតច្រើនជាង ហើយដល់អ៊ីចឹងទៅ អាចនឹងធ្វើឲ្យគ្រឹះលទ្ធិប្រជាធិបតេយ្យ រឹតតែរឹងមាំ»។
ប្រទេសកម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបន្តដឹកនាំរាជរដ្ឋាភិបាលរយៈពេល៥ឆ្នាំតទៅទៀត។ ចំណែកឯលោក ហេង សំរិន ត្រូវបានតែងតាំងឡើងវិញឲ្យដឹកនាំស្ថាប័នរដ្ឋសភាមួយអាណត្តិបន្តទៀតដែរ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ក៏ត្រូវគេមើលឃើញថា នៅមានគម្លាតឆ្ងាយរវាងអ្នកមាននិងអ្នកក្រ ភាពអត់ការងារធ្វើ បញ្ហាអំពើពុករលួយដែលកំពុងញាំញី ការទន្ទ្រានយកដីធ្លី ភាពខ្សោយនៃប្រព័ន្ធតុលាការ បញ្ហាធនធានមនុស្ស សុខុមាលភាពប្រជាពលរដ្ឋ ការគ្រប់គ្រងប្រាក់ចំណូលជាតិនិងកម្ចីបរទេស ដែលទាំងអស់នេះ គឺជាអាទិភាពសម្រាប់រដ្ឋាភិបាល ត្រូវបន្តដោះស្រាយ។
នៅវេលាបើកសម័យប្រជុំពេញអង្គលើកដំបូងនៃសភាជាតិអាណត្តិទី៤ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានថ្លែងរំឭកទៅកាន់អ្នកតំណាងរាស្ត្រដែលមានវត្តមានយ៉ាងដូច្នេះថា ៖ «ដើម្បីសម្រេចភារកិច្ចដ៏ឧត្ដុង្គឧត្ដមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាពនិងមហាសាមគ្គីភាពខ្ពស់ ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ដែលយើងបានអនុវត្តតាំងពីឆ្នាំ១៩៩៣មក ជាពិសេស ត្រូវកសាងឲ្យមានយុត្តិធម៌សង្គម ឲ្យកាន់តែមានកម្រិតខ្ពស់ជាលំដាប់។ កំណែទម្រង់ស្ដីពីអភិបាលកិច្ចល្អ ដែលក្នុងនោះ មានកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅតែបន្តទៅទៀត ឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត»។
សូមជម្រាបថា តំណាងរាស្ត្រអាណត្តិទី៤ថ្មីនេះ គឺមកពីគណបក្សប្រជាជនកម្ពុជា ៩០រូប គណបក្សសមរង្ស៊ី ២៦រូប គណបក្សសិទ្ធិមនុស្ស ៣រូប គណបក្សហ្វ៊ុនស៊ិនប៉ិច ២រូប និងគណបក្សនរោត្តមរណឫទ្ធិ ២រូប៕
