បក្ស​នយោបាយ​៥​បង្ហាញ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន

ទោះ​បី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) មិន​ទាន់​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ឃុំ-​សង្កាត់​​​អាណត្តិ​ទី​៣ ផ្លូវ​ការ​ក្ដី ក៏​ប៉ុន្តែ​​មន្ត្រី​គណបក្ស​នយោបាយ​ចំនួន ៥ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បាន​បង្ហាញ​ពី​ចំនួន​អាសនៈ​ក្រុមប្រឹក្សា និង​តំណែង​មេ​ឃុំ-​ចៅ​សង្កាត់ រៀងៗ​ខ្លួន។

0:00 / 0:00

មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បាន​បង្ហាញ​ពី​លទ្ធផល​បោះ​ឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ បឋម របស់​ខ្លួន ដោយ​គណបក្ស​ខ្លះ​ប្រកាស​ពី​ជោគជ័យ និង​មាន​បក្ស​ខ្លះ​ទៀត​ទទួល​ស្គាល់​ពី​បរាជ័យ។

លោក អ៊ក គឹមហាន ជា​ប្រធាន​នាយកដ្ឋាន​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៣​នេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១.៥៩២​ឃុំ​សង្កាត់ នឹង​កើន​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ ៣០០​អាសនៈ នៅ​ទូទាំង​ប្រទេស ប្រៀបធៀប​ជាមួយ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ។

លោក​ថា លទ្ធផល​នេះ​មិន​មែន​ជា​លទ្ធផល​ផ្លូវការ​ចេញ​ដោយ​ស្ថាប័ន គ.ជ.ប. នោះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​ដែល​​​គណបក្ស​ប្រជាជន​បាន​មក​ពី​មូលដ្ឋាន៖ «អាណត្តិ​ទី​២ យើង​ឈ្នះ​បាន​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​បាន ១.៥៩១​មេ​ឃុំ​ចៅ​សង្កាត់។ អាណត្តិ​ទី​៣​នេះ បាន​កើន ១​ឃុំ ប៉ុន្តែ​បើ​គិត​ពី​ចំនួន​អាសនៈ យើង​បាន​កើន​ចំនួន​អាសនៈ ៣០០​អាសនៈ។ សរុប​ចំនួន​អាសនៈ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ មាន​ចំនួន ៨.២៩៣​អាសនៈ»

មន្ត្រី​គណបក្ស​ប្រជាជន​រូប​នេះ​បាន​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ មាន​ដំណើរ​ការ​ល្អ និង​ព្រម​​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ ដោយ​ឡែក​គណបក្ស សម រង្ស៊ី បាន​ច្រាន​ចោល​ចំពោះ​លទ្ធផល​បោះ​ឆ្នោត ​និង​ទាមទារ​ឲ្យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី។

លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា បក្ស សម រង្ស៊ី មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ទេ ព្រោះ​យល់​ថា ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី ដូចជា​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​មាន​ការ​បន្លំ​ឈ្មោះ​អុ្នក​បោះ​ឆ្នោត​ជាដើម។

ទោះ​ជា​បែប​នេះ​ក្តី​លោក គង់ គាំ បាន​បញ្ជាក់​ថា លទ្ធផល​បោះ​ឆ្នោត​នេះ​បាន​បង្ហាញ​ថា គណបក្ស សម រង្ស៊ី ឈ្នះ​តំណែង​មេ​ឃុំ-ចៅសង្កាត់​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច៖ «ការ​បោះ​ឆ្នោត​មិន​ទាន់​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។ មិន​សេរី​នៅ​ត្រង់​ថា គណបក្ស​កាន់​អំណាច​បាន​ចំណាយ​លុយ​កាក់​ច្រើន​សន្ធឹកសន្ធាប់។ ទី​២ បាន​ប្រើ​មធ្យោបាយ​ឃោសនា​ច្រើន​ណាស់ និង​ទី​៣ បាន​បង្ក​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ដូច្នេះ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ។ បន្ថែម​លើ​នេះ យើង​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ គ.ជ.ប. ឲ្យ​បាន​ត្រឹមត្រូវ​សំរាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ»

ទោះ​យ៉ាង​ណា មន្ត្រី​បក្ស សម រង្ស៊ី មិន​ទាន់​បង្ហាញ​លទ្ធផល​ដែល​គណបក្ស​នេះ​ឈ្នះ​តំណែង​មេ​ឃុំ ឬ​ចៅ​សង្កាត់ ឬ​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​អាច​មាន​ទទួល​បាន​តំណែង​មេ​ឃុំ​ចន្លោះ​ពី ២២ ទៅ ២៥។

កាល​ពី​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​២ គណបក្ស សម រង្ស៊ី ទទួល​បាន​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន ២៨​មេ​ឃុំ​ចៅ​សង្កាត់ នៅ​ទូទាំង​ប្រទេស។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ទើប​ចូល​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់​លើក​ទី១ បាន​ឲ្យ​ដឹង​ថា គណបក្ស​លោក​បាន​ឈ្នះ​តំណែង​មេ​ឃុំ​ចំនួន ១៨ និង​ទទួល​បាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង ៨០០​អាសនៈ។

លោក កឹម សុខា ឲ្យ​ដឹង​ដូច្នេះ៖ «យើង​ទទួល​បាន​តំណែង​មេ​ឃុំ​ចន្លោះ​ពី ១៨ ទៅ ២០​ឃុំ មាន ២​ឃុំ​មិន​ទាន់​បាន​សំរេច​ចុង​ក្រោយ។ ប៉ុន្តែ​ចំនួន ១៨​ឃុំ​ច្បាស់លាស់​ជា​បាន​ហើយ តែ​ចំនួន ២​ឃុំ​មិន​ទាន់​បាន​សំរេច​ចុង​ក្រោយ។ រី​ឯ​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បាន​ជាង ៨០០​អាសនៈ»

​យ៉ាងណាក៏ដោយ លោក កឹម សុខា មិនទាន់​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ព្រោះ​ស្ថាប័ន គ.ជ.ប. មិន​ទាន់​ដោះស្រាយ​បណ្ដឹង​ជុំវិញ​ការ​បោះ​ឆ្នោត​ឲ្យ​ជា​ស្ថាពរ​នៅ​ឡើយ​នោះ។

រី​ឯ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ មន្ត្រី​បក្ស​ទាំង​ ២​បាន​ទទួល​ស្គាល់​ពី​បរាជ័យ​តែ​រៀងៗ​ខ្លួន ប៉ុន្តែ​បាន​ប្រតិកម្ម​ថា ការ​បោះ​ឆ្នោត​នេះ​កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ករណី។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ឲ្យ​ដឹង​ថា លទ្ធផល​បឋម​ដែល​គណបក្ស​ខ្លួន​ទទួល​បាន​បង្ហាញ​ថា បក្ស​ហ៊្វុនស៊ិនប៉ិច បាន​បាត់​តំណែង​មេ​ឃុំ និង​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន បើ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​២ ប៉ុន្តែ​បាន​កើន​សំឡេង​អ្នក​គាំទ្រ។

លោក ញឹក ប៊ុនឆៃ៖ «តាម​តួលេខ​ដែល​បាន​បូក​សរុប​បណ្ដោះអាសន្ន​បាន​ទទួល ១៦០​អាសនៈ និង​ទទួល​បាន​មេ​ឃុំ​ចំនួន ១​ឃុំ ក្រៅ​ពី​នោះ​ភាគ​ច្រើន​បាន​ទទួល​តំណែង​ជា​ជំទប់​ទី​១ ឬ​ទី​២។ ក្រុមប្រឹក្សា​ហ្វ៊ុនស៊ិនប៉ិច អាណត្តិ​ទី​២ មាន​ចំនួន ២៧៤ តែ​ឥឡូវ​ចុះ​មក​នៅ​ត្រឹម ១៦០​ទេ»

ងាក​ទៅ​គណបក្ស នរោត្តម រណឫទ្ធិ ត្រូវ​បាន​លោក ប៉ែន សង្ហា មន្ត្រី​នាំ​ពាក្យ​គណបក្ស​នេះ​បង្ហើប​ឲ្យ​ដឹង​ថា មិន​ទទួល​​បាន​តំណែង​មេ​ឃុំ ឬ​ចៅ​សង្កាត់​នោះ​ទេ ហើយ​ថា ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក៏​បាន​បាត់​​​​បង់ ធៀប​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​២ ឆ្នាំ​២០០៧។

លោក ប៉ែន សង្ហា៖ «សំឡេង​ឆ្នោត​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​ចំនួន ៥៣​អាសនៈ​ទៅ​តាម​ការ​គន់គូរ​ក្រៅ​ផ្លូវការ ហើយ​មិន​បាន​ឈ្នះ​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​ណា​មួយ​ទេ»

លោក​ថា គណបក្ស នរោត្តម រណឫទ្ធិ ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ បើ​ទោះ​ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​ករណី​ក្តី។

យ៉ាង​ណា​ក៏ដោយ មន្ត្រី គ.ជ.ប បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ នេះ​ទេ ដោយ​បញ្ជាក់​ថា លទ្ធផល​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​បាន​បន្ត​ឡើង​ចុះ។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ ការ​បោះ​ឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន ១០ បាន​ឈរ​ឈ្មោះ និង​បញ្ជូន​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង។ ចំពោះ​លទ្ធផល​ផ្លូវ​ការ មន្ត្រី គ.ជ.ប. បាន​បញ្ជាក់​ថា នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។