បុរសម្នាក់ឈ្មោះ ហាក់ ដែលអះអាងថាជាតំណាងកម្មករកម្មការិនីរោងចក្រនេះ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣១ ឧសភាថា កាលពីល្ងាចថ្ងៃទី៣០ លោកនិងតំណាងកម្មករម្នាក់ទៀត ឈ្មោះ ដារី បានតវ៉ាសុំដំឡើងថ្លៃអ៊ុតអាវ ដោយមួយឡូ មាន១២អាវ ថៅកែឲ្យថ្លៃឈ្នួលតែ ៣កាក់ (ប្រាក់ដុល្លារ) គឺប្រហែល ១.២០០រៀល ហើយពួកលោកសុំឲ្យឡើងដល់ ៤កាក់ ក្នុង១ឡូ ឬប្រហែល ១.៦០០រៀល ប៉ុន្តែភ្លាមៗនោះខាងថៅកែរោងចក្រជនជាតិចិន គឺលោក យុំាង លុយ បានហៅនគរបាលស្រុកនិងឃុំឲ្យចាប់លោកយកទៅស្នាក់ការនគរបាលឃុំ ៖ «ដល់ពេលហ្នឹងទៅ គេថា បើអ្ហែងអត់បើកលុយ គេបញ្ជូនអ្ហែងទៅលើហើយ»។
លោកបានបន្តថា មន្រ្តីនគរបាលទាំងនោះបានគំរាមលោកឲ្យទទួលយកប្រាក់ឈ្នួលអ៊ុតអាវនិងបញ្ឈប់លោកពីការងារតែម្តង ៖ «គេឲ្យខ្ញុំសរសេរថា ខ្ញុំអត់មានទៅប៉ះពាល់របស់រោងចក្រហ្នឹងទៀតទេ ហើយឲ្យខ្ញុំផ្ដិតមេដៃបើកលុយ។ រោងចក្រហ្នឹងបង្កើតពីរឆ្នាំហើយ កេងប្រវ័ញ្ចដល់ហើយ រោងចក្រហ្នឹង សូម្បីតែលុយបុណ្យអីក៏អត់ដែរ លុយថែមម៉ោងដល់ ៦កន្លះ អត់លុយទេ ដល់ថែមម៉ោង ៩ ហ្នឹង បាន ១ពាន់។ ហើយពួកខ្ញុំស៊ីតម្លៃឡូទេ ដល់ពេលតម្លៃឡូថោកពេក ទ្រាំអត់បាន»។
កម្មករម្នាក់ទៀតឈ្មោះ សារុន មានប្រសាសន៍ថា បន្ទាប់ពីថៅកែបានបញ្ឈប់តំណាងរបស់ខ្លួនពីរនាក់កាលពីល្ងាចថ្ងៃទី៣០នោះហើយ នៅថ្ងៃច័ន្ទ ទី១ មិថុនានេះ គេនឹងបើកប្រាក់ឲ្យកម្មករកម្មការិនីជាង ៦០នាក់នោះទៀត ហើយបើសិនជាអ្នកណានៅតែបន្តទាមទារដំឡើងប្រាក់ឈ្នួលនៃការអ៊ុតអាវនោះ គេនឹងបញ្ឈប់ការងារទៀត ៖ «ខ្ញុំឆ្ងល់ថា ហេតុអី បានជារោងចក្ររាល់ថ្ងៃគេបើកតែលុយនៅរោងចក្រ ហេតុអីបានជាថ្ងៃនេះ យកមិត្តភក្ដិពីរនាក់ខ្ញុំហ្នឹងទៅបើកលុយនៅប៉ុស្តិ៍ប៉ូលិស»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនឹងប្រធានរោងចក្រខាងលើ គឺលោក យុំាង លុយ បានទេ ដើម្បីសុំប្រតិកម្មចំពោះការចោទប្រកាន់នៅថ្ងៃ៣១ ឧសភានេះ។ ប៉ុន្តែប្រធានក្រុមទទួលបន្ទុកមើលការខុសត្រូវផ្នែកអ៊ុតនៃរោងចក្រហូហ្វិញ មានប្រសាសន៍ថា កម្មករបានយល់ព្រមទទួលយកប្រាក់ឈ្នួលប្រចាំខែ ហើយបានស្ម័គ្រចិត្តឈប់ពីការងារដោយខ្លួនឯង។
លោកបញ្ជាក់ថា ដោយសារតំណាងកម្មករពីរនាក់នោះបានញុះញង់កម្មករឲ្យឈប់ធ្វើការទើបថៅកែរបស់លោកហៅនគរបាលចាប់ខ្លួននោះ ៖ «ពេលដែលកម្មករពីរនាក់ មុននឹងឡើងតវ៉ា កម្មករពីរនាក់ហ្នឹងដើរប្រាប់កម្មករទាំងអស់ឲ្យឈប់អ៊ុត ហើយមានកម្មករខ្លះដែលអ៊ុតម្នាក់ពីរនាក់ហ្នឹង គាត់បានយកដៃផ្សារពុម្ពហ្នឹង ទៅវ៉ៃគំរាមកម្មករដែលអ៊ុតហ្នឹងឲ្យឈប់ដែរ»។
រដ្ឋលេខាធិការក្រសួងការងារលោក អ៊ុំ មាន មានប្រសាសន៍ថា ចំពោះបញ្ហាខាងលើ មន្ទីរការងារខេត្តកណ្តាលបានដោះស្រាយរួចហើយ។
ទោះជាយ៉ាងណា ប្រភពពីកម្មករបានឲ្យដឹងទៀតថា មានកម្មករមួយចំនួនត្រូវបានថៅកែបញ្ឈប់ពីការងារខ្លះហើយ ហើយនៅថ្ងៃ១ មិថុនានេះ បើអ្នកណានៅតែទាមទារសុំដំឡើងថ្លៃឈ្នួលទៀត គេនឹងត្រូវថៅកែបញ្ឈប់ពីការងារទាំងអស់គ្នា៕
