សម​រង្ស៊ី​អំពាវនាវ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​២​នាក់​

មេ​ដឹក​នាំ​គណបក្ស​សម​រង្ស៊ី នៅ​ថ្ងៃ​​២៥ មីនា បាន​ទទូច​សុំ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​​ដក​ពាក្យ​បណ្ដឹង និង​ដោះលែង​ប្រជាពលរដ្ឋ ២​នាក់ គឺ​លោក ព្រំ ជា និង​លោកស្រី មាស ស្រី ឲ្យ​មាន​សេរីភាព ហើយ​ប្រគល់​ដី​ស្រែ​ឲ្យ​ពួកគាត់​វិញ។
ដោយ សុខ សេរី
2010-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨-មករា-២០១០: សន្និសីទ​តាម​រយៈ​វីដេអូ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី នា​ទីស្នាក់ការ​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ
២៨-មករា-២០១០: សន្និសីទ​តាម​រយៈ​វីដេអូ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី នា​ទីស្នាក់ការ​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ
RFA/Leng Maly

ការ​ថ្លែង​ដូច្នេះ​គឺ​នៅ​ក្នុង​ពេល​ដែល​លោក សម រង្ស៊ី កំពុង​តែ​បង្ហាញ និង​លាត​ត្រដាង​ឯកសារ​ភស្តុតាង​ជា​ថ្មី​ទៀត​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ពិត​ជា​ត្រូវ​បាន​បាត់បង់​ទឹក​ដី​រវាង ៣០០​ម៉ែត្រ​ទៅ​ជិត ៥០០​ម៉ែត្រ នៅ​ក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្រោម​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​រយៈ Video Conference ពី​ប្រទេស​បារាំង នៅ​ក្នុង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សម​រង្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ ថា ៖ «បន្ទាប់​ពី​ឃើញ​ឯកសារ​ប៉ុណ្ណឹង​ហើយ ដក​ពាក្យ​បណ្តឹង​ចំពោះ​កសិករ ២​នាក់ គឺ​អ្នក​ស្រី មាស ស្រី និង​លោក ព្រំ ជា ឲ្យ​គាត់​បាន​រួច​ផុត​ពី​ការ​ឃុំ​ឃាំង ចាប់​ពី​ថ្ងៃ​ទី​នេះ​ទៅ ពីព្រោះ​អ្នក​ដែល​ជាប់​គុក​សព្វ​ថ្ងៃ​នេះ ពួក​គាត់​អត់​មាន​ទោស​អ្វី​ទេ។ ប្តឹង​គាត់​នេះ គឺ​ប្តឹង​ខុស!»

ឯកសារ​ថ្មីៗ​ដែល​លោក សម រង្ស៊ី បាន​យក​មក​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ឯកសារ​រូប​ថត​តាម​ផ្កាយ​រណប​របស់ Google Earth បញ្ជាក់​ថា តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤ គឺ​ភាគី​វៀតណាម​បង្ខិត​ចូល​មក​កម្ពុជា​ចំនួន ៣៦៨​ម៉ែត្រ, តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ ដែល​លោក សម រង្ស៊ី បាន​ដក​នោះ​គឺ​ភាគី​វៀតណាម បាន​បង្ខិត​ចូល​ចំនួន ៣១៩​ម៉ែត្រ, តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៦ ភាគី​វៀតណាម​បង្ខិត​ចូល​ចំនួន ៤៩៣​ម៉ែត្រ និង​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៧ គឺ​ភាគី​វៀតណាម​បាន​បង្ខិត​ចូល​កម្ពុជា​ចំនួន ៤៨៣​ម៉ែត្រ។ បង្គោល​ទាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​នឹង​ព្រំដែន​កម្ពុជា​និង​វៀតណាម។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ឯកសារ​នេះ​គឺ​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​ពី​ក្រុម​អ្នក​ជំនាញ​ជាន់​ខ្ពស់​នៃ​ប្រទេស​ស្វ៊ីស និង​ប្រទេស​អឺរ៉ុប ខាង​ភូមិ​សាស្ត្រ​ផែនទី​កុំព្យូទ័រ និង​ប្រវត្តិសាស្ត្រ។ ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទទួល​ស្គាល់​ការ​លាត​ត្រដាង​នេះ​ទេ។

លោក ទិត សុធា ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រតិកម្ម​ថា ការ​ដោះលែង ឬ​មិន​ដោះ​លែង​ប្រជាពលរដ្ឋ​២​នាក់​នោះ គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ។

លោក ទិត សុធា បាន​ថ្លែង​ដូច្នេះ ៖ «ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​លើ​ប្រជាពលរដ្ឋ ២​រូប​នេះ មក​ពី​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់។ ដូច្នេះ​ហើយ​គឺ​ជា​រឿង​នីតិ​វិធី​របស់​តុលាការ ដែល​រាជ​រដ្ឋាភិបាល​អត់​បាន​ជ្រៀតជ្រែក​ក្នុង​ការងារ​នោះ​ទេ។ ខ្ញុំ​យល់​ថា លោក សម រង្ស៊ី មិន​អាច​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល ព្រោះ​តែ​រឿង​នេះ​បាន​ទេ។ មិន​អាច​យក​រដ្ឋាភិបាល​ធ្វើ​ជា​ចំណាប់ខ្មាំង​បាន​នោះ​ទេ»

ប្រជាពលរដ្ឋ ២​នាក់ គឺ​លោក ព្រំ ជា និង​លោកស្រី មាស ស្រី ដែល​លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ​ដោះ​លែង​វិញ​នោះ បាន​រង​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ១​ឆ្នាំ ដោយ​តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​កន្លង​ទៅ​នេះ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា ដោយសារ​តែ​បាន​ចូល​រួម​ដក​បង្គោល​តម្រុយ​ព្រំដែន​លេខ​១៨៥ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ ជាមួយ​នឹង​លោក សម រង្ស៊ី នៅ​ក្នុង​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ នៅ​ក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​រង​ការ​កាត់​ទោស​កំបាំង​មុខ ​ដោយ​តុលាការ​ដដែល​នោះ ឲ្យ​ជាប់​គុក ២​ឆ្នាំ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ កន្លង​ទៅ​នេះ លោក សម រង្ស៊ី បាន​រង​ការ​ប្ដឹង​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Those two people should be release if Ransy go face the court and take respon.accu.

Mar 26, 2010 12:54 AM

អ្នក​អាន​អនាមិក

"កុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ?"

Mar 25, 2010 07:14 PM

គេហទំព័រ​ទាំងមូល