លោក សំ សុគង់ មេធាវីការពារក្តីលោក រស់ សុឃិត បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែតុលាថា ពិតមែនតែចៅក្រមសាលាឧទ្ធរណ៍បានកាត់ក្តីរឿងលោក រស់ សុឃិត នៅថ្ងៃទី១៩ ខែតុលា មែន តែការប្រកាសសាលដីកាសម្រេចសេចក្ដី នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ខាងមុខ។
លោកមេធាវី សំ សុគង់ បានមានប្រសាសន៍ថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកមានជំនឿថា កូនក្តីលោកនឹងបានរួចពីការចោទប្រកាន់ ៖ «បើយើងយោងទៅតាមសំណុំរឿង ក៏ដូចជាការកាត់ក្តី ដោយមានការសួរដេញដោលនៅក្នុងសវនាការជាសាធារណៈ យើងឃើញថា ចំពោះបទល្មើសពីបទផ្សាយព័ត៌មានមិនពិតនេះ គឺថា មិនមានភស្តុតាង ឬក៏មានចំណុចណាមួយដែលអាចដាក់បន្ទុកទៅលើលោក រស់ សុឃិត ថា គាត់បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ក្នុងនាមជាមេធាវីការពារក្តីឲ្យគាត់ ខ្ញុំមានជំនឿថា បើសាលាឧទ្ធរណ៍ឈរលើភាពយុត្តិធម៌ សាលាឧទ្ធរណ៍នឹងដោះលែងរូបគាត់»។
លោកមេធាវី សំ សុគង់ បានមានប្រសាសន៍ឲ្យដឹងដែរថា លោក រស់ សុឃិត បានជាប់ឃុំប្រមាណជាង១១ខែកន្លងមកហើយ ហើយការជាប់ឃុំនេះ ធ្វើឲ្យសុខភាពគាត់មានការទ្រុឌទ្រោម ៖ «បើនិយាយពីសុខភាពរបស់គាត់វាខុសពីសភាពគាត់នៅខាងក្រៅ។ ទី១ ទាក់ទងការពិបាកចិត្តរបស់គាត់ ដោយសារគាត់ធ្លាប់ជាអ្នកសារព័ត៌មានល្បីមួយដែរ ទី២ មិនមានការថែទាំ»។
លោក រស់ សុឃិត មានរឿងដោយសារលោកបានផ្ញើសារតាមទូរស័ព្ទដៃទៅលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល សាកសួរអំពីដំណឹងការយកប្រាក់ពីស្ត្រីទំនើងមួយរូប ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងករណីជម្លោះដីធ្លីជាច្រើនទៀត។
ចាប់តាំងពីមានការផ្ញើសារនោះមក ប៉ូលិសបានស្រាវជ្រាវ និងចាប់ខ្លួនលោក រស់ សុឃិត តាមពាក្យបណ្ដឹងរបស់លោក សយ សុភាព។
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក រស់ សុឃិត កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត។
លោក នេត្រ ភក្រ្តា អគ្គលេខាសមាគមកម្ពុជា ការពារអ្នកកាសែត បានមានប្រសាសន៍ថា កន្លងមកសមាគមបានយកចិត្តទុកដាក់តាមដានលើសំណុំរឿងលោក រស់ សុឃិត ជាប់ជានិច្ច ហើយសមាគមធ្លាប់បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវសុំគាត់រួចទោសទៀតផង។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ទៀតថា ៖ «តាងនាមសមាគមកម្ពុជា ការពារអ្នកកាសែត យើងសុំឲ្យមានការដោះលែងលោក រស់ សុឃិត ឲ្យមានសេរីភាពឡើងវិញ ពីព្រោះថា តាមយើងដឹងកន្លងមក យើងបានដឹងថា លោក រស់ សុឃិត មិនបានប្រព្រឹត្តអីធ្ងន់ធ្ងរឡើយ។ ជាមួយនោះ មតិសាធារណៈចង់ឲ្យមានការដោះលែងនោះដែរ»។
អ្នកស្រី រស់ រ៉ាដា ដែលជាបងស្រីបង្កើតរបស់លោក រស់ សុឃិត បានធ្វើដំណើរមកពីខេត្តស្វាយរៀង មកចូលរួមស្ដាប់ និងមើលសវនាការកាត់ទោសប្អូនប្រុសខ្លួននៅសាលប្រជុំសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថា អ្នកស្រីសូមឲ្យចៅក្រមតុលាការដោះលែងប្អូនប្រុសគាត់ ដោយគាត់បានអះអាងថា រស់ សុឃិត ពុំមានកំហុសធ្ងន់ធ្ងរដល់ថ្នាក់ជាប់ពន្ធនាគារច្រើនឆ្នាំនោះទេ។
លោក រស់ សុឃិត ធ្លាប់បំពេញការងារនៅក្នុងកាសែតកម្ពុជា និងកាសែតបរទេស តាំងពីឆ្នាំ១៩៩៣ មក ក្នុងនោះមានកាសែតល្បីៗមួយចំនួន ដូចជា ឌឹ ឃេមបូឌា ដេលី (The Cambodia Daily) ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ឃេមបូឌា ថែម (Cambodia Time) ជាដើម៕