ប្រជា​ពល​រដ្ឋ​នៅ​សៀមរាប​ចោទ​គ្រូ​ពេទ្យ​ថា​យក​លុយ​ពី​អ្នក​ជំងឺ​របេង

ក្រុម​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន នៅ​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ចម្ងាយ​ជិត​៤០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ពី​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​គ្រូ​ពេទ្យ​នៃ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក​ថា បាន​ទទួល​យក​ប្រាក់​ពី​អ្នក​ជំងឺ​របេង។
ដោយ ហង្ស សាវយុត
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូ​ពេទ្យ​និយាយ​ជាមួយ​អ្នក​ជំងឺ​របេង​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​៧ ធ្នូ ២០០៧។
គ្រូ​ពេទ្យ​និយាយ​ជាមួយ​អ្នក​ជំងឺ​របេង​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​៧ ធ្នូ ២០០៧។
AFP File

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ជា​អ្នក​ជំងឺ​របេង កំពុង​រស់​នៅ​តាម​ភូមិ ក្នុង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​មន្ត្រី​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក​ថា បាន​យក​លុយ​ពី​អ្នក​ជំងឺ​របេង​នៅ​ពេល​ដែល​ពួក​គេ​បាន​ទៅ​រក​សេវា​ព្យាបាល​ក្នុង​មណ្ឌល​សុខ​ភាព​ប្រចាំ​ឃុំ​នោះ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ រស់​នៅ​ភូមិ​ស្វាយ​ចន្ទោ ឃុំ​ព្រៃ​ជ្រូក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​ទទួល​ថ្នាំ​មក​ព្យាបាល​រោគ​របេង បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​សីហា​ថា គាត់​មាន​រោគ​របេង ហើយ​នៅ​ពេល​គាត់​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក គឺ​គាត់​បាន​ឲ្យ​លុយ​៨​ម៉ឺន​រៀល​ទៅ​អនុ​ប្រធាន​មណ្ឌល​សុខភាព​នោះ​ម្នាក់ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ធ្វើ​ការ និង​បើក​ថ្នាំ​ព្យាបាល​ឲ្យ​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ៖ «គេ​យក​មែន​នោះ​ឯង ប៉ុន្តែ​ខ្ញុំ​ឲ្យ​គេ​៨​ម៉ឺន។ ខ្ញុំ​វា​បន្ទាន់​កូន​ក៏​វា​មិន​បាន​ធ្វើ​ការ​ធ្វើ​ងារ​អី​ផង ក៏​ប្រញាប់​បាន​ថ្នាំ​លេប។ ខ្ញុំ​បន្ទាន់​ក៏​ឲ្យ​ទៅ​គេ ក៏​គេ​ប្រញាប់​ឲ្យ​ខ្ញុំ»

អ្នក​ជំងឺ​របេង​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក ក៏​បាន​និយាយ​ដូច​គ្នា​ដែរ​ថា គេ​សុទ្ធ​តែ​បាន​បង់​ប្រាក់​ទៅ​ឲ្យ​គ្រូ​ពេទ្យ​ក្នុង​មណ្ឌល​សុខភាព​នោះ ដោយ​គ្រាន់​តែ​ចំនួន​ទឹក​លុយ​ដែល​គេ​បាន​ឲ្យ​ទៅ​ខុស​ៗ គ្នា​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា អ្នក​គ្រប់គ្រង​របស់​មណ្ឌល​សុខភាព​នោះ បាន​បដិសេធ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នោះ​យ៉ាង​ខ្លាំង​ក្លា​ថា ជា​ការ​ចោទ​ប្រកាន់​មិន​ពិត។

លោក ជា ឡា ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នៅ​តាម​ភូមិ​ជា​ញឹក​ញាប់​ថា ការ​ព្យាបាល​រោគ​របេង​ពុំ​មាន​បង់​លុយ​ទេ។

លោក ជា ឡា បាន​បដិសេធ​ថា​គ្រូ​ពេទ្យ​របស់​លោក​មិន​បាន​យក​លុយ​ពី​អ្នក​ជំងឺ​របេង​ណា​មួយ​ទេ។ លោក​ជំរុញ​ឲ្យ​អ្នក​ដែល​ចោទ​ប្រកាន់​នោះ​ចង្អុល​មុខ​ចំៗ ចំពោះ​គ្រូ​ពេទ្យ​ណា​មួយ​ដែល​បាន​យក​លុយ​ពី​អ្នក​ជំងឺ​របេង​នោះ ៖ «រឿង​បង់​លុយ​បង់​កាក់​ខ្ញុំ​បដិសេធ​ទាំង​សព្វ។ ចង្អុល​មុខ​ទៅ ហើយ​ចង្អុល​ឲ្យ​ច្បាស់​ៗ ខ្ញុំ​មិន​ចូល​ចិត្ត​អា​ថា​ប៉ាត​ណា​ប៉ាត​ណី​ព្រាវ​ផ្ដេស​ផ្ដាស​ទៅ​ណា​ទៅ​ណី​ទេ។ ខ្ញុំ​ចុះ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តាម​ភូមិ​ថា របេង​មិន​ឲ្យ​លុយ​គេ​មិន​ត្រូវ​យក​ប្រាក់ មិន​ត្រូវ​អ្វី​ទាំង​អស់»

ទោះ​យ៉ាង​ណា អ្នក​ជំងឺ​របង​ខ្លះ​ដែល​ធ្លាប់​ទៅ​ព្យាបាល​នៅ​ទី​នោះ នៅ​តែ​អះអាង​ថា គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក ពិត​ជា​ធ្លាប់​យក​លុយ​ពី​ពួក​គេ។

លោក លើប លឿត នៅ​ភូមិ​ព្រៃ​ជ្រូក​បាន​អះ​អាង​ថា គាត់​ទើប​តែ​បញ្ឈប់​ការ​លេប​ថ្នាំ​ព្យាបាល​របេង​កាល​ពី​៦​ខែ​មុន ដោយ​កាល​ណោះ លោក​បាន​ឲ្យ​លុយ​ទៅ​គ្រូ​ពេទ្យ​មណ្ឌល​សុខ​ភាព​ចំនួន​១០​ម៉ឺន​រៀល និង​ស្ត្រី​ឈ្មោះ ថោង រុំ នៅ​ភូមិ​ព្រៃ​ជ្រូក​ដែរ ក៏​បាន​អះអាង​ថា គាត់​ធ្លាប់​ព្យាបាល​របេង​កាល​ពី​៣​ឆ្នាំ​មុន ក៏​បាន​បង់​លុយ​៦​ម៉ឺន​រៀល​ទៅ​ឲ្យ​គ្រូ​ពេទ្យ​ដែរ។

មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​របេង​គឺ​ជា​កម្មវិធី​ថ្នាក់​ជាតិ ដែល​ហៅ​ថា ដូត (DOT) ដោយ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ។

កាល​ពី​ជាង​១​ឆ្នាំ​មុន ប្រធាន​មណ្ឌល​សុខភាព​នៅ​ឃុំ​រោងគោ ស្រុក​ក្រឡាញ់​ធ្លាប់​បាន​ទទួល​ការ​ដាក់​ពិន័យ ដោយ​ដក​បញ្ឈរ​ជើង​មួយ​រយៈ ដោយសារ​តែ​មាន​ការ​អះ​អាង​ពី​ប្រជា​ពលរដ្ឋ​ថា បាន​ទទួល​យក​លុយ​ពី​អ្នក​ព្យាបាល​ជំងឺ​របង​នោះ​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល