តើកម្មករកម្មការិនីនៅកម្ពុជា កំពុងជួបប្រទះនូវការរំលោភសិទ្ធិអ្វីខ្លះ?
មិនមែនទើបតែថ្ងៃទី១ ខែឧសភា ឆ្នាំ ២០០៩ ឆ្នាំនេះទេ ដែលកម្មករកម្មការិនីបាននាំគ្នាធ្វើការតវ៉ាទាមទាររកការកែលម្អសិទ្ធិរស់នៅនោះ។ ឆ្នាំណាក៏ដូចឆ្នាំណាដែរ ក្រុមកម្មករតែងតែធ្វើការតវ៉ាជាប់ជាប្រចាំ បើទោះបីជាការថ្វើក្បួនដង្ហែតវ៉ាត្រូវគេរារាំង ឬក៏កំណត់សិទ្ធិសេរីភាពក៏ដោយ។
កាលពី ៣ឆ្នាំមុន គឺនៅឆ្នាំ ២០០៦ ក្រុមកម្មករដែលបាននាំគ្នាមកជួបជុំនៅក្រៅអគាររដ្ឋភា នៅថ្ងៃទី១ ឧសភា នោះ ត្រូវអាជ្ញាធរប្រដាប់ដោយអាវុធអាកានិងដំបងឆក់ ជាមួយនឹងរថយន្តពន្លត់អគ្គិសភ័យបានបណ្ដេញ និងរារាំងមិនឲ្យពួកគេបានធ្វើការតវ៉ានោះឡើយ។ ហើយនៅឆ្នាំក្រោយៗមកទៀត ការធ្វើក្បួនដង្ហែអបអរថ្ងៃទី ១ ឧសភា គ្រាន់តែត្រូវបានអាជ្ញាធរកម្រិតសិទ្ធិសេរីភាពដើរដង្ហែតែប៉ុណ្ណោះ។
ចំណែកនៅឆ្នាំនេះ ការដើរដង្ហែក្បួនកម្មករត្រូវគេអនុញ្ញាតឲ្យធ្វើពីត្រឹមកន្លែងអគាររដ្ឋសភាចាស់ទៅទីអគាររដ្ឋសភាថ្មី និងដង្ហែចេញពីទីរដ្ឋសភាថ្មី ទៅកាន់ទីវត្តលង្កា ដែលនៅទីនោះគេតែងធ្វើពិធីដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា ដែលឃាតករបានបាញ់សម្លាប់កាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០០៤។
តំណាងសហជីពតាមសហគ្រាសកាត់ដេរ និងតាមរោងចក្រនានាទូទាំងប្រទេសកម្ពុជា បានថ្លែងថា ជីវភាពរស់នៅរបស់កម្មករនិងកម្មការិនីមានការលំបាក។ ប្រាក់ខែជាមធ្យមបានទទួលរវាងពី ៥០ ទៅ ៥៥ និងជាង ៦០ដុល្លារតែប៉ុណ្ណោះ ដែលមិនអាចឲ្យពួកគេចាយវាយបានគ្រប់គ្រាន់ទេក្នុងមួយខែៗ។ ហើយនៅពេលណាដែលមានការតវ៉ាទាមទាររកការដំឡើងប្រាក់ខែ ពួកគេក៏ត្រូវរងការគាបសង្កត់ថែមទៀត។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី បានថ្លែងថា កម្មករកម្មការិនីនៅមិនទាន់ទទួលបានសិទ្ធិគ្រប់គ្រាន់ទេ បើទោះបីជាការតវ៉ាចេះតែធ្វើមករហូតនោះក្ដី។
លោក ជា មុន្នី បានថ្លែងដូច្នេះ ៖ «ដូចយើងដឹងហើយថា នៅពេលយើងប្រើសិទ្ធិសេរីភាពក្នុងការទាមទារអ្វីមួយ ឬការឲ្យគេអនុវត្តអ្វីមួយត្រូវបានគេមិនអនុញ្ញាត។ ដូចជាការជួបប្រជុំគ្នាដើម្បីតវ៉ា ដូចជាការជួបប្រជុំគ្នាដើម្បីធ្វើមីទ្ទីង ដូចជាការជួបប្រជុំគ្នាដើម្បីសម្ដែងនូវអ្វីមួយ ឃើញថាគេមិនអនុញ្ញាតទេ។ ដូច្នេះហើយបានយើងចង់បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ថ្វីត្បិតតែប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យមែនពិត ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករកម្មការិនីតែម្ដង គឺយើងមើលទៅហាក់បីដូចជារបបកុម្មុយនីស្តនៅឡើយទេ»។
មេដឹកនាំសហជីពដដែលបានឲ្យដឹងថា ជីវភាពកម្មកររហូតមកទល់នឹងពេលនេះ កាន់តែជួបភាពលំបាកនៅស្របពេលនឹងសភាពការណ៍ដែលរោងចក្រមួយចំនួនបានបិទទ្វារ ដែលធ្វើឲ្យកម្មករដែលប្រទះនឹងជីវភាពក្រីក្ររួចមកហើយនោះ បានឈានទៅរកភាពបាត់បង់ការងារ គ្មានជម្រើសណាមួយអាចជួយបានឡើយ។
មិនមានសេចក្ដីរាយការណ៍ផ្លូវការច្បាស់លាស់ណាមួយអំពីចំនួនកម្មករដែលកំពុងតែប្រឈមនឹងការអត់ការងារធ្វើនោះទេ ប៉ុន្តែបើតាមប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី លោកបានថ្លែងថា មានកម្មករចំនួនពី ៦ ទៅ ៧ម៉ឺននាក់ ដែលបានបាត់បង់ការងាររហូតមកទល់នឹងពេលនេះ។
ប្រធានសហជីពបានឲ្យដឹងថា ស្ថានភាពរោងចក្រទាំងអស់ដែលមានពីមុនចំនួនប្រមាណ ៥២០រោងចក្រនោះ ខ្លះបានបិទទ្វារតាំងពីចុងឆ្នាំ ២០០៧ រហូតដល់ចុងឆ្នាំ ២០០៨ និងជាពិសេសនៅចុងឆ្នាំ ២០០៨ តែម្ដង គឺនៅគ្រាដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិសេដ្ឋកិច្ច។
បើតាមប្រធានសហព័ន្ធសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា CCAWDO លោក អាត់ ធន់ លោកបានមានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចដែលមនុស្សទូទៅកំពុងតែជួបប្រទះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅកម្មករខ្មែរជាច្រើន។
លោក អាត់ ធន់ មានប្រសាសន៍ដូច្នេះ ៖ «វិបត្តិសេដ្ឋកិច្ចចុងក្រោយនេះ ឃើញថាសិទ្ធិការងារហ្នឹង គឺមានការធ្លាក់ចុះ នៅក្នុងនោះវាធ្លាក់ចុះតាំងពីសិទ្ធិក្នុងការទទួលបានការងារ សុវត្ថិភាពការងារ និងសុខភាព។ ហើយជាងនេះទៅទៀត គឺថាចំណូល។ ចំពោះចំណូលផ្សេងៗទៀតមានការធ្លាក់ចុះ អ៊ីចឹងបើយើងពិនិត្យទៅមានការធ្លាក់ចុះមែន។ យើងដូចជាមិនមានឃើញចំណុចអីដូចថាវាមានលក្ខណៈប្រសើរសម្រាប់ផ្នែកការងារនៅឡើយទេនៅពេលនេះ ដោយសារបើយើងមើលជាទូទៅឃើញថារដ្ឋាភិបាលមានការយកចិត្តទុកដាក់ជាច្រើនទៅលើតែនិយោជកដើម្បីលើកទឹកចិត្តឲ្យនិយោជកនៅបន្តទៀត ប៉ុន្តែទៅលើកម្មករដូចជាមិនសូវមានច្រើនទេ»។
ទោះជាយ៉ាងណា ប្រធានសហព័ន្ធសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងសរសើរថា គេនៅបានឃើញចំណុចមួយដែលរដ្ឋាភិបាលបាននិងកំពុងតែយកចិត្តទុកដាក់ចំពោះកម្មករ។ ចំណុចនោះគឺការរៀបចំជួយបណ្ដុះបណ្ដាលកម្មករលើផ្នែកបំពាក់បំប៉នឲ្យមានវិជ្ជាជីវៈ។
នៅក្នុងសុន្ទរកថាមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ ២០០៨ ក្នុងពិធីអបអរចំពោះទិវាពលកម្មអន្តរជាតិនេះ។ លោកបានថ្លែងនយោបាយរបស់រដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះកម្មករ ហើយលោកបានបញ្ជាក់ថារដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មមាត្រាច្បាប់ទី១៣៤ និងទី ១៤៤ នៃច្បាប់ពលកម្ម ដែលជាប់ទាក់ទងនឹងប្រយោជន៍ឲ្យកម្មករធ្វើការងារពេលយប់ និងធ្វើការងារលើសម៉ោងផងដែរ។
បើតាមប្រធានសហព័ន្ធសហជីពខ្មែរលោក ជួន មុំថុល លោកបានមានប្រសាសន៍ថា មន្រ្តីរដ្ឋាភិបាលកន្លងមកបានជួយគិតគូរដល់ប្រយោជន៍កម្មករដែរ ដោយការនិយាយជាមួយនឹងថៅកែតាមចំណុចស្នើទាមទារខ្លះរបស់កម្មករ។
លោក ជួន មុំថុល បានទទួលស្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ក៏ជីវភាពរស់នៅរបស់កម្មករពិតជាមានការលំបាកមែន ៖ «បើប្រៀបធៀបមកដល់ឥឡូវនេះ សិទ្ធិកម្មកររបស់យើងត្រូវបានថៅកែគោរព ហើយអនុវត្តតាមច្បាប់ នៅតែមួយចំនួនតិចតួចណាមួយនោះទេ ដែលថៅកែនៅតែមិនទាន់បានគោរពឲ្យបានពេលលេញ ជាពិសេសពេលគ្នាឆ្លងទន្លេ ឈប់សម្រាកលំហែមាតុភាព ពេលគ្នាពោះធំអីអ៊ីចឹងត្រូវចេញមុនម៉ោង ១០នាទី ឬក៏ ៥នាទីអីហ្នឹង រោងចក្រមួយចំនួនធំគេបានអនុវត្តតាម ប៉ុន្តែរោងចក្រមួយចំនួនតូចនៅតែមិនទាន់បានអនុវត្តតាម។ អ៊ីចឹងយើងបានព្យាយាមឲ្យរោងចក្រសម្រួលដល់ស្ត្រីដែលមានផ្ទៃពោះដើម្បីគ្នាបានចេញមុនម៉ោង មុនគេ កុំឲ្យគេបុកដួលអីអ៊ីចឹងទៅ»។
តំណាងក្រុមកម្មករដែលបានរៀបចំធ្វើក្បួនដង្ហែអបអរថ្ងៃ ១ ឧសភា បានថ្លែងថា ការដោះស្រាយតាមរបៀបមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺមិនអាចជួយពួកគេកែលម្អសិទ្ធិ និងជីវភាពរស់នៅរបស់កម្មករខ្មែរនាបច្ចុប្បន្នបានទេ។ ពួកគេបានទាមទារសុំឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យកាន់តែច្រើនថែមទៀត ជាពិសេសការផ្ដល់សិទ្ធិសេរីភាពជួបជុំធ្វើបាតុកម្មអហិង្សា ការដំឡើងប្រាក់ខែ ការយកចិត្តទុកដាក់បំប៉នថែរក្សាសុខភាពកម្មករ ដើម្បីជាប្រយោជន៍ដល់អនាគតសង្គមជាតិទាំងមូល៕
