សមត្ថកិច្ចកំណត់បានមុខសញ្ញាបាចត្រាក់ប្រឆាំង ហ៊ុន សែន
2009.08.27
លោក ទូច ណារ៉ុថ ជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងបន្តថា ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ជនទាំងនោះនៅឡើយទេ។
លោក ទូច ណារ៉ុថ បានឲ្យដឹងថា ៖ «ឥឡូវយើងកំពុងតែធ្វើការតាមដានបញ្ហាហ្នឹងហើយ ក៏ប៉ុន្តែខ្ញុំមិនទាន់អាចជម្រាបជូនបានទេ»។
សូមជម្រាបថា នៅវេលាម៉ោង៤ជិតភ្លឺកាលពីថៃ្ងពុធ ទី១៩ ខែសីហា ពលរដ្ឋបានប្រទះឃើញខិត្តប័ណ្ណជាច្រើនសន្លឹកត្រូវគេបាចនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានចាប់ផ្តើមបើកការស៊ើបអង្កេតតាំងពីពេលទទួលបានខិត្តប័ណ្ណទាំងនោះមក។
នៅផ្នែកខាងលើនៃសន្លឹកខិត្តប័ណ្ណនោះមានរាយឈ្មោះមនុស្ស៥នាក់ ដែលរួមមានឈ្មោះ ប៉ាន សុវណ្ណី, ស្រេង វទ្ធី, គឹម សុភ័ក្រ្ត, ជា សុជាប និង ជឹម ធឿន។
ផ្នែកខាងលើនៃខិត្តប័ណ្ណនោះដែរក៏មានដាក់រូបថតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានសរសេរចោទថា "លោក ហ៊ុន សែន គឺជាមេដឹកនាំផ្តាច់ការនៃប្រទេសកម្ពុជា ដែលជាកញ្ជះដាច់ថៃ្លរបស់អាយ៉ងយួន"។ ខ្លឹមសារខិត្តប័ណ្ណនោះក៏បានសរសេរអំពាវនាវទៀតថា "ខ្មែរទាំងអស់ត្រូវក្រោកឡើងប្រឆាំងនឹងរបបសព្វថ្ងៃនេះ"។
លោក ទូច ណារ៉ុថ ចាត់ទុកខ្លឹមសារខិត្តប័ណ្ណនោះ ថាជាការកាឡៃការពិតនិងមានចរិតដូចពួកខ្មែរក្រហម ៖ «ព្រោះទី១ គាត់យកពាក្យ ៧ មករា ជាថ្ងៃដែលវៀតណាមឈ្លានពាន ក៏ប៉ុន្តែប្រជាពលរដ្ឋគេបានទទួលស្គាល់ថាជាថ្ងៃដែលគេបានរស់ឡើងវិញពីរបប ប៉ុល ពត ហើយព្រះមហាក្សត្រក៏ទ្រង់ឡាយព្រះហស្ដលើព្រះរាជក្រឹត្យទទួលស្គាល់ថាជាថ្ងៃបុណ្យជាតិដែរ។ ដូច្នេះគាត់កាឡៃទៅជាអ៊ីចឹង គំនិតហ្នឹងមានតែអាពត។ បញ្ហាទី២ គាត់ចោទទៅលើសម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏ប៉ុន្តែប្រជាពលរដ្ឋគេទទួលស្គាល់អំពីការដឹកនាំរបស់លោក បានជាគេបោះឆ្នោតជូនលោក ដូច្នេះប្រជាពលរដ្ឋហាក់ដូចជាធុញទ្រាន់ណាស់ចំពោះបញ្ហាហ្នឹង គេលែងទាំងមើលហើយប្រមូលឲ្យយើងផង។ អ៊ីចឹងយើងខ្ញុំជាសមត្ថកិច្ច គេមានគំនិតអ្វីគំនិតចុះ ក៏ប៉ុន្តែយើងខ្ញុំនឹងតាមដានស្រាវជ្រាវរកឲ្យឃើញអ្នកប្រព្រឹត្តបញ្ហា បង្កចលាចលនេះ»។
សូមជម្រាបបន្ថែមថា កាសែតក្នុងស្រុកមួយបានរាយការណ៍ថា កាលពីពេលថ្មីៗមានបុរសម្នាក់ឈ្មោះ គឹម សុភ័ក្រ្ត ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ ដែលមានឈ្មោះក្នុងខិត្តប័ណ្ណនោះបានរត់ចូលទៅសុំជ្រកកោននៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅក្នុងក្រុងភ្នំពេញ។ ប៉ុន្តែមន្ត្រីនៃអង្គការ UNHCR ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ការិយាល័យរបស់លោកមិនដែលបានទទួលនិងមិនដែលបានទាក់ទងជាមួយឈ្មោះ គឹម សុភ័ក្រ្ត នោះទេ។
ទោះបីជាយ៉ាងក៏ដោយ លោកស្នងការនគរបាលរាជធានីភ្នំពេញថ្លែងថា ប៉ូលិសប្តេជ្ញានឹងរកឲ្យឃើញឲ្យអស់នូវជនដែលបាចត្រាក់ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ៕