ភ្ញៀវ​ទេសចរ​កើន​ឡើង​នៅ​ប្រាសាទ​ព្រះវិហារ

ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ បាន​កើន​ទ្វេ​ដង​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​នេះ។ កំណើន​នេះ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​កង​យោធពល​ខេមរភូមិន្ទ​រស់​នៅ និង​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ អាច​ឆ្លៀត​រក​ប្រាក់​កម្រៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​លើ​សេវា​បម្រើ​ភ្ញៀវ​ទេសចរ។
ដោយ ដែន អយុធ្យា
2013.02.15
Share on WhatsApp
Share on WhatsApp
ទេសចរ​ប្រាសាទ​ព្រះវិហារ ៣០៥ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Den Ayuthea

មន្ត្រី​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រចាំ​ការ​នៅ​តំបន់​គ១ ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា រយៈពេល ៣ថ្ងៃ គិត​ពី​ថ្ងៃ​អាទិត្យ ទី១០ ដល់​ថ្ងៃ​អង្គារ ទី១២ ខែ​កុម្ភៈ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចូល​ទស្សនា​ខេត្ត​ព្រះវិហារ ក្នុង​១ថ្ងៃៗ​មាន​ជាង​មួយ​ពាន់​នាក់។

មន្ត្រី​ម្នាក់​ស្នើ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​ថ្ងៃ។

លោក​ថា ពលរដ្ឋ និង​កងទ័ព ក្រោយ​ពេល​ទំនេរ​ពី​បំពេញ​ភារកិច្ច​ការពារ​ទឹកដី ពួក​គាត់​ឆ្លៀត​រត់​ម៉ូតូ​ឌុប ដឹក​ភ្ញៀវ​ឡើង​ទស្សនា​ប្រាសាទ ទទួល​បាន​ប្រាក់​ចំណូល​ចន្លោះ​ពី ១ម៉ឺន ៥ពាន់​រៀល ទៅ ៣ម៉ឺន​រៀល ឬ​ក៏​ច្រើន​ជាង​នេះ។

មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ការ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ បាន​កើន​ទ្វេ​ដង​នៅ​ថ្ងៃ​មាន​បុណ្យ​ជាតិ ឬ​ថ្ងៃ​ចុង​សប្ដាហ៍ ដោយ​ក្នុង​១​ថ្ងៃៗ​មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ ជាង ១រយ​ឡាន ឬ​ស្មើ​ជាង ១ពាន់​នាក់។ រី​ថ្ងៃ​ធម្មតា ក៏​មាន​ភ្ញៀវ​ចន្លោះ​ពី ២០​ឡាន ទៅ ៣០​ឡាន ចូល​ទស្សនា​ប្រសាទ​ព្រះវិហារ ដែរ មិន​ថា​តែ​ថ្ងៃ​មាន​បុណ្យ​ជាតិ ឬ​ពិធី​បុណ្យ​ផ្សេងៗ​នោះ​ទេ។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ឡើង​ទស្សនា​ប្រាសាទ​ព្រះវិហារ ដោយ​មធ្យោបាយ​រថយន្ត ឬ​ម៉ូតូ​ផ្ទាល់​ខ្លួន​ក៏​បាន ឬ​តាម​ម៉ូតូ និង​រថយន្ត​ឈ្នួល​ក៏​បាន។ ប៉ុន្តែ​លោក​ថា យក​ល្អ​គួរ​ភ្ញៀវ​ទេសចរ​គួរ​ជួល​ម៉ូតូ​ឌុប ឬ​រថយន្ត​ដែល​រង់ចាំ​បម្រើ​សេវា​ដឹក​ជញ្ជូន​នៅ​ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ អាច​មាន​សុវត្ថិភាព​ជាង ព្រោះ​ពួក​គេ​មាន​ជំនាញ​បើកបរ​ឡើង​ភ្នំ​មាន​ចំណោទ​ខ្ពស់​ស្ទាត់​ជំនាញ។

មន្ត្រី​​ដដែល​អះអាង​ទៀត​ថា សព្វថ្ងៃ​នេះ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន​លក្ខណៈ​ទូលំ​ទូលាយ ដោយ​មាន​សេវា​ដឹក​ជញ្ជូន​អាហារដ្ឋាន​លក់​ម្ហូប​អាហារ និង​សេវា​ស្នាក់នៅ​មាន​តម្លៃ​សមរម្យ និង​សម្បូរ​បែប។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ បាន​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​អាច​ដឹក​ភ្ញៀវ​ចំនួន ១០​នាក់​ឡើង និង​ចុះ​ពី​ប្រាសាទ​ព្រះវិហារ ដោយ​ភ្ញៀវ​ចំណាយ​ប្រាក់​តែ​ចំនួន ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។ រីឯ​ម៉ូតូ​ឌុប​វិញ ១​គ្រឿង​ភ្ញៀវ​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី ១ម៉ឺន ៥ពាន់​រៀល ទៅ ២ម៉ឺន​រៀល សម្រាប់​សេវា​ដឹក​ជញ្ជូន​ឡើង និង​ចុះ​ពី​ប្រាសាទ។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​បាន​សង្កត់​ធ្ងន់​ថា ភ្ញៀវ​ទេសចរ​ដែល​ចង់​ឡើង​ទស្សនា​ប្រាសាទ​ព្រះវិហារ គួរ​ជួល​ម៉ូតូ​ឌុប ឬ​រថយន្ត​ពី​ជើង​ភ្នំ ជំនួស​ការ​ប្រើ​មធ្យោបាយ​ផ្ទាល់​ខ្លួន ព្រោះ​ថា ការ​បើក​បរ​ផ្លូវ​ឡើង​ចំណោទ​ខ្ពស់ គឺ​ទាម​ទារ​អ្នក​ស្ទាត់​ជំនាញ។

ទាក់​ទិន​បញ្ហា​នេះ អាជីវករ​លក់​អាហារ​ហូប​ចុក​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ក៏​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មិន​ចាំបាច់​វេច​ខ្ចប់​ម្ហូប​អាហារ​ពី​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​នេះ​មាន​បម្រើ​អាហារ​ហូប​ចុក​មាន​តម្លៃ​សមរម្យ។

លោក អឿយ ញាណ ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​ក្បែរ​ប្រាសាទ មាន​ប្រសាសន៍​ថា អាហារ​ហូប​ចុក​មាន​លក់​ជូន​ភ្ញៀវ​ទេសចរ​តាម​តម្រូវការ និង​មាន​តម្លៃ​សមរម្យ ដោយ​ម្នាក់ៗ​ចំណាយ​ប្រាក់​ចាប់​ពី ៦ពាន់​រៀល ទៅ ៨ពាន់​រៀល អាច​ទទួល​ទាន​អាហារ​មួយ​ឆ្អែត។ លោក​ថា ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​នាំ​យក​អាហារ​ពី​ផ្ទះ​មក​ទេ នាំ​ឲ្យ​មាន​សំរាម ប៉ះ​ពាល់​ដល់​បរិស្ថាន​ប្រាសាទ​ព្រះវិហារ ទេ ព្រោះ​នៅ​ទីនេះ​មាន​អាហារ​គ្រប់​មុខ​រង់ចាំ​បម្រើ។

មនុស្ស​វ័យ​ចាស់​ដែល​បាន​មក​ទស្សនា​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ពុធ ទី១៣ ខែ​កុម្ភៈ មាន​អារម្មណ៍​រីករាយ​ពេល​បាន​មក​ដល់​ប្រាសាទ​ព្រះវិហារ។ ពួក​គាត់​បាន​រំលឹក​ដល់​គុណ​បំណាច់​របស់​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​បាន​ទាមទារ និង​យក​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៦២។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ប្រចាំ​ការ​នា​ទីស្នាក់ការ​អាជ្ញាធរ​ព្រះវិហារ ស្រុក​ជាំខ្សាន្ត បាន​អះអាង​ថា កំណើន​ភ្ញៀវ​ទេសចរ​បាន​កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កំណើន​នេះ​អាច​មក​ពី​ផ្លូវ​ធ្វើ​ដំណើរ​ល្អ និង​មាន​សេវា​បម្រើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ រង់ចាំ​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​បុរាណ មាន​វ័យ​ចំណាស់​ជាង ១ពាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។