វៀតណាម-កម្ពុជា សហការ​គំរាម​ខ្មែរ​ក្រោម

ការ​រើសអើង​មក​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​នៅ​ឡើយ ថ្វីបើ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​គឺ​ជា​ប្រជា​ជន​ខ្មែរ​ក៏​ដោយ។
ដោយ គឹម ពៅ
2011-02-19
Share
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
Photo courtesy of preynokornews.blogspot.com

ប្រភព​ពី​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គេ​ពុំ​ទាន់​ឃើញ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ណា​ម្នាក់ ដែល​បាន​ភៀស​ខ្លួន​ពី​កម្ពុជា​ក្រោម ឡើង​មក​សុំ​ជ្រក​កោន​នៅ​កម្ពុជា​ទៀត​ឡើយ ចាប់​ពី​ចុង​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១១ នេះ។

ព្រះ​តេជ​គុណ ចាន់ សូផាត ប្រធាន​សាមណៈ​សិស្ស និង​និស្សិត​ខ្មែរ​ក្រោម មាន​ព្រះ​ថេរៈ​ដីកា​ថា ថ្វីបើ​ស្ថាន​ភាព​អ្នក​រត់​ភៀស​ខ្លួន​ខ្មែរ​ក្រោម ហាក់​ដូច​ស្ងប់​ស្ងាត់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ស្ថានភាព​នៅ​កម្ពុជា​ក្រោម​នោះ ធូរ​ស្បើយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ការ​ផ្អាក​ការ​រត់​គេច​ដោយ​សារ​តែ​បញ្ហា​គំនាប​នៅ​កម្ពុជា​ក្រោម និង​បញ្ហា​លំបាក​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​រើសអើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ៖ "គេ​មាន​វិធី​សាស្ត្រ​ច្រើន​នៅ​ខាង​ក្រោម​នោះ ដោយ​គេ​លួង​លោម និង​គំរាម​កំហែង​នៅ​កន្លែង ដែល​គេ​អាច​ធ្វើ​បាន"

មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​រយៈ​ទូរស័ព្ទ​ពី​ទឹក​ដី​កម្ពុជា​ក្រោម ឬ​ហៅ​ថា​វៀតណាម​ភាគ​ខាង​ត្បូង អ្នក​ស្រី នាង ហាន អាយុ​៤៥​ឆ្នាំ បាន​រៀប​រាប់​ថា ការ​តវ៉ា​រឿង​ដីធ្លី និង​ការ​តវ៉ា​នានា​ផ្សេង​ទៀត របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ទីនោះ ពុំ​សូវ​មាន​ទៀត​ឡើយ ក្រោយ​ពី​មនុស្ស​ជា​ច្រើន ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ និង​ក្រោយ​ពី​មាន​ការ​ដោះ​ស្រាយ​ជា​ថ្នូរ​បន្តិច​បន្តួច ក្រោយ​ពី​ការ​តវ៉ា​នោះ។

អ្នក​ស្រី​បន្ថែម​ថា ក្រុម​អ្នក​ប្រឆាំង​និង​អាជ្ញាធរ​វៀតណាម​ជា​ច្រើន​នាក់ សុខ​ចិត្ត​នៅ​ស្ងៀម បើ​ទោះ​បី​ជា​ពួក​គេ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ចំពោះ​ដំណោះ​ស្រាយ​ក្តី ដោយ​មិន​ហ៊ាន​ឡើង​មក​កាន់​ប្រទេស​កម្ពុជា​ដូច​មុន​ឡើយ ក្រោយ​ពី​អ្នក​រត់​ភៀស​ខ្លួន​មុនៗ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​កាន់​ភូមិ​កំណើត​វិញ ដែល​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ទៅ​ដល់​ភូមិ​កំណើត ៖ "គំរាម​កំហែង​អី ក៏​ដូច​ជា​មិន​ថា​គំរាម​កំហែង ពី​ព្រោះ​ថា​ចូល​ទៅ​ស្រុក​ខ្មែរ ខ្លាច​គេ​ចាប់​គេ​ចង​ទៀត ចូល​ស្រុក​មិន​បាន ដូច​ជា ពូ ហេន អ៊ីចឹង មាន​លិខិត UNHCR មក​ស្រួល​បួល​ហើយ មក​គេ​ធ្វើ​បាប​ទៀត"

គិត​មក​ដល់​ពេល​នេះ របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​បាន​អះ​អាង​ថា មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៨​ម៉ឺន ៦​ពាន់​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ហូរ​ចូល​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​មក​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​ឡើង​មក​ធ្វើ​ជំនួញ ការ​ឡើង​មក​សិក្សា​រៀន​សូត្រ និង​ការ​រត់​គេច ក្រោយ​ពី​មាន​បញ្ហា​ជា​មួយ​អាជ្ញាធរ​វៀតណាម។

ប្រភព​ពី​សម្ព័ន្ធ​សាមណៈ​សិស្ស និស្សិត​ខ្មែរ​ក្រោម​បាន​អះ​អាង​ថា ការ​រើសអើង​មក​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​កម្ពុជា នៅ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ដូច​ជា​ការ​ប្រឈម​មុខ​និង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម ជួប​នូវ​បញ្ហា​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​បញ្ហា​គាប​សង្កត់​ផ្សេង​ទៀត​ក្នុង​សង្គម ៖ "គេ​មក​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ខ្មែរ ប៉ុន្តែ​បើ​និយាយ​តាម​ផ្លូវ​ច្បាប់។ វា​មាន​កត្តា​ច្រើន ដែល​វា​ប្រឈម​មុខ និង​បញ្ហា​ពិសេស​គឺ រឿង​ក្រដាស​ស្នាម បើ​និយាយ​ពី​ធម្មតា​អត់​អី​ទេ ប៉ុន្តែ​បើ​ត្រូវ​ការ​ក្រដាស​ស្នាម​បញ្ជាក់"

ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​សហ​រដ្ឋ​អាមេរិក លោក ថាច់ ង៉ុក​ថាច់ ថ្លែង​ថា អាជ្ញាធរ​ខ្មែរ​មិន​បាន​ការពារ និង​យក​ចិត្ត​ទុក​ដាក់​ការពារ​ចំពោះ​ពល​រដ្ឋ​ខ្មែរ​ក្រោម ដូច​អាជ្ញាធរ​វៀតណាម ដែល​បាន​យក​ចិត្ត​ទុក​ដាក់​មក​លើ​ប្រជា​ពល​រដ្ឋ​របស់​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ពន្យល់​ថា ការ​គំរាម​កំហែង គាប​សង្កត់ និង​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​អង្គការ​សមាគម​ខ្មែរ​ក្រោម អាជ្ញាធរ​បាន​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ និង​មាន​ការ​រឹតត្បិត ប្រយ័ត្ន​ប្រយែង និង​មាន​ការ​តាម​ដាន ៖ "ជន​ជាតិ​យួន​គ្នា​គេ សឹង​តែ​រៀង​រាល់​សប្ដាហ៍ គេ​មាន​កម្មវិធី គេ​គ្រប់​មុខ​ទាំង​អស់ តាំង​ពី​សិក្សា​អប់រំ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខ្មែរ​វិញ មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម ដែល​រស់​នៅ​កម្ពុជា សឹង​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ក្រោម​នោះ​ទៅ​ទៀត យើង​មិន​ដែល​ឃើញ​អ្នក​ដឹក​នាំ​ខ្មែរ​ធំៗ យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជា​រាស្ត្រ​ខ្លួន​ឯង​នោះ​ទេ បាន​តែ​យក​រដ្ឋធម្មនុញ្ញ​២ ទៅ​៣ បន្ទាត់​មក​សូត្រ​ប៉ុណ្ណោះ"

លោក​បន្ត​ថា ការ​រស់​នៅ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ប្រៀប​ដូច​ជា​ការ​រស់​នៅ​ដោយ​គ្មាន​សេរីភាព និង​ប្រឈម​នូវ​គ្រោះ​ថ្នាក់​សម្រាប់​ជីវិត​គ្រប់​ពេល​វេលា។ នៅ​គ្រា​ដែល​អាជ្ញាធរ​ខ្មែរ​មិន​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ គិត​មក​ដល់​ពេល​នេះ គ្មាន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ណា​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​តាម​ចាប់​ខ្លួន​ត្រូវ​បាន​អង្គការ UNHCR ផ្ដល់​សិទ្ធិ​ជ្រកកោន​នោះ​ឡើយ បើ​ទោះ​បី​ជា​គេ​បាន​គេច​ខ្លួន​មក​ដល់​កម្ពុជា និង​ប្រទេស​ថៃ​ក្ដី។

ក្រសួង​មហា​ផ្ទៃ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ កុម្ភៈ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា លោក​ជាប់​រវល់។ ប៉ុន្តែ​ទាក់​ទង​និង​រឿង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​ពេល​ដែល​គាត់​ចូល​មក​ដល់​កម្ពុជា ដោយ​មិន​បាច់​ដាក់​ពាក្យ​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ​ទេ ហើយ​ក៏​ពុំ​មាន​ហេតុ​ផល​ដើម្បី​សុំ​សិទ្ធិ​ភៀស​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ដែរ។

កាល​ពី​ខែ​មីនា​២០១០ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ក្រុង​បាងកក បាន បដិសេធ​មិន​ទទួល​ការ​ស្នើ​សុំ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៨​នាក់ ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣ ឡើយ ក្រោយ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​វៀតណាម នៅ​ក្នុង​ការ​ងើប​ប្រឆាំង​តវ៉ា​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​គេ​រឹបអូស​យក។

លោក ចៅ ហេន ដែល​ជា​តំណាង​អ្នក​តវ៉ា បាន​ត្រឡប់​ទៅ​រស់​នៅ​ភូមិ​កំណើត​របស់​លោក​វិញ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ប៉ុន្តែ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​លោក​បាន​ទៅ​ដល់​ស្រុក​កំណើត៕

ព័ត៌មាន (3)

មើល​មតិ​ទាំង​អស់.

Anonymous says:
Feb 20, 2011 05:18 PM

Khmer krom is also khmer and only khmer, we must not make this distinction. All khmer and this gov must support all khmer. we must be unit if we would like to be a big nation. Don't work for others countries interest over our own country.

Anonymous says:
Feb 20, 2011 05:43 PM

I am very regret with the Khmer Government which never concern about Khmer Krom who was treated badly by Vietnamese Authority, and I never heard even one time in the speech of Prime Minister Hun Sen that talk about invading land to the Khmer people who live near the Khmer-Vietnam border from Vietnam Authority.

Anonymous says:
Feb 19, 2011 11:38 AM

khmer gov.today under control of viet everybody work for viet it start from botton to the top they're very good dog...

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល