នៅល្ងាចថ្ងៃទី២នៃបាតុកម្ម ប្រធានសហជីពសេរីកម្មករកម្ពុជា បានអំពាវនាវឲ្យកម្មករចូលធ្វើការវិញ បន្ទាប់ពីការចរចាសម្រេចបានលទ្ធផលលើចំណុចមួយចំនួន។
កម្មកររោងចក្រកាត់ដេរស្បែកជើងឈ្មោះត្រីប៉ូស អ៊ិនធើណេសិនណល (Tripos International) ប្រមាណ ៤.០០០នាក់ បាននាំគ្នាធ្វើបាតុកម្មមិនចូលធ្វើការងារទេរយៈពេល២ថ្ងៃកន្លងទៅនេះ។
តំណាងកម្មករ និងជាប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រត្រីប៉ូស អ៊ិនធើណេសិនណល អ្នកស្រី លី សិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ធ្នូ ថា កម្មករកម្មការិនីទាំងអស់ក្នុងរោងចក្រ បានសម្រេចចិត្តថា នឹងមិនចូលធ្វើការងារទេ ប្រសិនបើភាគីរោងចក្រមិនព្រមដោះស្រាយតាមការទាមទាររបស់កម្មករកម្មការិនីទេនោះ៖ «ស្អែកព្រឹកខាងរោងចក្រគេនឹងប្រកាសដោយខ្លួនឯង បើខាងកម្មករគេទទួលយកអត់បានទេនោះ ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ។ យ៉ាងណានោះ ស្រេចតែលើកម្មករទេ ព្រោះអីខ្ញុំអស់លទ្ធភាពនិយាយជាមួយកម្មករទៀតហើយ ដោយសារខាងរោងចក្រធ្វើឲ្យខ្ញុំនិយាយជាមួយកម្មករលែងកើត»។
ប្រភពពីកម្មកររោងចក្រ ត្រីប៉ូស អ៊ិនធើណេសិនណល បានឲ្យដឹងថា ពួកគេធ្វើការទាមទារឲ្យភាគីរោងចក្របន្ថែមប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករចំនួន ៨ចំណុច គឺប្រាក់ធ្វើដំណើរ ១០ដុល្លារ ប្រាក់ថ្លៃទឹកដោះគោសម្រាប់កូន ចាប់ពីអាយុ ១ខែដល់អាយុ ៣៦ខែ ៨ដុល្លាក្នុង១ខែ ប្រាក់សហការបន្ថែមម៉ោង ២ដុល្លារក្នុងមួយសប្ដាហ៍ ប្រាក់បន្ថែមម៉ោងពីម៉ោង ៦ដល់ម៉ោង៧ ចំនួន១ពាន់រៀល ប្រាក់ថ្លៃអាហារថ្ងៃត្រង់ ៦ពាន់រៀលរៀងរាល់ថ្ងៃធ្វើការ ថ្លៃធ្វើដំណើរសម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ២ដុល្លារ សុំឲ្យកម្មករបានពេញសិទ្ធិដូចកម្មការិនី សុំកុំឲ្យកាត់ប្រាក់ថ្ងៃធ្វើបាតុកម្ម និងសុំកុំឲ្យកាត់ប្រាក់ថ្ងៃឈប់ដែលមានច្បាប់របស់កម្មករ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីភាគីរោងចក្របានទេ នៅល្ងាចថ្ងៃទី២៨ ធ្នូ។
ប៉ុន្តែ ប្រធានមន្ទីរការងារ គឺលោក ពៅ ស៊ីថា បានអះអាងថា លោកបានជួបធ្វើការសម្របសម្រួល ហើយភាគីរោងចក្របានយល់ព្រមលើចំណុចជាច្រើនដែលកម្មករបានទាមទារនោះហើយ៖ «យើងបានឯកភាពគ្នាលើចំណុចសំខាន់រួចអស់ហើយ។ ខ្ញុំប្រៀបធៀបដូចកូនទារលុយពីម៉ែឪដែរ មិនមែនទារប៉ុន្មាន គឺបានប៉ុណ្ណឹងទេ។ តែបើអ្វីដែលនៅក្នុងច្បាប់នោះ គឺយើងទារបានគ្រប់ តែនេះគឺជាប្រាក់អត្ថប្រយោជន៍។ ដោយឡែកយើងឃើញថា ចំណុចដែលក្ដៅក្នុងការទាមទារនោះ គឺយើងព្រមព្រៀងគ្នាហើយ»។
ស្របពេលគ្នានេះដែរ ប្រធានសហជីពសេរីកម្មករកម្ពុជា គឺលោក ជា មុន្នី មានប្រសាសន៍ថា ការចរចាតាមទូរស័ព្ទរវាងលោកជាមួយភាគីរោងចក្រនៅល្ងាចថ្ងៃទី២៨ ធ្នូ គឺបានសម្រេចព្រមព្រៀងគ្នាលើចំណុចសំខាន់ៗមួយចំនួនត្រូវបានភាគីរោងចក្រយល់ព្រមតាមការទាមទារ ហើយលោកសំណូមពរឲ្យកម្មករកម្មការិនីទាំងអស់ចូលធ្វើការងារវិញជាបន្ទាន់។ លោកថា ចំណុចដែលនៅសេសសល់ លោកនឹងបន្តចរចាបន្ថែមទៀតនៅពេលក្រោយ៖ «យើងសំណូមពរឲ្យកម្មករកម្មការិនីចូលធ្វើការវិញ ព្រោះការទាមទាររបស់យើងបានទទួលលទ្ធផលបណ្ដើរៗហើយ។ ឯចំណុចសេសសល់ យើងនឹងរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ បើយើងចង់បានសម្រេចគ្រប់ចំណុចតែម្ដង ហើយនិយោជកគេមិនមានលទ្ធភាពនោះ គឺយើងនឹងទទួលការខាតបង់ទាំងអស់គ្នា»។
រោងចក្រត្រីប៉ូស អ៊ិនធើណេសិនណល មានទីតាំងស្ថិតក្នុងភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រហូតដល់ល្ងាចថ្ងៃទី២៨ ធ្នូ កម្មករកម្មការិនីនៅមិនទាន់យល់ព្រមចូលរោងចក្រធ្វើការងារនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។