សហជីពកម្មករ និងសមាគមធំៗចំនួន ៦ ដែលជាសមាជិករបស់សភាពសហជីពកម្ពុជា ដឹកនាំដោយលោក រ៉ុង ឈុន បានសរសេរលិខិតមួយច្បាប់ជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងខ្លឹមសារលិខិតនោះ គឺស្នើបញ្ឈប់តំណែងស្នងការនគរបាល ប្រធានកងរាជអាវុធហត្ថ និងប្រធានមន្ទីរការងារខេត្តស្វាយរៀង។
ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងសិក្ខាសាលាក្នុងក្របខណ្ឌអាស៊ាន-ជប៉ុន ស្ដីពីគំនិតផ្ដួចផ្ដើមរបស់អាស៊ានអំពីការគ្រប់គ្រងផ្លូវទន្លេ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ថា មកដល់ពេលនេះអាជ្ញាធរសមត្ថកិច្ចបន្តចាត់វិធានការតាមចាប់ជនដៃដល់។
លោក ស ខេង មិនបានអធិប្បាយទេ នៅពេលអ្នកសារព័ត៌មានចោទសួរពីព័ត៌មានដែលថា ការបាញ់ប្រហារកម្មករមានជាប់ទាក់ទិននឹងអភិបាលក្រុងបាវិត។
ក្នុងលិខិតដដែល សហជីពបានហៅការបាញ់ប្រហារក្រុមកម្មករខ្មែរនៅរោងចក្រដេរស្បែកជើង កៅវ៉េ (Kaoway) ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ថា គឺជាសោកនាដកម្មថ្មីមួយបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីឧប្បត្តិហេតុនៅលើស្ពានពេជ្រ និងការបាញ់រះលើកសិករតវ៉ាក្នុងជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ។ ការនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិ ខូចខាតដល់កិត្តិយសជាតិកម្ពុជា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃក្រុមហ៊ុន ពូម៉ា (PUMA) និងអ្នកបញ្ជាទិញផ្សេងទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។