បទ​វិភាគ៖ តើ​លោក ហ៊ុន សែន បាន​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ?

0:00 / 0:00

បើ​ទោះ​ជា​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​អំណាច​កំពូល​បី គឺ​នីតិប្បញ្ញត្តិ ឬ​សភា នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល និង​តុលាការ​ដែល​ស្ថាប័ន​ធំ​ទាំង​បី មាន​នាទី​ត្រួត​ពិនិត្យ​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អោយ​មាន​តុល្យភាព​អំណាច​តាម​គន្លង​របប​ប្រជាធិបតេយ្យ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ក្តី ការ​អនុវត្ត​ជាក់ស្ដែង​មិន​មាន​ទេ។ គេ​ឃើញ​តែ​ប្រធាន​អំណាច​នីតិប្រតិបត្តិ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​តួ​យ៉ាង​សកម្ម ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ពេល​ខ្លះ​ផ្អែក​លើ​អារម្មណ៍​លុប​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ។

​តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ?

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ឃើញ​កិច្ចការ​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឡើង​ដោយ​ផ្អែក​លើ​អារម្មណ៍​របស់​លោក​ច្រើន​ជាង​ផ្អែក​តាម​គោលការណ៍​ច្បាប់ ដែល​ប្រការ​នេះ​អាច​បង្ក​អោយ​កិច្ចការ​ប្រទេស​ជាតិ​ប្រែប្រួល ឃ្លីងឃ្លោង​ទៅ​តាម​ភាព​ប្រែប្រួល​នៃ​អារម្មណ៍​របស់​លោក​ដែរ។

កិច្ចការ​មួយ​ចំនួន​ដែល​គេ​ឃើញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​សម្រេច​ផ្អែក​តាម​អារម្មណ៍​ផ្ទាល់​ខ្លួន ឬ​កំហឹង​របស់​លោក​នោះ រួម​មាន​ការ​ចាប់​មនុស្ស​ដាក់គុក ហើយ​ដោះលែង​វិញ ការ​លើក​បន្តុប​អ្នក​នេះ អ្នក​នោះ ហើយ​ទាញ​ទម្លាក់​ចុះ​វិញ រហូត​ដល់​ធ្វើ​ច្បាប់​មួយ​ចំនួន​ជាដើម។

ប្ដូរ​ចិត្ត​បី​ដង​ក្នុង​១​ថ្ងៃ​ក្នុង​រឿង​តែ​១

ឧទាហរណ៍៖ កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី​ផ្លាស់ប្ដូរ​ចិត្ត​បី​ដង​ក្នុង​១​ថ្ងៃ​ក្នុង​រឿង​តែ​១។ នោះ​គឺ​ករណី ឧត្ដមសេនីយ៍​ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា ដែល​រង​ការ​ចោទ​ថា បាន​រំលោភ​ច្បាប់​ចរាចរណ៍។ នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ដែល​ពេល​ខ្លះ​សម្រេច​កិច្ចការ​រដ្ឋ​ដោយ​យក​ហ្វេសប៊ុក (Facebook) ជា​មូលដ្ឋាន​នោះ បាន​ប្រកាស​ដក​តំណែង​ឧត្ដមសេនីយ៍ ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ប៉ូលិស​ចរាចរណ៍ លោក សូត្រ កញ្ញា។

នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​តំណែង​លោក ម៉ម ស្រ៊ីមវណ្ណា ដោយ​ផ្ដល់​ហេតុផល​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ស្ដាប់​សា​ចុះ​សា​ឡើង​នូវ​ការ​និយាយ​របស់​ឧត្ដមសេនីយ៍​រូប​នេះ។ ពាក្យ (អា​ប៉ូលិស​ចរាចរណ៍) ជា​ពាក្យ​មិន​ត្រឹម​តែ​ប្រមាថ​មើល​ងាយ​ថ្នាក់​ក្រោម​តែប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រមាថ​ដល់​ស្ថាប័ន​នគរបាល​ទាំង​មូល»

ប៉ុន្តែ​បន្តិច​ក្រោយ​មក​នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចិត្ត​ដោយ​សរសេរ​ថា ឧត្ដមសេនីយ៍​ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា នឹង​ដក​ពី​តំណែង ប៉ុន្តែ​អោយ​ទៅ​ធ្វើ​ការងារ​ផ្សេង​នៅ​ក្រសួង​មហាផ្ទៃ ប្រសិនបើ​ឧត្ដមសេនីយ៍​រូប​នេះ​ទទួល​ស្គាល់​កំហុស។

បន្ទាប់​មក គឺ​នៅ​ល្ងាច​ថ្ងៃ​ដដែល លោក​នាយករដ្ឋមន្ត្រី​ដូរ​ចិត្ត​ម្ដង​ទៀត ដោយ​សម្រេច​ប្រគល់​តួនាទី​ដើម​ដដែល​អោយ​ឧត្ដមសេនីយ៍​រូប​នេះ​ឡើង​វិញ ដោយ​លោក​សរសេរ​ថា ប៉ូលិស​ចរាចរណ៍​លោក​សូត្រ កញ្ញា និង​ឧត្ដមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ត្រូវរ៉ូវ​គ្នា​វិញ​ហើយ។

ការ​ផ្លាស់ប្ដូរ​ចិត្ត​មិន​ទៀងទាត់​ឆាប់​រហ័ស​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ប្រើ​អារម្មណ៍​ជា​ជាង​ប្រើ​គោលការណ៍​ច្បាប់​ជា​ធរមាន និង​ជា​ការ​រំលោភ​លើ​ថានានុក្រម​អំណាច ធ្វើ​អោយ​ច្របូកច្របល់ ពីព្រោះ​កិច្ចការ​នេះ ត្រូវ​ក្រសួង​មហាផ្ទៃ ជា​អ្នក​សម្រេច​មុន មិន​មែន​នាយករដ្ឋមន្ត្រី​ទេ។

ដាក់​ដក​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា

ការ​ដក​ចេញ និង​ដាក់​ចូល​វិញ​ទៅ​តាម​អារម្មណ៍ ឬ​កំហឹង​នេះ​នៅ​មាន​ទៀត។

បន្ទាប់​ពី​វិបត្តិ​នយោបាយ និង​ការ​ចរចា​គ្នា​រវាង​គណបក្ស​ធំ​ទាំង​ពីរ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ លោក កឹម សុខា អនុ​ប្រធាន​គណ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​តំណែង​ជា​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា និង​លោក សម រង្សី ប្រធាន​គណ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​រដ្ឋ​សភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។

នៅ​ពេល​ត្រូវរ៉ូវ​គ្នា ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្សី សុទ្ធ​តែ​ប្រកាស​ថា តំណែង​ទាំង​នេះ​គឺ​ដើម្បី​អត្ថប្រយោជន៍​ជាតិ និង​ដើម្បី​អាណត្តិ​បន្ត​បន្ទាប់ ឬ​ដើម្បី​ក្មេង​ជំនាន់​ក្រោយ។ ប៉ុន្តែ​កម្ដៅ​នយោបាយ​ចាប់​ផ្ដើម​កើន​ឡើង​វិញ នៅ​ពេល​មន្ត្រី និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បន្ត​រិះគន់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច ជាពិសេស​នោះ គឺ​នៅ​ពេល​មាន​បាតុកម្ម​តវ៉ា​នៅ​ប្រទេស​បារាំង ប្រឆាំង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

ខឹង​នឹង​បាតុករ​ដែល​ទៅ​ឆាឆៅ​បំបាក់​មុខ​លោក​ពី​ប្រទេស​បារាំង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទ​ថា បក្ស​ប្រឆាំង​នៅ​​ពី​ក្រោយ​បាតុករ​ទាំង​នោះ បាន​ចេញ​បញ្ជា​អោយ​មាន​បាតុកម្ម​នៅ​ក្រុង​ភ្នំពេញ ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋ​សភា។ នេះ​អាច​បញ្ជាក់​ថា ការ​បង្កើត ឬ​ប្រគល់​តំណែង​អោយ​លោក កឹម សុខា ក្ដី ឬ​លោក សម រង្ស៊ី ក្ដី គឺ​ដើម្បី​លួង​ចិត្ត​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ និង​កូន​ចៅ​អោយ​ឈប់​រិះគន់ ឬ​កាត់​បន្ថយ​ការ​វាយ​ប្រហារ​ទៅ​រដ្ឋាភិបាល ជា​ជាង​ឈរ​លើ​គោលការណ៍។

ប្រើប្រាស់​សត្រូវ​ដើម្បី​បំបែក​បំបាក់​សត្រូវ

ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ប្រហែល ជា​មិន​សំខាន់​ទេ មាន​ន័យ​ថា ប្រើប្រាស់​វិធី​ណា​ក៏ដោយ អោយ​តែ​សម្រេច​បាន​លទ្ធផល។

ឧទាហរណ៍​ដើម្បី​កាច់​បំបាក់​គូ​សត្រូវ លោក​នាយករដ្ឋមន្ត្រី​បើកដៃ​អោយ​មាន​ការ​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ ដែល​បាន​មក​ពី​ការ​លួច​ថត​ដោយ​ខុស​ច្បាប់។ មិន​ថា​ឡើយ​កម្លាំង​បាតុករ​មក​ពី​ប្រភព​ណា​ទេ អោយ​តែ​លោក​អាច​ប្រើ​បាន។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ទាហាន ប៉ូលិស អង្គរក្ស ក្រុម​យុវជន រដ្ឋសភា និង​ប្រើ​តុលាការ ដើម្បី​ទម្លាក់​លោក កឹម សុខា ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្ខំ​អោយ​ឃុំឃាំង​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស​រាប់​ខែ។ នៅ​ពេល​នោះ មួយ​ម៉ាត់​ណា​ក៏​លោក​នាយករដ្ឋមន្ត្រី​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​ទាំង​អស់ ហើយ​ថា ករណី​លោក កឹម សុខា ស្ថិត​ក្នុង​សមត្ថកិច្ច​តុលាការ។

បន្ទាប់ពី​គាបសង្កត់​លោក កឹម សុខា មិន​អោយ​ចេញ​ទៅ​ណា​ជាង​កន្លះ​ឆ្នាំ ទំនង​ជា​យល់​ច្រឡំ​ថា ដល់​ពេល​អាច​ប្រើប្រាស់​លោក កឹម សុខា លោក​នាយករដ្ឋមន្ត្រី នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក កឹម សុខា។ ភ្លាមៗ បន្ទាប់​មក ក៏​លើក​បន្តុប​លោក កឹម សុខា អោយ​ធ្វើ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ជំនួស​លោក សម រង្ស៊ី។ ទោះជា​យ៉ាង​ណា លោក កឹម សុខា ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ជូន​លោក ហ៊ុន សែន ជា​ថ្នូរ។ ប៉ុន្តែ​ល្បិច​ខ្ចី​ដៃ​សត្រូវ​វាយ​បំបែក​សត្រូវ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ជោគជ័យ​ទេ​នៅ​ពេល​លោក កឹម សុខា មិន​ធ្វើ​តាម។

លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​មាន​ប្រសាសន៍​ហើយ​ថា កុំ​ធ្វើ​អោយ​លោក​ខឹង ឬ​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ បើ​លោក​ខ្ញាល់​ហើយ លោក​នឹង​តាម​ទៅ​កម្ទេច​ដល់​ទី​ជម្រក​ចុង​ក្រោយ​របស់​បច្ចាមិត្ត។

នៅ​ពេល​លោក កឹម សុខា មិន​ធ្វើ​តាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រែប្រួល​ភ្លាមៗ បង្ហាញ​កំហឹង ហើយ​ប្រកាស​ដក​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​រដ្ឋ​សភា​ពី​លោក កឹម សុខា វិញ។ ដោយ​មិន​ដំអក់ លោក​ក៏​បញ្ជា​អោយ​សមាជិកសភា​របស់​លោក​បោះ​ឆ្នោត​លុប​ចោល​ប្រការ ៤៨ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ទៀត ពីព្រោះ​ប្រការ​នេះ​ជា​អ្នក​បង្កើត​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច-​ភាគ​ច្រើន​រដ្ឋ​សភា។ ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នេះ ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​មិន​នឹងន​ឈរ​លើ​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។

លុប​ចោល​ប្រការ ៤៨ នេះ​រួច​ហើយ លោក​នាយករដ្ឋមន្ត្រី​នៅ​មិន​ទាន់​បាត់​ក្តៅ​ស្លឹក​ត្រចៀក​ទេ លោក​ក៏​បញ្ជា​អោយ​រដ្ឋ​សភា​ដែល​ចាំ​តែ​ធ្វើ​តាម​លោក​នោះ រៀបចំ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​អោយ​បាន​ឆាប់ ដើម្បី​កំណត់​មិន​អោយ​បុគ្គល​មាន​ទោស​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នយោបាយ​បាន​ទេ។ បំណង​នៃ​វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​អាច​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ថែម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​មួយ​ដើម្បី​អនុវត្ត​លើ​បទល្មើស​ដែល​កើត​មាន​មុន​ច្បាប់​ថ្មី​នោះ គឺ​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ​អន្តរជាតិ ហើយ​ក៏​​ខុស​នឹង​ទម្លាប់​ដែល​កម្ពុជា ធ្លាប់​អនុវត្ត​កន្លង​ទៅ​ដែរ។

ឧទាហរណ៍៖ កាល​ពី​ឆ្នាំ​២០១០ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មិន​ប្រតិសកម្ម ឬ​មិន​អនុវត្ត​ធាក់​ថយ​ក្រោយ។ មាន​ន័យ​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ មិន​អាច​អនុវត្ត​ទៅ​លើ​បទល្មើស​ពុករលួយ​ដែល​បាន​ប្រព្រឹត្ត​មុន​ពេល​ច្បាប់​នោះ​កើត​ឡើង​ទេ។

តុលាការ​តេឡេ

និយាយ​ពី​តុលាការ​វិញ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​គណបក្ស​កាន់​អំណាច។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បើ​ទោះ​ជា​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ពី​រដ្ឋាភិបាល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​ទេ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អោយ​ចាប់​ខ្លួន​នោះ ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការពារ​ធនធាន​ធម្មជាតិ ការពារ​ដីធ្លី​ក៏ដោយ។ ថា​អ្នក​ទាំង​នេះ​ចុះ មិន​មាន​អភ័យ​ឯកសិទ្ធិ អាច​ចាប់​ពេល​ណា​ក៏បាន បើ​ល្មើស​ច្បាប់​ជាក់ស្ដែង ប៉ុន្តែ​អ្នក​ដែល​មាន "អា​សិទ្ធិ​អត់​ភ័យ" នេះ ដូច​ជា​សមាជិក​សភា​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ដោយ​មិន​ចាំបាច់​ទៅ​សុំ​ដក​អា​សិទ្ធិ​អត់​ភ័យ​នេះ​ពី​សភា​ជា​មុន​អោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ ដោយ​អះអាង​ថា ជា​បទល្មើស​ជាក់ស្ដែង។

ពេល​លោក​នាយករដ្ឋមន្ត្រី​ចង់​ចាប់​អ្នក​ណា​ឃុំ ទោះ​ជា​គ្មាន​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដូចជា​ករណី​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ក៏​លោក​អាច​ចាប់​បាន ព្រោះ​លោក​មាន​តុលាការ​ដែល​រង់ចាំ​ស្ដាប់​បង្គាប់ ហើយ​បើ​លោក​សប្បាយ​ចិត្ត ឬ​ឃើញ​ផលប្រយោជន៍​នយោបាយ លោក​ដោះលែង​មក​វិញ ដោយ​ប្រើ​ព្រះមហាក្សត្រ ដែល​លោក​អាច​ពឹង​ពាក់​បាន​គ្រប់​ពេល អោយ​ប្រទាន​ការ​លើក​លែង​ទោស។ ដូច​ករណី​លោក​មេ​ឃុំ ស៊ាង ចែត និង​លោក កឹម សុខា ជាដើម។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ចាប់​ខ្លួន និង​ដោះលែង​វិញ ក្នុង​សំណុំរឿង​មួយ​ចំនួន​មិន​បាន​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ​ទេ តែ​ផ្អែក​លើ​អារម្មណ ឬ​ផលប្រយោជន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ឯ​ណោះ​វិញ។ ហេតុ​ដូច្នេះ​ហើយ ទើប​ក្រុម​ស្ត្រី​តំបន់​បឹងកក់ ដែល​ជាប់​លេខ​ខាង​ចេញ​តវ៉ា ប្រសិទ្ធិនាម​តុលាការ​កម្ពុជា ដែល​ត្រូវ​អ្នក​នយោបាយ​ប្រើប្រាស់​នេះ​ថា ជា​តុលាការ​តេឡេ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​បាន។

សម្ដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រភព​នៃ​ច្បាប់

មិន​មែន​តែ​តុលាការ​ទេ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ក្ដោបក្ដាប់​បាន សូម្បី​តែ​រដ្ឋ​សភា​ដែល​ជា​ស្ថាប័ន​កំពូល​ជា​អ្នក​បង្កើត​រដ្ឋាភិបាល ក៏​លោក​នាយករដ្ឋមន្ត្រី​អាច​កុម្ម៉ង់​តាម​ចិត្ត ពោល​គឺ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ប្រភព​នៃ​ច្បាប់​ទៅ​ហើយ។

ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋសភា​បាន​បង្កើត និង​កែប្រែ​មិន​បាន​ផ្អែក​តាម​គោលការណ៍​ប្រយោជន៍​សាកល​ទេ ប៉ុន្តែ​ផ្អែក​តាម​អារម្មណ៍ ឬ​ការ​ចង់​បាន​យ៉ាង​តក់ក្រហល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឧទាហរណ៍៖ ការ​បោះ​ឆ្នោត​បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម ឬ​ហៅ​ថា ការ​បោះ​ឆ្នោត​ជា​កញ្ចប់​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​សភា និង​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​តែមួយ កាល​ពី​ឆ្នាំ​២០០៤។

បង្កើត​ច្បាប់​ឯកពន្ធនភាព​ដើម្បី​បង្ខំ​អោយ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាល់ច្រក។ ច្បាប់​ដាក់ទោស​អ្នក​ដែល​មិន​ទទួល​ស្គាល់​ថា មាន​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី​ខឹង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​នាទី​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បរាជ័យ​មិន​អាច​បំបែក​លោក កឹម សុខា ពី​លោក សម រង្ស៊ី បាន​តាម​វិធី​ផ្សេងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ផ្ទុះ​កំហឹង​រហូត​ដល់​គំរាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ៖ «យើង​បាន​បណ្ដែតបណ្ដោយ​ពួកគេ​ច្រើន​លើក​ហើយ ប៉ុន្តែ​លើក​នេះ​អត់​ទេ ចាំបាច់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដាក់​ថា អ្នក​មាន​ទោស​អត់​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន​គណបក្ស​នយោបាយ។ ខ្ញុំ​មាន​សំណូមពរ​កែ​ដាក់​ទៅ​ដើម្បី​ឲ្យ​អស់​សិទ្ធិ»

បាន​ដូច​ចិត្ត​កំហឹង​របស់​លោក​នាយករដ្ឋមន្ត្រី ក៏​អាច​ជា​ប្រភព​នៃ​ច្បាប់​ដែរ ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦០​រូប បាន​ចុះ​ហត្ថលេខា​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ។

នីតិរដ្ឋ​នៅ​អាមេរិក

ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិត តែង​គោរព​ព្រំដែន​អំណាច​រវាង​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។

​ឧទាហរណ៍៖ នៅ​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​កំពុង​មាន​ការ​តតាំង​គ្នា​ផ្លូវ​ច្បាប់​រវាង​តុលាការ និង​ប្រធានាធិបតី​ថ្មី លោក ដន ណល់ត្រាំ (Donald Trump)។

ភ្លាមៗ​បន្ទាប់ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បាន​ចេញ​បទបញ្ជា​មួយ​ចំនួន​ដែល​ត្រូវ​មនុស្ស​ជា​ច្រើន​យល់​ថា រំលោភ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក និង​ប៉ះពាល់​តម្លៃ​ជាតិ​សាសន៍​អាមេរិកាំង។ បទបញ្ជា​ទាំង​នោះ​រួម​មាន បម្រាម​មិន​អោយ​ពលរដ្ឋ​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម ចំនួន ៧ ចូល​សហរដ្ឋអាមេរិក រយៈពេល ៩០​ថ្ងៃ និង​ផ្អាក​ទទួល​យក​​ជនភៀសខ្លួន​ដែល​សហរដ្ឋអាមេរិក បាន​សម្រេច​ទទួល​យក​ហើយ​រយៈពេល ១២០​ថ្ងៃ។

បញ្ជា​របស់​ប្រធានាធិបតី ក៏​ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ហើយ​អាច​តវ៉ា​បាន​ដែរ។ អ្នក​ដែល​ចេញ​មុខ​ជំទាស់​បទបញ្ជា​របស់​លោក ដូណាល់ ត្រាំ មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​បាន​បង្គាប់​ទៅ​នគរបាល និង​សមត្ថកិច្ច​ផ្សេង​ទៀត​មិន​អោយ​អនុវត្តន៍​បទបញ្ជា​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ ដោយ​សំអាង​ថា វា​បំពាន​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ដែល​អះអាង​ថា បទបញ្ជា​របស់​លោក​គឺ​ជា​ផលប្រយោជន៍​របស់​ប្រជាជាតិ​អាមេរិកាំង​នោះ បាន​ដក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រូប​នោះ​ចោល​ភ្លាម។ ប៉ុន្តែ​មិន​មែន​មាន​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទេ ដែល​ប្រឆាំង​ជំទាស់​បទបញ្ជា​លោក ត្រាំ ថា​ខុស​ច្បាប់​នោះ ចៅក្រម​ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ចៅក្រម​តុលាការ​សហព័ន្ធ និង​ចៅក្រម​តុលាការ​តាម​រដ្ឋ​មួយ​ចំនួន ព្រម​ទាំង​សមាជិក​សភា និង​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ខ្លួន​ឯង​ក៏​ថា បទបញ្ជា​របស់​លោក​ខុស​រដ្ឋធម្មនុញ្ញ​ដែរ។

បច្ចុប្បន្ន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​សហរដ្ឋអាមេរិក បន្ទាប់​ពី​តុលាការ​ជាន់​ខ្ពស់ បាន​ចេញ​សេចក្ដី​សម្ដេច​អោយ​លោក​ចាញ់​ក្ដី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​មួយ​ចំនួន។

ប្រៀប​ធៀប​មក​កម្ពុជា​វិញ រដ្ឋ​សភា​ដែល​មាន​តួនាទី​តាក់តែង​ច្បាប់ និង​ត្រួត​ពិនិត្យ​សកម្មភាព​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​គោរព​រដ្ឋធម្មនុញ្ញ​នោះ មិន​ដែល​ហ៊ាន​ក្អក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ទេ ពោល​គឺ​លោក​ចង់​បាន​ច្បាប់​អ្វី​ក៏​បាន ហើយ​បើ​ចង់​និយាយ ៥​ម៉ោង​តែ​ម្នាក់​ឯង​ក៏​ជូន​បាន​ដែរ។

រី​ឯ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​តួនាទី​ពិនិត្យ​មើល​ធម្មនុញ្ញភាព​នៃ​ច្បាប់​នោះ មិន​ដែល​រក​ឃើញ​ក្រឹត្យ-​ច្បាប់​ចម្រូងចម្រាស​ណា​មួយ​ថា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទេ។ ដូច​គ្នា​នឹង​ប្រធាន​តុលាការ​កំពូល​ដែរ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

មិន​ចម្លែក​ទេ ដែល​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ ក្នុង​ការ​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​សងសឹក​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​អាច​ឈាន​ដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង​នោះ។

អ្នក​វិភាគ​ថា បើ​ធ្វើ​វិសោធនកម្ម​មែន វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ស្មារតី​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ច្បាប់​គឺ​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​ប្រជារាស្ត្រ មិន​មែន​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា គេ​អាច​លើក​ជា​ចម្ងល់​ថា តើ​អ្វី​ដែល​ប្រធាន​គណបក្ស​កាន់​អំណាច​បង្គាប់​អោយ​សមាជិក​សភា​របស់​ខ្លួន​ធ្វើ​នេះ វា​នឹង​បង្កើន ឬ​ទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្ដី​ស្រមៃ​របស់​ពលរដ្ឋ​ខ្មែរ

ក្តី​ស្រមៃ​របស់​ពលរដ្ឋ​កម្ពុជា ចង់​បាន​តុលាការ​មួយ​ដែល​ស្អាតស្អំ និង​ឈរ​លើ​មូលដ្ឋាន គតិយុត្តិ និង​ចង់​បាន​រដ្ឋសភា​មួយ​ដែល​មិន​មែន​ជា​ស្ថាប័ន​ចាំ​ប្រថាប់ត្រា​នោះ អាច​នឹង​ត្រូវ​រង់ចាំ​យូរ​ទៀត ពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អាយុ ៦៥​ឆ្នាំ​ហើយ​នោះ ប្រកាស​ថា លោក​មិន​ទាន់​ចង់​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ។ លោក​ថា លោក​នៅ​មាន​អាយុ​ជិត ៤០​ឆ្នាំ​ទៀត ដូច្នេះ​អ្នក​ដែល​ចង់​ទទួល​បាន​តំណែង​របស់​លោក​កុំ​ទាន់​អាល​សង្ឃឹម។

ទោះ​ជា​យ៉ាង​ណា អ្វីៗ​អាច​ប្រែប្រួល ហើយ​ចិត្ត​របស់​បុរស​ខ្លាំង​ក៏​ដូច្នេះ​ដែរ។ ដើម្បី​ប្រជាជាតិ​ខ្មែរ​ជំនាន់​ក្រោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រើប្រាស់​ភាព​ខ្លាំង​របស់​លោក និង​យក​ពេល​វេលា​ដែល​នៅ​សល់​ជិត ៤០​ឆ្នាំ​នេះ ប្រែក្លាយ​សង្គម​កម្ពុជា អោយ​ទៅ​ជា​ប្រទេស​មួយ​រុង​រឿង សម្បូរ​សប្បាយ មាន​នីតិរដ្ឋ​ពិត​ប្រាកដ និង​រំដោះ​រដ្ឋ​ដ៏​អភ័ព្វ​មួយ​នេះ​ចេញ​ផុត​ពី​ភាព​ប្រទូសរ៉ាយ បែក​បាក់​ប្រេះឆា​គ្នា​ក្នុង​ចំណោម​ខ្មែរ​គ្នា​ឯង​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។