បទវិភាគ៖ តើ​វាសនា​លោក វន់ ពៅ និង​មនុស្ស​២២​នាក់​ទៀត​នឹង​ទៅ​ជា​យ៉ាង​ណា?

ដោយ វណ្ណ វិចារ
2014-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ និង​គ្រួសារ លោក វន់ ពៅ នាំ​គ្នា​លើក​បដា​តវ៉ា​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​អ្នក​ទាំង ២០​នាក់​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ និង​គ្រួសារ លោក វន់ ពៅ នាំ​គ្នា​លើក​បដា​តវ៉ា​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​អ្នក​ទាំង ២០​នាក់​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Ouk Savborey

ថ្ងៃ​ទី​២៥ ខែ​មេសា ជា​ថ្ងៃ​កំណត់​នៃ​សវនាការ​លើក​ដំបូង​របស់​លោក វន់ ពៅ ព្រម​ទាំង​មនុស្ស ២២​ផ្សេង​ទៀត ដែល​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម កាល​ពី​ដើម​ខែ​មករា។ រដ្ឋាភិបាល​បាន​ចោទ​អ្នក​ទាំង​នោះ​ថា ជា​ជន​ដែល​បង្ក​ចលាចល​ដល់​សង្គម ប៉ះពាល់​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នេះ​ជា​សំណុំរឿង​នយោបាយ។ តើ​វាសនា​អ្នក​ទាំង ២៣​នាក់​នឹង​ទៅ​ជា​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ?

បើ​និយាយ​ពី​ជោគវាសនា​របស់​បុរស​ដែល​ជាប់ចោទ​ទាំង ២៣​នាក់ យើង​ត្រូវ​ពិនិត្យ​មើល​ពី​ដើមហេតុ​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មុន​សិន។ មនុស្ស​ទាំង ២៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពីរ​​ថ្ងៃ​ផ្សេង​គ្នា គឺ​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា មនុស្ស ១០​នាក់ ដែល​មាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិសក្តិ និង​កម្មករ ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ទ័ព​ពិសេស​ឆត្រ​យោង ៩១១ ចាប់​ខ្លួន​នៅ​រោងចក្រ​យ៉ាកជីន ម្ដុំ​កំបូល ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។ មុន​ត្រូវ​បាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៣​នាក់ មាន​សកម្មភាព​មិន​អន់​ឡើយ​នៅ​ពេល​តវ៉ា​មុនៗ។

លោក វន់ ពៅ និង​លោក ថេង សាវឿន តែង​កាន់​ក្បាល​មេក្រូ​ស្រែក​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក វន់ ពៅ ជា​មេ​បាតុករ​ដែល​ប្រមូល​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី​មក​តម្រៀប​គ្នា​ស្រែក​បន្ទរ​ថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅៗ។ ចំណែក​លោក ថេង សាវឿន ក៏​មាន​មុខ​នៅ​កៀកៗ​ជាប់​លោក វន់ ពៅ ដែរ តែ​លោក​ជា​អ្នក​ប្រមូល​កសិករ​ដែល​មាន​បញ្ហា​នានា​មក​ចូល​រួម​តវ៉ា។

ចំពោះ​លោក ចាញ់ ពុទ្ធិសក្តិ វិញ គឺ​មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង​ស្បៀង​ម្ហូប​អាហារ​ឲ្យ​ស្ត្រី​បឹងកក់ ដែល​ចេញ​តវ៉ា​ម្ដងៗ។ ស្ត្រី​បឹងកក់​ដែល​មាន​កម្លាំង​ប្រឈម​នឹង​សមត្ថកិច្ច​ក៏​ដោយសារ​តែ​មាន​លោក ចាន់ ពុទ្ធិសក្តិ ជា​អ្នក​ចាត់ចែង​នៅ​ខាង​ក្រោយ​ខ្នង​ដែរ។ លោក​កម្រ​នឹង​ចេញ​មុខ​តវ៉ា​ដោយ​ផ្ទាល់​ណាស់ ដោយសារ​អ្នក​បឹងកក់​យល់​ថា បើ​ប្រុសៗ​ចេញ​តវ៉ា អាជ្ញាធរ​ងាយ​នឹង​មាន​លេស​ចោទ​ប្រកាន់ ហើយ​ចាប់​ខ្លួន ដូច​នេះ​ប្រុសៗ​បឹងកក់ អាច​ដើរ​តួ​បាន​នៅ​ក្រៅ​ឆាក​ប៉ុណ្ណោះ។ តាម​មើល​ទៅ សកម្មជន​ទាំង​បី​នាក់​នេះ ទំនង​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច ប៉ុនប៉ង​ចាប់​ខ្លួន​អោយ​ខានតែ​បាន​ផង​ក៏​មិន​ដឹង។

ចាប់​លោក វន់ ពៅ ធ្វើ​ឲ្យ​កម្លាំង​អ្នក​រត់​ម៉ូតូ​ឌុប​ព្រួយ​បារម្ភ។ ចាប់​លោក ថេង សាវឿន ធ្វើ​ឲ្យ​កសិករ​រារែក។ ចាប់ លោក ចាន់ ពុទ្ធិសក្តិ ធ្វើ​ឲ្យ​អ្នក​បឹងកក់ ថមថយ​កម្លាំង។ រីឯ​កម្មករ​ទាំង ៧​នាក់​ផ្សេង​ទៀត សុទ្ធសឹងតែ​ជា​អ្នក​កើតទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ប្រាក់​ខែ​ទាប និង​កញ្ជ្រោល​តាម​ខ្យល់​បក់​មួយ​ប្រាវ​ប៉ុណ្ណោះ ហើយ​ពួកគេ​ភាគ​ច្រើន​លើសលប់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ទាំង ១០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ ឈាម​ស្រោច​ជោគ​ខ្លួន មុន​នឹង​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង។

ការ​ចាប់​ខ្លួន​លោក វន់ ពៅ និង​អ្នក​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​២ ខែ​មករា ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​កូដកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដែរ។ កូដកម្ម​នៅ​សួន​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង​នោះ មិន​គ្រប់គ្រាន់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​កម្មករ​ឡើយ។ សកម្មភាព​របស់​កងកម្លាំង​ប៉េអឹម​ដែល​ចុះ​ទៅ​វាយ​បំបែក​ជាន់​ក​កម្មករ​ដែល​កំពុង​រាំ​លេង​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​៣ មករា គឺ​ជា​ការ​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​បង្កាត់​ឡើង​ដោយ​កម្លាំង​ប៉េអឹម​ខ្លួន​ឯង មុន​នេះ​មួយ​ថ្ងៃ។ កម្មករ​ទាំង​ស្រី ទាំង​ប្រុស ខឹងសម្បា​នឹង​ទង្វើ​នេះ​ជា​ខ្លាំង​រហូត​ក្លាយ​ជា​កំហឹង​សងសឹក ធ្វើ​ឲ្យ​ផ្លូវ​វ៉េងស្រេង ក្លាយ​ជា​ផ្លូវ​ដែល​គ្រប​ដណ្ដប់​ដោយ​ផេះ និង​តំណក់​ឈាម​រាស្ត្រ​ខ្មែរ។

សហជីព អ្នក​នយោបាយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ មិន​បាន​ចេញ​មុខ​មក​ចរចា​រំងាប់​កំហឹង​កម្មករ​ទេ ដោយ​ទុក​ឱកាស​ឲ្យ​កងទ័ព​ពិសេស​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ ចាត់ការ​ជំនួស​វិញ។ កង​ទាហាន​វាយ​ប្រហារ​មួយ​ថ្ងៃ​ពេញ ដោយ​បាញ់​មនុស្ស ៥​នាក់ ឲ្យ​ស្លាប់ និង​របួស​ជាង ៣០​នាក់។ ប្រតិបត្តិការ​នោះ ចាប់​ខ្លួន​មនុស្ស​បាន ១៣​នាក់ យក​ដាក់គុក​ត្រពាំងផ្លុង ហើយ​ត្រូវ​តុលាការ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​សង្គម។

អ្នក​ទាំង ១២​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ភាគ​ច្រើន​ជា​កម្មករ​មាន​កំហឹង​ចំពោះ​សមត្ថកិច្ច​ប៉េអឹម ដែល​ប្រើ​ហិង្សា​លើ​កម្មករ កម្មការិនី​ដែល​ធ្វើ​កូដកម្ម។ អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​ផ្លូវ​វ៉េងស្រេង ជា​មូលហេតុ​គ្រប់គ្រាន់​នាំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ចេញ​បម្រាម​បង្អាក់​គម្រោង​ជួបជុំ​មនុស្ស ១​លាន​នាក់​របស់​បក្ស​ប្រឆាំង និង​វាយ​បំបែក​បោសសម្អាត​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។ បន្ទាប់​មក គ្មាន​ឡើយ​បាតុកម្ម ឬ​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​សិន​ណា​អ្នក​នយោបាយ​ចរចា​មិន​ត្រូវ​គ្នា​នោះ។

លើស​ពី​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ សុទ្ធតែ​បាន​ផល​លាភ​ពី​ជន​ជាប់​ចោទ​ទាំង ២៣​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា អាច​បន្លាច​មនុស្សម្នា​កុំ​ឲ្យ​ហ៊ាន​ប្រថុយធ្វើ​បាតុកម្ម​ត​ទៅ​ទៀត ហើយ​ជា​សារ​ព្រមាន​ថា បើ​ហ៊ាន​តវ៉ា​ខ្លាំងក្លា​គឺ​ត្រូវ​ជាប់គុក​ដោយ​ជៀស​មិន​រួច។ មូលហេតុ​មួយ​ទៀត បើ​ពលរដ្ឋ​ចេះ​តែ​បន្ត​ជួបជុំ​គ្នា​ច្រើន​ឡើងៗ​នោះ នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​សង្កៀរត្រចៀក​សម្រាន្ត​មិន​លក់​បក់​មិន​ល្ហើយ​នោះ​ទេ។ ពិត​ណាស់​បម្រាម​ហាម​ជួបជុំ​នេះ នឹង​ធ្វើ​គណបក្ស​កាន់​អំណាច​រង​ការ​រិះគន់ និង​ស្តី​បន្ទោស​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ខាង​មិន​គោរព​សិទ្ធិ​មនុស្ស និង​សម្លាប់​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ស្រាប់​ទៅ​ហើយ​នោះ ការ​រិះគន់​ចំពោះ​ការ​សម្លាប់ និង​បង្ក្រាប​លើក​នេះ ក៏​ប្រហែល​ជា​មិន​ធ្វើ​អោយ​រដ្ឋាភិបាល​ដែល​ស៊ាំ​នឹង​ជំងឺ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​រ៉ាំរ៉ៃ​នេះ​កែ​ខ្លួន​បាន​ដែរ។

ចាប់​ខ្លួន​អ្នក​ទាំង ២៣​នាក់ និង​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ ជា​ទង្វើ​មិន​ល្អ​របស់​បក្ស​កាន់​អំណាច តែ​ទង្វើ​នេះ​គឺ​ជះ​ឥទ្ធិពល​វិជ្ជមាន​ឲ្យ​បក្ស​ប្រឆាំង។ មេដឹកនាំ​បក្ស​ប្រឆាំង​អាច​យក​ហេតុផល​នេះ​ទៅ​ជជែក​ជាមួយ​ភាគី​បរទេស ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល ហើយ​ទាមទារ​អ្វី​ដែល​ខ្លួន​ចង់​បាន ដូចជា​ការ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ សើរើ​លទ្ធផល​បោះឆ្នោត ឬ​ទាមទារ​តំណែង​ក្នុង​រដ្ឋ​សភា ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​ជាដើម។

ទោះ​យ៉ាង​ណា​ក្តី ការ​ចរចា​រវាង​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មិន​បាន​ដាក់​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ជា​របៀបវារៈ​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​នោះ​ឡើយ បើ​ទោះ​ជា​ពួកគេ​ជាប់គុក​ក៏​ដោយសារ​តែ​អ្នក​នយោបាយ​ទាំង​សង​ខាង​ក៏ដោយ​ចុះ។

បើសិនជា​តុលាការ​កម្ពុជា ជា​តុលា​ការ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​មែន​នោះ ជនជាប់ចោទ​ទាំង ២៣​នាក់ នឹង​អាច​បន្ត​ជាប់គុក ឬ​អាច​នៅ​ក្រៅ​ឃុំ ឬក៏​រួច​ទោស​តែម្ដង ដោយ​ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក សាក្សី ពិសេស​សមត្ថភាព​មេធាវី​ការពារ​ក្តី​របស់​ពួកគេ ហើយ​មន្ត្រី​ប៉ូលិស ទាហាន ដែល​បាញ់​សម្លាប់​អ្នក​តវ៉ា និង​ប្រើ​ទារុណកម្ម​លើ​ជនសង្ស័យ​ទាំង​នោះ ក៏​មិន​មាន​ពេល​ដើរ​គ្រហើៗ​បាន​ដូច​សព្វថ្ងៃ​ដែរ។ ក៏ប៉ុន្តែ​បើ​តុលាការ​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ វាសនា​អ្នក​ទាំង ២៣​នាក់ ក៏​នឹង​ត្រូវ​កំណត់​ដោយ​កត្តា​នយោបាយ​ដែរ។  ពួកគេ​អាច​តម្រឹម​ទោស ឬ​បង្វែរ​បទ​ចោទ​មក​នៅ​ត្រឹម​បទល្មើស​មជ្ឈិម ហើយ​គុណគូ​លេខ​អត្ត​ឲ្យ​បាន​រួច​ពី​គុក​ដោយ​ងាយ បើ​បក្ស​ទាំង​ពី​ចរចា​គ្នា​ត្រូវ។ ប៉ុន្តែ​បើ​ចរចា​មិន​ត្រូវ​វិញ អ្នក​ទាំង ២៣​នាក់ នឹង​ត្រូវ​បន្ត​ដេក​ក្នុង​គុក​ដោយ​ជៀស​មិន​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នកអានអនាមិក

បក្សហ៊ុន​​ សែនធ្វើបែបនេះ ពិតជាល្ងុង់ណាស់។ នេះគឺជាល្បិចបក្សប្រឆាំងដើម្បីកេងយកចំណេញខាងនយោបាយ តែពួកបក្សប្រជាជនគ្មានដឹងខ្យល់អីទេ! ដឹងតែពីល្ហើយ! រួមទាំង អាម៊ី អាថោងទាំងអស់ហ្នឹង! នេះមិនមែនជាខ្យល់ធម្មត្តាទេ តែវាខ្យល់ព្យុះ!!! នៅពេលណាដែលបក្សប្រជាជនប្រើកំលំាង ប្រើហឹង្សាកាន់តែខ្លាំង ធ្វើអោយប្រជារាស្រ្តស្អប់កាន់តែខ្លាំង ហើយបែរទៅគាំទ្របក្សប្រឆាំងកាន់តែខ្លាំង! ខុ្ញំនិយាយជាការពិត ជីដូនជីតាខ្ញុំជាបក្សប្រជាជន រួមទាំងរួបខ្ញុំផងដែរ ដល់ពេលខ្ញុំឃើញទង្វើអមនុស្សធម័ច្រើនពេក ខ្ញុំហាក់ដូចជារារែក។ មនុស្សដូចគ្នា បាញ់គ្នា វាយគ្នាដូចសត្វ!!!

Apr 25, 2014 05:24 AM

នរំសីុនក

ជំលោះអ្នកនយោបាយជារឿងរបស់អ្នកនយោបាយ
បញ្ហាប្រជារាស្រ្តតស៊ូមតិជារឿងរបស់រាស្រ្ត មិនត្រូវយករឿងនយោបាយមកជាត្រីមុខសម្លាប់ប្រជារាស្រ្តឯង
ដូច្នេះទេ!

Apr 25, 2014 12:15 AM

អ្នក​អាន​អនាមិក

Did all Khmer people see, notice the pictures of our King, Norodom Sihanouk, Father, Mother and Son in front of Court? Behave well, love, recognize and support our King and royal family. Everything will be all right soon!

Apr 24, 2014 10:30 AM

អ្នក​អាន​អនាមិក

,ខ្មែរ ក្បត់ ខ្មែរ .ខ្មែរ ធ្វើបាប ខ្មែរ .ខ្មែរ កេងប្រវ័ញ ខ្មែរ .ខ្មែរ សម្លាប់ ខ្មែរ ដោយសារ អ្វី .?

Apr 24, 2014 08:46 AM

អ្នក​អាន​អនាមិក

>.សូមសួរថា តើ ប្រជាពលរដ្ឋ កម្មករកម្មការីនី ចេះសាមគ្គីគ្នា ឬ អត់ ?
>.ឬ ក៏ នៅតែ ចរឹក ហៃអើ អាជ័យធ្លាក់ទឹក តែរហូត !
>.បើ មិនកែ ចរឹកទេ គ្មានអ្នកណាជួយអ្នក អោយរួចពី ភាពក្រីក្រ បានទេ !

Apr 24, 2014 08:38 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល