ពុទ្ធបរិស័ទ​ស្នើ​ឲ្យ​រដ្ឋាភិបាល​រំឭក​ខួប​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត រៀង​រាល់​ឆ្នាំ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ គឺ​ជា​ខួប ៤៦​ឆ្នាំ ដែល​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ចូល​ទិវង្គត។ បើ​ទោះ​ជា​សម្ដេច ជួន ណាត គឺ​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាព្រះហស្ត​សំខាន់ៗ​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា តែ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ភាគ​ច្រើន មិន​បាន​ចាប់​អារម្មណ៍​ដល់​ថ្ងៃ​ខួប​ចូល​ទិវង្គត​របស់​ព្រះអង្គ​ឡើយ។ ប្រការ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន សំណូមពរ​ឲ្យ​មាន​ការ​រំឭក​ខួប​របស់​ព្រះអង្គ​ជា​រៀង​រាល់​ឆ្នាំ។

សម្ដេច​ព្រះ​សង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ ជោតញ្ញាណោ ជួន ណាត បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ សម្ដេច ជួន ណាត បាន​បន្សល់​ទុក​ស្នាព្រះហស្ត​មហិមា​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​គឺ​ស្នាព្រះហស្ត​អក្សរ​សាស្ត្រ​ខ្មែរ។

ព្រះអង្គ​ជា​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ ក្រៅ​តែ​ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ ព្រះអង្គ​ក៏​បាន​និពន្ធ​ចម្រៀង​ជាតិ​ជាច្រើន​សម្រាប់​បម្រើ​ដល់​សង្គម​កម្ពុជា ពិសេស​គឺ​បទ​នគររាជ ដែល​ជា​ចម្រៀង​គោរព​ទង់ជាតិ​សម្រាប់​កម្ពុជា បច្ចុប្បន្ន។

ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ទាំង​ចាស់ បាន​ច្រៀង​ចម្រៀង​ជាតិ​ដែល​និពន្ធ​ដោយ សម្ដេច ជួន ណាត រៀង​រាល់​ថ្ងៃ តែ​មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ចាប់​អារម្មណ៍​ពី​ថ្ងៃ​ខួប​ដែល​ព្រះអង្គ​ចូល​ទិវង្គត។ មិន​ថា​តែ​ក្មេង​ជំនាន់​ក្រោយ និង​ពលរដ្ឋ​ទូទៅ​នោះ​ទេ សូម្បី​តែ​ព្រះសង្ឃ​មួយ​ចំនួន ក៏​មិន​បាន​ចាប់​អារម្មណ៍​ថ្ងៃ​ខួប​ព្រះអង្គ​ដែរ។

សមណៈ​សិស្ស​នៃ​ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រិត ព្រះតេជព្រះគុណ វឿន សាវ័យ។ ព្រះតេជព្រះគុណ​ពុំ​បាន​ចាំ​ថា ថ្ងៃ​ទី​២៥ ខែ​កញ្ញា ជា​ថ្ងៃ​ខួប​សម្ដេច ជួន ណាត នោះ​ឡើយ។ យ៉ាង​ណា ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចាប់​អារម្មណ៍ និង​ស្គាល់ សម្ដេច ជួន ណាត រដ្ឋាភិបាល ព្រះសង្ឃ និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​ដល់ សម្ដេច ជួន ណាត ព្រោះ​ថា ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​ស្នាព្រះហស្ត​ជាច្រើន​សម្រាប់​កូន​ខ្មែរ៖ «យើង​ត្រូវ​ប្រមូល​មនុស្ស​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​អ្នក​មាន​អំណាច អ្នក​គ្មាន​អំណាច ដើម្បី​ចូលរួម​រំឭក​គុណ​ដល់ សម្ដេច ជួន ណាត ដែល​ជា​អ្នក​ប្រាជ្ញ​របស់​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​ពី​ប្រវត្តិ​របស់​សម្ដេច ស្គាល់​ពី​ឧត្តម​គតិ​របស់​សម្ដេច និង​ផ្សព្វផ្សាយ​គំនិត​របស់​សម្ដេច ដើម្បី​ឲ្យ​គេ​បាន​ស្គាល់»

ព្រះតេជព្រះគុណ វឿន សាវ័យ មាន​ថេរ​ដីកា​បន្ត​ថា ដើម្បី​អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចាប់​អារម្មណ៍​ពី សម្ដេច ជួន ណាត លុះ​ណា​តែ​ស្ថាប័ន​ជាតិ ស្ថាប័ន​សង្ឃ និង​សាសនា ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ថ្ងៃ​ព្រះអង្គ​ចូល​ទិវង្គត​ឲ្យ​ទូលំទូលាយ៖ «សព្វថ្ងៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​ការ​រីក​ចម្រើន យើង​ថត​រួច​បង្ហោះ​ប្រាប់​ពី​ទីតាំង​ធ្វើ​ពិធី​បុណ្យ​ឲ្យ​ជាក់លាក់ ដូច្នេះ​គេ​អាច​ទទួល​បាន​ព័ត៌មាន និង​ចូលរួម​បាន»

ព្រះតេជព្រះគុណ ទូច ម៉ៃ គង់​នៅ​វត្ត​មហាមន្ត្រី បាន​មាន​ថេរ​ដីកា​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ប្រវត្តិ និង​ស្នាព្រះហស្ត​របស់​ព្រះ​សម្ដេច ជួន ណាត ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស គួរ​ធ្វើ​ពិធី​រំឭក​ខួប​សម្រាប់​ព្រះអង្គ​ជា​រៀង​រាល់​ឆ្នាំ។ ព្រះតេជព្រះគុណ​បន្ត​ថា ការ​រំឭក​ខួប​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ បាន​យល់​ពី​សម្ដេច ជួន ណាត នោះ​ទេ តែ​សាវតារ និង​ការ​តស៊ូ​របស់​ព្រះអង្គ​កាល​ពី​កុមារភាព និង​ជីវិត​កាល​ជា​សមណៈ​របស់​ព្រះអង្គ អាច​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ចេះ​តស៊ូ​សិក្សា​រៀន​សូត្រ និង​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ដូច​ព្រះអង្គ​ដែរ។

ព្រះតេជព្រះគុណ​គិត​ថា គណៈ​សង្ឃ​នាយក ព្រម​ទាំង​ក្រសួង​ធម្មការ និង​សាសនា គប្បី​មាន​សង្ឃ​ប្រកាស ឬ​សារាចរ​ណែនាំ​ប្រគេន​ព្រះសង្ឃ​គ្រប់​វត្ត​ទាំងអស់​ទូទាំង​ប្រទេស​រៀង​រាល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដើម្បី​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ធ្វើ​មហា​បង្សុកូល​ឧទ្ទិស​កុសល​ថ្វាយ​សម្ដេច៖ «​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត គឺ​ជា​អ្នក​ប្រាជ្ញ​ដ៏​ឆ្នើម មិន​ត្រឹម​តែ​សម្រាប់​ជាតិ​សាសន៍​យើង​ទេ សូម្បី​តែ​លំដាប់​ពិភពលោក ក៏​ទទួល​ស្គាល់​សមត្ថភាព និង​ថ្វី​ព្រះហស្ត​របស់​ព្រះអង្គ ជាក់ស្តែង​នៅ​ប្រទេស​ភូមា សព្វថ្ងៃ ក៏​មាន​តម្កល់​រូប​របស់​សម្ដេច​ផង​ដែរ»

នៅ​ឯ​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​រូប​បដិមា​សម្ដេច ជួន ណាត វិញ ពុំ​ឃើញ​មាន​ពុទ្ធបរិស័ទ​យក​ផ្កា ឬ​ផ្លែ​ឈើ​ទៅ​ដាក់​ថ្វាយ​អុជ​ធូប​ឧទ្ទិស​កុសល​ដល់​ព្រះអង្គ​ឡើយ នៅ​ថ្ងៃ​ទី​២៥ កញ្ញា។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​បាន​ចាប់​អារម្មណ៍​ពី​ថ្ងៃ​ខួប​របស់​អ្នក​ប្រាជ្ញ​ខ្មែរ​អង្គ​នេះ។

គេ​អាច​មើល​ឃើញ​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច ជួន ណាត នៅ​ស្ទើរ​តែ​គ្រប់​ទី​វត្ត​អារាម បណ្ណាល័យ​ខ្មែរ សាលា​រៀន និង​កន្លែង​វប្បធម៌​ផ្សេងៗ​ទៀត។ សាលា​ក្រុង​ភ្នំពេញ ក៏​បាន​សាងសង់​រូប​បដិមា​សម្ដេច ជួន ណាត នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​មួយ​ដែរ។ ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ភាគ​ច្រើន ធ្លាប់​បាន​ឃើញ​រូប​បដិមា​របស់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទៀត​ជិះ​កាត់​ព្រះ​ភ័ក្ត្រ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ប្រាកដ​ថា បាន​ដឹង​ច្រើន​ពី​ប្រវត្តិ​របស់​ព្រះអង្គ​ឡើយ។

ព្រះតេជព្រះគុណ ទូម ម៉ៃ មាន​ថេរ​ដីកា​ថា ក្នុង​នាម​ជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ព្រះតេជព្រះគុណ​រីក​រាយ​នៅ​ពេល​ឃើញ​សាលា​រាជធានី​ភ្នំពេញ បាន​កសាង​រូប​សំណាក​សម្ដេច ជួន ណាត។ យ៉ាង​ណា ព្រះតេជព្រះគុណ​កត់​សម្គាល់​ថា នៅ​ក្បែរ​រូប​សំណាក​សម្ដេច ជួន ណាត ពុំ​ឃើញ​មាន​ចារ​ប្រវត្តិ​របស់​ព្រះអង្គ​ឡើយ។ ព្រះតេជព្រះគុណ ទូច ម៉ៃ ថា បើ​គេ​អាច​ចារ​ប្រវត្តិ​របស់​ព្រះអង្គ​លើ​ផ្ទាំង​ថ្ម​ម៉ាប​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ដាក់​ក្បែរ​រូប​សំណាក​សម្ដេច ជួន ណាត បន្ថែម​ទៀត វា​រឹត​តែ​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះអង្គ​រឹត​តែ​ខ្លាំង។

ចំពោះ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ពិធី​ប្រារព្ធ​ខួប​សម្ដេច ជួន ណាត ជា​សាធារណៈ គ្រប់​វត្ត​អារាម​ជា​រៀង​រាល់​ឆ្នាំ អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដែល​ស្នើ​មិន​ឲ្យ​ដាក់​សំឡេង​លើ​វិទ្យុ មាន​ប្រសាសន៍​ថា ក្រសួង​មិន​បាន​ប្រកាស​ឲ្យ​រៀបចំ​ពិធី​នេះ​ជាទូទៅ ដោយសារ​វា​មិន​មែន​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ ឬ​ថ្ងៃ​ចងចាំ​នៅ​ឡើយ។ យ៉ាង​ណា លោក​ថា ក្រសួង​ធម្មការ និង​សាសនា គាំទ្រ​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន ដែល​កន្លង​មក​តែង​បាន​ប្រារព្ធ​ខួប​សម្ដេច ជួន ណាត។

ជា​ការ​ពិត​ណាស់ ការ​រំឭក​ខួប​ឲ្យ​វីរបុរស​ជាតិ ឬ​អ្នក​ប្រាជ្ញ​ដូច​សម្ដេច ជួន ណាត មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ បាន​សិក្សា​ស្វែង​យល់​ពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ជំនាន់​មុន​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ក្រោយ មាន​ចិត្ត​ខិតខំ​ធ្វើ​ខ្លួន​ល្អ​ដូច​បុព្វបុរស​គេ​ដូច្នេះ​ដែរ ព្រោះ​គេ​គិត​ថា បើ​គេ​ធ្វើ​ល្អ ប្រទេស​ជាតិ​នឹង​ចងចាំ​ពួក​គេ​ជា​រៀង​រហូត។

ចំពោះ​ការ​រំឭក​ខួប​សម្រាប់​សម្ដេច ជួន ណាត វិញ ព្រះតេជព្រះគុណ ទូច ម៉ៃ មាន​ថេរ​ដីកា​ថា វា​មិន​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​អ្វី​នោះ​ទេ តែ​មាន​តែ​ភាព​ចំណេញ​ទៅ​វិញ៖ «ចំណេញ​ទី​១ យើង​លើក​តម្កើង​អ្នក​មាន​សមត្ថភាព អ្នក​ដែល​បាន​បូជា​ព្រះជន្ម​សម្រាប់​សាសនា​សម្រាប់​ជាតិ។ ទី​២ គឺ​យើង​បំផុស​ស្មារតី​ឲ្យ​មនុស្ស​ស្រឡាញ់​នូវ​បុព្វការី​ជន​របស់​ខ្លួន ដែល​មាន​ឧបការៈ​ចំពោះ​ជាតិ។ ទី​៣ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ខំ​ប្រឹង​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​សំខាន់​សម្រាប់​ជាតិ សម្រាប់​ពិភពលោក ដែល​គេ​មិន​អាច​បំភ្លេច​បាន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។