ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​ចោទ​អាជ្ញាធរ​ស្រុក​មេសាង​គប់គិត​គ្នា​រំលោភ​យក​ដី​បឹង​មេសាង​និង​ព្រែក​ជីផុច​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ចោទ​អាជ្ញាធរ​ស្រុក និង​ក្រុមប្រឹក្សា​ស្រុក​មេសាង​ថា បាន​រំលោភ​យក​ដី​ផ្ទៃ​បឹង​មេសាង និង​ព្រែក​ជីផុច ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ផ្ដិត​មេ​ដៃ​ទាមទារ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ទប់ស្កាត់​ការ​លុប​ផ្ទៃ​បឹង​មេសាង និង​ព្រែក​ជីផុច ដើម្បី​កុំ​ឲ្យ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំ​វិញ​តំបន់​នោះ។

អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ជាង​១​ពាន់​គ្រួសារ​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ទប់ស្កាត់ និង​ធ្វើ​អធិការកិច្ច ស្រាវជ្រាវ​រក​មន្ត្រី​ខិលខូច​នៅ​ក្នុង​ស្រុក ដែល​បាន​គប់គិត​គ្នា​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ ពួកគាត់​ថា ទង្វើ​នេះ​នឹង​ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​ព្រែក​កាន់​តែ​រួម​តូច រាំង​ស្ទះ​ចរន្ត​ទឹក​នូវ​រដូវ​វស្សា អាច​នឹង​ជន​លិច​ស្រូវ​របស់​អ្នក​ភូមិ​រាប់​រយ​គ្រួសារ នៅ​ក្បែរ​តំបន់​នោះ។

ពលរដ្ឋ១ពាន់គ្រួសារផ្ដិត​មេដៃស្នើ​រកមន្ត្រីគប់គិត

តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ គឺ​មេ​ភូមិ​ជីផុច លោក ឡុង គង់ បា្រប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១ ខែ​មីនា​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ប្ដឹង​ទៅ ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ចុះ​សិក្សា​ស្រាវជ្រាវ រក​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្ដោយ​ឲ្យ​មាន​ការ​ចាក់​ដី​រំលោភ​យក​ដី​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មេសាង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​មន្ត្រី​របស់​ក្រសួង​ចុះ​សួរនាំ​ជុំ​វិញ​រឿង​ទាំង​អស់​នេះ​នោះ​ទេ។

លោក ឡុង គង់៖«សំណុំ​រឿង​នេះ​កំពុង​តែ​នៅ​ក្នុង​ដៃ​របស់​អធិការកិច្ច​កំពុង​តែ​ស៊ើបអង្កេត ហើយ​ប្រជា​ពលរដ្ឋ​កំពុង​តែ​រង​ចាំ បើ​ឲ្យ​ពួកគាត់​ទៅ​ដល់​កន្លែង​អធិការកិច្ច​តែ​ម្ដង​ពួកគាត់​គ្មាន​លទ្ធភាព​ទៅ​ទេ ឥឡូវ​នេះ​វា​ធ្វើ​ប្លង់​ប្រជាពលរដ្ឋ​កំពុង​តែ​រង​ចាំ​មើល​ពាក្យ​ដាក់​ប្ដឹង​ទៅ​ហើយ​រដ្ឋ​អំណាច​អធិការកិច្ច​ទាំង​អស់​ចុះ​មក​ដោះស្រាយ ពួកគាត់​មិន​ពេញ​ចិត្ត​ទេ»។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង​ម្នាក់​ទៀត គឺ លោក ហ៊ិន សុផានី ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​ករណី​ទីមួយ​នោះ​ទេ ដែល​ក្រុម​អ្នក​មាន​អំណាច​នៅ​ក្នុង​ស្រុក​មេសាង​គប់គិត​គ្នា​រំលោភ​យក​ដី​បឹង និង​ដី​ព្រែក​របស់​រដ្ឋ។ លោក​ថា ពលរដ្ឋ​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រក្សា​ដី​ផ្ទៃ​បឹង និង​ដក​ហូត​ដី​ដែល​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​បាន​រំលោភ​យក​ត្រឡប់​មក​វិញ ដើម្បី​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ និង​ទុក​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ដូច​មុន។

លោក ហ៊ិន សុផានី៖«ទាំង​ខ្ញុំ​ទាំង​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង ចង់​ឲ្យ​ផ្ទៃ​ដី​បឹង​ស្រុក​មេសាង​នៅ​ទំហំ​ដដែល ហើយ​សុំ​ឲ្យ​ស្ដារ​ផ្ទៃ​បាន​អាង​ពីព្រោះ​ជា​កន្លែង​បេះដូង​ស្រុក ហើយ​ដី​ដែល​ត្រូវ​ប្រជាពលរដ្ឋ​រំលោភ​យក​ត្រូវ​តែ​ដក​ហូត​មក​វិញ»។

ពលរដ្ឋ​ស្នើ​ឲ្យ​ក្រសួង​អធិការកិច្ចទប់ស្កាត់ កុំ​ឲ្យ​លុប​បឹង​នេះ​តាំង​ពី​ឆ្នាំ​២០២៤

កាល​ពី​ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង​ជាង​១​ពាន់​គ្រួសារ បាន​ស្នើ​ឲ្យ​ក្រសួង​អធិការកិច្ច ចុះ​ជួយ​ទប់ស្កាត់ កុំ​ឲ្យ​លុប​ដី​បឹង​មេសាង និង​ព្រែក​ជីផុច ឬ​ព្រែ​ទន្លេ​វ៉ៃ​គោ និង​ត្រូវ​ស្រាវជ្រាវ​រក​មន្ត្រី​ខិលខូច​ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ ដាក់​ទោស​ទៅ​តាម​ច្បាប់។

ពលរដ្ឋ​ថា ដី​ព្រែក​ទន្លេ​វ៉ៃ​គោ ត្រូវ​បាន​អ្នក​មាន​អំណាច​គប់គិត​គ្នា​ជា​ប្រព័ន្ធ ចាក់​ដី​លុប​រំលោភ​យក​ជា​ច្រើន​កន្លែង​ធ្វើ​ជា​កម្មសិទ្ធិ ចាប់​តាំង​ពី​ស្រុក​មេសាង រហូត​ដល់​ខេត្ត​ស្វាយរៀង នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​មេសាង ខេត្ត​ព្រៃវែង មាន​ចំនួន​២​ឃុំ គឺ​ឃុំ​ជីផុច ចំនួន​២​ទីតាំង និង​ឃុំ​ត្រពាំងស្រែ​ចំនួន​២​តាំង​ផ្សេង​ទៀត។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​បុគ្គល​ទាំង​អស់​នេះ​នោះ​ទេ បើ​ទោះបី​អាជ្ញាធរ​ទទួល​ស្គាល់​ថា សកម្មភាព​ទាំង​នោះ ជា​ទង្វើ​ខុស​ច្បាប់​យ៉ាង​ណា​ក្ដី។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង អធិការកិច្ច លោក ណុប ចាន់ណារិន្ទ និង​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រៃវែង លោក អន ភារៈ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​មីនា។ ចំណែក​អភិបាល​ស្រុក​មេសាង លោក ហ៊ន សុផាត ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អត្ថបទ​ដែល​ទាក់ទង៖

ពលរដ្ឋ​នៅ​ខេត្តព្រៃវែង ៥ភូមិ ផ្ដិត​មេដៃ​ទាមទារ​ឱ្យ​ឈ្មួញ​ឈប់​លុប​ព្រែកជីផុច បង្ក​ឱ្យ​ខូច​ស្រូវ​ពួក​គាត់Opens in new window ]

លោក ជា សុមេធី រង​ការ​ចោទ​ថា បណ្តែតបណ្តោយ​ឱ្យ​ចាក់​ដី​លុប​ព្រែក​ជីផុច និង​លុប​បឹង​មេសាងOpens in new window ]

ពលរដ្ឋ​ខេត្ត​ព្រៃវែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​សង្គ្រោះ​ព្រែកជីផុច​ត្រូវ​គេ​ចាក់​លុប​ពុះ​ដី​ឡូត៍​លក់Opens in new window ]

ទាក់​ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ទៅ​លើ​ជន​ឡាយ​ណា ដែល​បាន​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ ទោះ​បី​បុគ្គល​នោះ​មន្ត្រី​របស់​រដ្ឋាភិបាល​ក៏​ដោយ។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ចាត់​វិធានការ​ទៅ​តែ​ពលរដ្ឋ​ធម្មតា ចំណែក​អ្នក​មាន​អំណាច​រួច​ខ្លួន ពលរដ្ឋ​នឹង​លែង​មាន​ជំនឿ​ទៅ​អាជ្ញាធរ និង​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖«បើ​បញ្ហា​កើត​ឡើង​ដដែល​ៗ ហើយ​ប្រជាពលរដ្ឋ​ស្រែក អ្នកកាសែត​ផ្សព្វផ្សាយ ហើយ​អត់​មាន​វិធានការ​ផ្លូវ​ច្បាប់​សោះ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន អស់​ជំនឿ​ទៅលើ​សមត្ថកិច្ច ពួកគាត់​នឹង​យល់​ថា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ខុស​ៗ​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច»។

ព្រែក​ជីផុច មាន​ទំហំ​ដី​ផ្ទៃ​ទឹក​រាប់​រយ​ហិកតារ​ធំ​ទូលាយ ដោយ​មាន​បណ្ដាញ​ទឹក​ខ្វាត់ខ្វែង ត​ភ្ជាប់​នឹង​បឹង​ខ្ញី និង​បឹង​មេសាងឆ្ពោះ​ទៅ​កាន់​ទន្លេ​វ៉ៃ​គោ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ អ្នក​ស្រុក​ចាត់​ទុក​ព្រែក​ទន្លេ​វ៉ៃ​គោ​នេះ ជា​ប្រភព​ទឹក និង​ជា​កន្លែង​រក​ប្រាក់​ចំណូល​ដ៏​សំខាន់ និង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាកសិករ​រាប់​ពាន់​គ្រួសារ ដើម្បី​ធ្វើ​កសិកម្ម​គ្រប់​រដូវ ប៉ុន្តែ​ក្រុម​ជន​ខិលខូច​ទាំង​នោះ អាង​អំណាច នាំ​គ្នា​រំលោភ​យក​ដី​របស់​រដ្ឋ ដោយ​គ្មាន​ញញើត​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕