ប្រជាពលរដ្ឋរងគ្រោះស្នើឱ្យតំណាងរាស្ត្រចុះជួបពួកគាត់ និងជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់ អំឡុងពេលវិស្សមកាល ឬពេលឈប់សម្រាករយៈពេល ៣ខែរបស់សមាជិកសភា ដោយពួកគាត់ថា តំណាងរាស្ត្រមិនគួរស៊ីប្រាក់ខែពលរដ្ឋហើយ បែរជាដើរលំហែកាយឥតប្រយោជន៍នោះទេ។ មន្ត្រីសង្គមស៊ីវិលថា តំណាងរាស្ត្រ គួរតែយកពេលសម្រាកនេះ ចុះទៅប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ និងការបំពេញការងារមិនត្រឹមត្រូវរបស់រដ្ឋាភិបាល តាមមូលដ្ឋានបម្រុងទុកយកទៅជជែកដេញដោលនៅក្នុងអង្គប្រជុំរដ្ឋសភា បន្ទាប់ពីវិស្សមកាល។
ប្រជាពលរដ្ឋរងគ្រោះនៅរាជធានី-ខេត្តមួយចំនួន ទទូចឱ្យតំណាងរាស្ត្រទាំងអស់ ក្នុងពេលវិស្សមកាល ឬពេលឈប់សម្រាក ៣ខែនេះ ចុះនៅតាមមូលដ្ឋាន ជួបប្រជាពលរដ្ឋ និងកម្មករ ដែលកំពុងរងការរំលោភបំពានដីធ្លី និងការរំលោភសិទ្ធិការងារព្រមទាំងការប្រឈមបញ្ហាផ្សេងៗ ដែលរ៉ាំរ៉ៃរាប់ឆ្នាំមិនមានដំណោះស្រាយ។
តំណាងរាស្ត្រ «ចុះជួបពលរដ្ឋតែពេលកៀកបោះឆ្នោត»
តំណាងសហគមន៍ឧត្ដមស្រែពស់ នៅខេត្តកំពង់ស្ពឺលោក ឃន សារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងពេលឈប់សម្រាក ៣ខែនេះ ជាឱកាសដែលតំណាងរាស្ត្រចុះជួបប្រជាពលរដ្ឋ និងពិនិត្យមើលបញ្ហាប្រឈមរបស់ពួកគាត់ គឺមិនគួរដេកស៊ីប្រាក់ខែ ដែលរាស្ត្របង់ពន្ធនោះទេ។ លោកថា ពួកគាត់ចំនួន ១០នាក់ ត្រូវក្រុមទាហាន «ង៧០» ប្ដឹងទៅតុលាការ ដោយសារតែសកម្មក្នុងការការពារដីព្រៃសហគមន៍។
លោក ឃន សារិទ្ធ៖«សម្រាប់ខ្ញុំបើសិនគាត់អត់ចុះ។ ខ្ញុំគិតថា ពិតជាអសកម្មមែនទែន ដោយសារតែគាត់អត់មានការងារធ្វើហើយ គាត់អត់ចុះទៀត។ អ៊ីចឹងបានន័យថា គាត់ចាំតែស៊ីប្រាក់ហើយអត់ធ្វើការទៀត»។
ចំណែកតំណាងសហគមន៍តានូន នៅស្រុកបុទុមសាគរ ខេត្តកោះកុង លោក សំ ធី ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋសហគមន៍ ឃើញមុខតំណាងរាស្ត្រចុះជួបពលរដ្ឋតែនៅពេលកៀកបោះឆ្នោត ដើម្បីសុំសន្លឹកឆ្នោតពីពលរដ្ឋ និងបន្ទាប់ពីនោះស្ងាត់ ឈឹង ទោះបីប្រជាពលរដ្ឋនៅសហគមន៍របស់លោកចំនួន ៣៦៧គ្រួសាររងគ្រោះពី ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិនគ្រុប (Union Development Group) ឬយូឌីជី (UDG) តាំងពីឆ្នាំ២០១០ ក៏ដោយ។ លោកថា តំណាងរាស្ត្រគួរតែចុះជួបពលរដ្ឋឱ្យញឹកញាប់ និងទៀងទាត់ ទើបសមឈ្មោះជាតំណាងប្រជាពលរដ្ឋនៅក្នុងសភា ដោយលោកថា បើមិនចុះជួប និងធ្វើអន្តរាគមន៍ ជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋទេ មិនត្រូវធ្វើតំណាងរាស្ត្រឱ្យតែខាតលុយជាតិឥតប្រយោជន៍។
លោក សំ ធី៖«បើចុះតែពេលបោះឆ្នោតទេ មិនចាំមានតំណាងរាស្ត្រឱ្យប្រជាពលរដ្ឋពឹងនាំឱ្យខាតលុយជាតិ។ បើសិនជាគាត់ខ្វល់ខ្វាយជូនប្រជាពលរដ្ឋមែនសូមឱ្យគាត់ រយៈពេល ១ ខែឬ ៣ ខែសូមឱ្យគាត់មកជូនប្រជាពលរដ្ឋម្ដង ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ»។
ការទទូចរបស់ប្រជាពលរដ្ឋ ធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី ប្រកាសកាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា រដ្ឋសភានឹងឈប់សម្រាក ឬវិស្សមកាល រយៈពេល ៣ខែ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ តទៅ។
ពលរដ្ឋទទូចឱ្យតំណាងរាស្ត្រចេញមុខដោះស្រាយបញ្ហារបស់ខ្លួន
ពលរដ្ឋនៅខេត្តក្រចេះ ដែលសុំមិនបញ្ចេញឈ្មោះ ទទូចឱ្យតំណាងរាស្ត្របង្ហាញភាពសកម្មចេញមុខធ្វើអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់ ដែលរងគ្រោះពីការចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ជាងមួយឆ្នាំមកហើយ ដើម្បីកុំឱ្យវិបត្តិនេះ នៅបន្តគ្មានដំណោះស្រាយទៀត ពីព្រោះធ្វើឱ្យពួកគាត់កាន់តែវ័ណ្ឌកនឹងបំណុល និងលំបាកក្នុងជីវភាព។
ពលរដ្ឋ៖«ចង់សំណូមពរឱ្យខាងតំណាងរាស្ត្រហ្នឹង ជួយពន្លឿនដោះស្រាយរឿង[ជាមួយអ្នកស្រី] ឡេង ចាន់ណា ឱ្យបានលឿន កុំពន្យារពេលបន្តទៀត តាំងនោះមកដល់ឥឡូវរយៈពេលជាង ១ ឆ្នាំហើយ ដូចអត់ទាន់ឃើញដំណោះស្រាយអីទេ។ បើកាន់តែពន្យារពេលទៅទៀត ពួកខ្ញុំជាប្រជាពលរដ្ឋ ក៏កាន់តែលំបាកទៅៗៗ ពីមួយឆ្នាំទៅមួយឆ្នាំ»។
ប្រធានសហជីពទ្រទ្រង់បុគ្គលិកខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា វិស្សមកាល ឬពេលឈប់សម្រាក គួរតែជាពេលវេលា ដែលអ្នកតំណាងរាស្ត្រចុះជួបពលរដ្ឋ និងកម្មកររងគ្រោះ។ ប៉ុន្តែកញ្ញាថា បញ្ហាវិវាទការងាររបស់កូដករណាហ្គាវើលដ៍ដែលនៅជាប់របងមន្ទីររដ្ឋសភាជាង ៣ឆ្នាំមកនេះ មិនដែលឃើញតំណាងរាស្ត្ររូបណា ចុះទៅសួរនាំឡើយ រីឯញត្តិ ដែលកូដករដាក់ទៅរដ្ឋសភាវិញ ក៏មិនឃើញមានការលើកយកមកជជែកដេញដោលក្នុងកិច្ចប្រជុំសភាដែរ។
កញ្ញា ឈឹម ស៊ីថរ៖«ក្នុងនាមជាតំណាងរាស្ត្រប្រាកដហើយ តួនាទីរបស់គាត់ត្រូវជួបរាស្ត្រហើយ ព្រោះចំណងជើងនៃតួនាទីរបស់គាត់ហ្នឹង បញ្ជាក់ច្បាស់ហើយតំណាងរាស្ត្រ ។ បើសិនតំណាងរាស្ត្រ បើមិនដឹងពីបញ្ហារបស់រាស្ត្រ វាអត់ត្រូវពាក្យតំណាងរាស្ត្រហ្នឹង។ ជាក់ស្ដែងយើងតវ៉ា ៣ ឆ្នាំហ្នឹង មកដល់ថ្ងៃនេះ គ្មានតំណាងរាស្ត្រណាម្នាក់ មកជួបគ្រាន់តែថា សិក្សាស្វែងយល់ថា កម្មករទាមទារអី»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
ចាប់ពីអាណត្តិទី៦ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧មក រដ្ឋសភាកម្ពុជាគ្រប់គ្រងទាំងស្រុង ដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងអាណត្តិទី៦ សមាជិកសភាចំនួន ១២៥រូប សុទ្ធតែជាសមាជិករបស់គណបក្ស ប្រជាជនកម្ពុជាទាំងអស់ រីឯអាណត្តិទី៧ បច្ចុប្បន្ននេះ តំណាងរាស្ត្រ ១២០រូប មកពី គណបក្សប្រជាជនកម្ពុជា និងមានតែ៥រូបប៉ុណ្ណោះ មកពីគណបក្សហ៊្វុនស៊ិនប៉ិច។
អត្ថបទដែលទាក់ទង៖
[ ឃួន សុដារី ប្រធានរដ្ឋសភាបម្រើបក្ស មើលរំលងបញ្ហាពលរដ្ឋម្ចាស់ឆ្នោតOpens in new window ]
អ្នកសម្របសម្រួលផ្នែកអង្កេត នៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វែល (COMFREL)លោក កន សាវាង្ស កត់សម្គាល់ថា សកម្មភាពរបស់ អ្នកតំណាងរាស្ត្រពីគ្រប់គណបក្សនយោបាយ ដែលប្រកួតប្រជែងគ្នា ចុះទៅប្រមូលព័ត៌មាន អំពីបញ្ហារបស់ប្រជាពលរដ្ឋ ហើយទៅជជែកដេញដោលនៅក្នុងអង្គប្រជុំ រដ្ឋសភា ឃើញមានភាពផុលផុសតែនៅមុនអាណត្តិទី៦ ក្នុងគ្រាដែលសភាកម្ពុជា មានសមាជិកសភាចម្រុះគណបក្សនយោបាយ។
លោក កន សាវាង្ស៖«ចាប់ពីអាណត្តិទី៦ ទៅយើងឃើញហាក់ដូចជា មានចំនួនថយចុះនៅក្នុងការចុះទៅជួបផ្ទាល់អំពីបញ្ហាហ្នឹង ហើយយកសំឡេងទាំងអស់ហ្នឹង យកមកពាំនាំជជែកជាគោលការណ៍នៅក្នុងសភាហ្នឹង គឺវាមានការថយចុះ។ និយាយចំយើងមិនបានទទួលព័ត៌មានពីការសួរដេញដោល វែកញែកគ្នាឱ្យបានល្អិតល្អិនអំពីប្រជាពលរដ្ឋនៅកន្លែងណា ដែលមានបញ្ហាគ្រោះដូចថា ទាក់ទងដីធ្លីអីហ្នឹង។ យើងហាក់ដូចជា មិនមានការឃើញលើកយកមកជជែករឿងអស់ហ្នឹងទេ»។
មាត្រា ៧៧ នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រ ក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
តួនាទីតំណាងរាស្ត្រ
យោងតាម រដ្ឋធម្មនុញ្ញ តំណាងរាស្ត្រមានតួនាទីតាក់តែង និងអនុម័តច្បាប់ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយក៏អាចបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីវិញ ពេលនាយករដ្ឋមន្ត្រីធ្វើខុស។ តំណាងរាស្ត្រ ក៏មានតួនាទីតាមដានរដ្ឋាភិបាល និងកោះហៅមន្ត្រីរដ្ឋាភិបាលឱ្យចូលបំភ្លឺនៅក្នុងរដ្ឋសភា។ លើសពីនេះទៀត តំណាងរាស្ត្រមានតួនាទីជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពលរដ្ឋ។
លោក កន សាវាង្ស លើកឡើងថា តំណាងរាស្ត្រ គួរតែបង្កើនការចុះជួបពលរដ្ឋឱ្យបានច្រើន ហើយនាំយកបញ្ហាទុក្ខលំបាករបស់ពលរដ្ឋ និងការប្រតិបត្តិការងារខ្វះចន្លោះរបស់រដ្ឋាភិបាលទៅវែកញែកក្នុងរដ្ឋសភា ទើបជាការបំពេញតួនាទីបានត្រឹមត្រូវក្នុងនាមជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត លោកថា ប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត ក៏គួរតែចេះតាមដានការងាររបស់តំណាងរាស្ត្រដែរ ជាពិសេស ពលរដ្ឋត្រូវពិនិត្យមើល ថា តើតំណាងរាស្ត្រមានមុខទៅធ្វើអន្តរាគមន៍ ជួយរកដំណោះស្រាយជូនពលរដ្ឋទេ ពេលពួកគាត់មានជួបបញ្ហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
