លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងមិនខ្លាចប្រើកម្លាំងទ័ព ប្រសិនបើមានការឈ្លានពាន។
លោកថ្លែងបែបនេះ គឺសំដៅទៅលើស្ថានភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំក្នុងខេត្តឧត្តរមានជ័យ ជាទីដែលយោធាខ្មែរ និងយោធាថៃ ប៉ះទង្គិចសម្តីគ្នា រហូតដល់មានការព្រមានផ្ទុះអាវុធ។
«កុំយករឿងនយោបាយមកឡូកឡំគ្នា»
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលប្ដេជ្ញាចិត្ត ក្នុងការទទួលខុសត្រូវការពារអធិតេយ្យជាតិ ព្រមទាំងដោះស្រាយបញ្ហាព្រំដែនផ្អែកលើបច្ចេកទេស ច្បាប់ និងស្មារតីសហប្រតិបត្តិការ។
លោកស្នើឱ្យអ្នកនយោបាយមួយចំនួននៅកម្ពុជា និងអ្នកនយោបាយនៅប្រទេសថៃ កុំយករឿងនយោបាយមកឡូកឡំគ្នា រំខានដល់កិច្ចការងារដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ ដោយសន្តិវិធី។
លោក ហ៊ុន ម៉ាណែត៖«ថាយើងធ្លាប់មានប្រវត្តិជូរចត់តាំងពី២០០៨ លើ ២០១១ រួចទៅហើយ មិនចង់ឱ្យយកនយោបាយទៅឡូកឡំធ្វើឱ្យកើនស្មារតីជាតិនិយម ដែលយល់ខុស ធ្វើឱ្យស្លាប់ពីណា?គឺស្លាប់តែកងទ័ពយើង ហើយប្រជាពលរដ្ឋតំបន់នោះ ត្រូវជម្លៀសចេញទាំងអស់ ត្រូវបិទព្រំដែន។ ដូច្នេះ ការពារជាតិ និងទឹកដី យើងត្រូវធ្វើទាំងអស់គ្នា»។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រឱ្យនិស្សិតនៅសកលវិទ្យាល័យអាស៊ី-អឺរ៉ុប (Asia Euro University) នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ។
បញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ កម្រើកឡើងវិញ ក្រោយពីមាន ជម្លោះពាក្យសម្ដីរវាងយោធាខ្មែរ និងថៃនេះ កាលពីពេលថ្មីៗ នេះ នៅគ្រាដែលទាហាន និងពលរដ្ឋខ្មែរមួយក្រុម បានច្រៀងចម្រៀងជាតិខ្មែរ បទ «ដែនដីសុវណ្ណភូមិ» នៅបរិវេណប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ កុម្ភៈ។
ជាមួយគ្នានោះដែរ ទាហានថៃមួយក្រុម ដែលឈរជើងយាមនៅប្រាសាទតាមាន់ធំ បានរារាំងពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងជាតិ បង្ហាញពីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណប្រាសាទតាមាន់ធំនោះឡើយ។
បន្ធូរភាពតានតឹង
ទាក់ទងបញ្ហានេះដែរ អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា កាលពីថ្ងៃទី១៨ កុម្ភៈ បានចុះទៅដល់តំបន់ប្រាសាទតាមាន់ធំ ដើម្បីសម្របសម្រួលបន្ធូរភាពតានតឹងរវាងទាហានខ្មែរនិងថៃ។ ក្រោយជួបជាមួយភាគីថៃ លោក មាន ចាន់យ៉ាដា ឱ្យដឹងថា ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំបានវិលត្រឡប់ទៅធម្មតាវិញហើយ។
ចំណែកនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានសារ ព័ត៌មានថៃបាងកកប៉ុស្តិ៍(Bangkok Post) រាយការណ៍កាលពីថ្ងៃទី១៨ កុម្ភៈ ថា អ្នកស្រីមិនទាន់មានប្រតិកម្មខ្លាំងក្លា ចំពោះហេតុការណ៍កើតឡើងនៅតំបន់ប្រាសាទតាមាន់ធំនៅឡើយ។ អ្នកស្រីគ្រាន់តែបានឆ្លើយតបខ្លីៗ ទៅកាន់អ្នកកាសែតថា វាគ្មានបញ្ហាអ្វីទេ ហើយអ្នកស្រីថា នឹងធ្វើទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលឆាប់ៗ នេះ។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពន្យល់ថា ផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅលើភ្នំដងរែក គឺឋិតក្នុងទឹកដីរបស់ខ្មែរ។
អត្ថបទដែលទាក់ទង៖
មន្ត្រីយោធាថៃដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំ
ថៃនៅតែពន្យារពេលដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ
ស្ថានការណ៍នៅតំបន់ព្រះវិហារ បន្ទាប់ពីតុលាការអន្តរជាតិបកស្រាយសាលក្រម
នាយករដ្ឋមន្ត្រីថៃថា កម្ពុជានឹងមិនមានបញ្ហានឹងរឿងកោះគជ់ទេ
កម្ពុជាអាចទាមទារប្រាសាទតាមាន់ធំពីភាគីថៃ
លោក អ៊ុំ សំអាន ថា កម្ពុជាមានភស្តុតាង និងឯកសារគ្រប់គ្រាន់បន្សល់ទុកពីសម័យអាណានិគមបារាំង ដែលកម្ពុជាអាចទាមទារប្រាសាទទាំងនេះពីភាគីថៃ តាមយន្តការអន្តរជាតិ ដូចគ្នានឹងប្រាសាទព្រះវិហារដែរ។
លោក អ៊ុំ សំអាន៖«មុនឆ្នាំ២០០៨ គឺអត់មានថៃនៅតំបន់ប្រាសាទតាមាន់ទេ ហើយប្រាសាទតាក្របីក៏អត់មានដែរ។ ក៏ប៉ុន្តែ សង្គ្រាមខ្មែរ-ថៃ ឆ្នាំ២០០៨ ហ្នឹងគឺលោក ហ៊ុន សែន ចរចាដកទ័ពរៀងៗ ខ្លួនឱ្យថៃមកគ្រប់គ្រងប្រាសាទតាមាន់តូច តាំងពីពេលនោះតែម្ដងទៅ ហើយលោកគួរតែប្ដឹងករណីនេះទៅតុលាការអន្តរជាតិ ទាំងប្រាសាទតាមមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងកោះគជ់ គឺដឹងតែបានមកវិញហើយ មិនចាំបាច់ចំណាយកម្លាំងទ័ពតបតទេ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត គាំទ្រការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះដោយឈរលើស្មារតីជាតិនិយម ការពារបូរណភាពទឹកដី។ ក៏ប៉ុន្តែលោកលើកទឹកចិត្តប្រមុខរដ្ឋាភិបាលរូបនេះថា ត្រូវក្លាហានរៀបចំឯកសារ ប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ បូករួមទាំងករណីកោះគជ់ផងដែរ។
លោក ម៉ែន ណាត៖«សូមបញ្ជាក់ជូនលោក ហ៊ុន ម៉ាណែត ថាកុំបន្តការចរចាទ្វេភាគីតទៅទៀត ព្រោះវាអត់ប្រយោជន៍អីទេ។ ភាគីថៃ ដែលគេយកបានហើយ គេមិនឱ្យយើងវិញទេ ត្រូវចងចាំទុកក្នុងចិត្តទៅក្នុងនាមជាមេដឹកនាំ»។
ប្រាសាទតាមាន់ធំ កសាងឡើងក្នុងសតវត្សរ៍ទី១១ ដោយអតីតព្រះមហាក្សត្រខ្មែរក្នុងសម័យអង្គរ ឋិតលើជួរភ្នំដងរែក ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ខេត្តសុរិន្ទ (Surin) ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។